Saturday, October 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមសម្ញែងកាំភ្លើង ខឹងឡានធំស៊ីផ្លេដាក់

ប៉េអឹមសម្ញែងកាំភ្លើង ខឹងឡានធំស៊ីផ្លេដាក់

ខេត្តព្រះសីហនុ ៖ បុរសជាមន្ត្រីកងរាជអាវុធហត្ថ (ប៉េអឹម) ម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមានរថយន្តធុនធំ ១គ្រឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយប្រពន្ធ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានបើកវ៉ាជែងយានយន្តចំនួន ៣គ្រឿង ជាបន្តបន្ទាប់ រួចបានចុចស៊ីផ្លេលាន់ឮសំឡេងខ្លាំងៗ ធ្វើឱ្យបុរសជាមន្ត្រីអាវុធហត្ថខឹង ដកកាំភ្លើងកាន់ រួចជិះម៉ូតូបកក្រោយទៅតាមរថយន្តធុនធំ ដើម្បីសួរនាំ ក៏ត្រូវបានប្តីប្រពន្ធអ្នកបើករថយន្តធុនធំ ថតវីដេអូបង្ហោះតាមបណ្តាញសង្គម និងត្រូវបានអង្គភាពសម្រេចឃាត់ខ្លួន ដាក់វិន័យកងកម្លាំង។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់ ភេទប្រុស ជិះម៉ូតូ ១គ្រឿង ម៉ាក ADV ពណ’ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LG-8986 ពាក់មួកសុវត្ថិភាពអក្សរ (អ.ហ) ទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បានយកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មកគំរាមអ្នកទាំងពីរ ខណៈពេលបើកបរលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៥-១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅផ្ទុយគ្នា។

ជំនាញកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវ រកឃើញបុគ្គលពាក់ព័ន្ធ ឈ្មោះខាន់ នីរ៉ូត ឋានន្តរស័ក្តិព្រិន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងបានបញ្ជូនបុគ្គលនោះ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការ បន្តតាមនីតិវិធី។

ចំពោះដំណើររឿង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មានរថយន្តធំដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ បានបើកបរលើផ្លូវជាតិ លេខ៤ ឡើងវ៉ាជែងរថយន្ត ចំនួន៣គ្រឿង ចូលគន្លងផ្លូវបញ្ច្រាសទិស ហើយស៊ីប្លេឡានខ្លាំងៗដាក់បុគ្គលឈ្មោះខាន់ នីរ៉ូត ដែលកំពុងតែបើកបរម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា។ ពេលនោះបុគ្គលឈ្មោះខាន់ នីរ៉ូត អែបខាង ឈប់ម៉ូតូ បើកកែបម៉ូតូ យកកាំភ្លើងខ្លី ១ដើម កាន់នៅដៃ ជិះម៉ូតូត្រឡប់ទៅក្រោយ តាមរថយន្ត ប្រហែល៥០០ម៉ែត្រ ក៏ឃើញរថយន្តនោះអែបខាងឈប់ ហើយបុគ្គលឈ្មោះខាន់ នីរ៉ូត ក៏សួរអ្នកបើកបររថយន្តថា “បងឯងបើករថយន្តរបៀបម៉េច?” ខាងអ្នកបើកបររថយន្ត តបវិញថា “អ្នកឯងបើកម៉ូតូរបៀបម៉េច?” ហើយបុគ្គលឈ្មោះខាន់ នីរ៉ូត ក៏បើកបរម៉ូតូកាត់មុខរថយន្តនោះ ត្រឡប់ក្រោយវិញ មិនបានស្រែកគំរាមកំហែង ហើយក៏មិនបានលើកកាំភ្លើងខ្លីភ្ជង់ទៅអ្នកបើកបររថយន្តទេ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការសម្របសម្រួល ព្រមព្រៀងសូមទោសចំពោះទង្វើខុសឆ្គងនឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ របស់បុគ្គលឈ្មោះខាន់ នីរ៉ូត ជាមួយនឹងឈ្មោះថោង សេរីវិសិដ្ឋ និងឈ្មោះ ថន សុជាតិ នៅថ្ងៃកើតហេតុនោះរួចរាល់ហើយ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ទៀតថា បច្ចុប្បន្ន បុគ្គលឈ្មោះខាន់ នីរ៉ូត បាននិងកំពុងធ្វើការឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីទណ្ឌកម្មវិន័យកងកម្លាំង៕

RELATED ARTICLES