Friday, October 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបខារ៉ាអូខេរួមភេទ វ៉ៃខ្នោះថៅកែ រំដោះស្រីក្មេង១០នាក់

បង្ក្រាបខារ៉ាអូខេរួមភេទ វ៉ៃខ្នោះថៅកែ រំដោះស្រីក្មេង១០នាក់

ខេត្តកំពង់ធំ ៖ ទីតាំងហាងខារ៉ាអូខេ ចំនួន២កន្លែង ដែលបានលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឆ្មក់ចុះបង្ក្រាប ដោយឃាត់ខ្លួនថៅកែហាង ប្រុសស្រី ចំនួន២នាក់ និងរំដោះបាននារីរងគ្រោះ សរុបចំនួន១០នាក់ (អនីតិជន ២នាក់)។

ប្រតិបត្តិការឆ្មក់បង្ក្រាបហាងខារ៉ាអូខេបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងខារ៉ាអូខេ “ជំនោររីករាយ” និង ១ទីតាំងទៀត យីហោ “ម្លប់ស្វាយរដ្ឋា” ស្ថិតនៅក្បែរគ្នា ក្នុងភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក។

ថៅកែហាងខារ៉ាអូខេ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាប ទី១-ឈ្មោះគង់ សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ ជាម្ចាស់ហាងខារ៉ាអូខេ “ជំនោររីករាយ” និងទី២-ឈ្មោះម៉ូន ចាន់ថា ភេទស្រី អាយុ៤១ឆ្នាំ ជាម្ចាស់ហាងខារ៉ាអូខេ “ម្លប់ស្វាយរដ្ឋា”។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចារកម្ម ជ្រកក្រោមយីហោ “ជំនោររីករាយ” និង “ម្លប់ស្វាយ រដ្ឋា” ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរង បានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះគង់ សារ៉េត ភេទប្រុស ម្ចាស់ហាងខារ៉ាអូខេ “ជំនោរីករាយ” ២-ឈ្មោះម៉ូន ចាន់ថា ភេទស្រី  ម្ចាស់ហាង “ម្លប់ស្វាយរដ្ឋា”)។ ព្រមទាំងរំដោះនារីរងគ្រោះបានចំនួន ១០នាក់ ក្នុងនោះមានអនីតិជន ចំនួន២នាក់។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បន្តនីតិវិធីទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES