ខេត្តកោះកុង ៖ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការបង្ក្រាបករណីលួចនាំចូលសាច់បង្កក មកពីប្រទេសថៃ តាមទូក ដោយធ្វើការឃាត់ទូក ១គ្រឿង ព្រមទាំងមនុស្ស ចំនួន៣នាក់ និងដកហូតបានសាច់បង្កក ប្រមាណជិត ១តោន។

ការបង្ក្រាបករណីលួចនាំចូលសាច់បង្កក មកពីប្រទេសថៃ ដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឆ្នេរពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ចខេត្តកោះកុង បានចាប់ឃាត់ទូកដឹកសាច់បង្កក ពីប្រទេសថៃ តាមផ្លូវទឹក ចូលខេត្តកោះកុង ដែលបម្រុងដឹកជញ្ជូនទៅកាន់ព្រំដែនព្រែកចាកខេត្តកំពត ។

ការចុះបង្រ្កាបនេះ មានការចូលរួមពីអាជ្ញាធរខេត្តកោះកុង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមន្រ្តីចម្រុះ ។
លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ម្ចាស់ទូកដឹកអីវ៉ាន់ ឈ្មោះ អ៊ុក ណារ៉ូ និងជន សង្ស័យ ២នាក់ទៀត រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលបានដឹកទំនិញគេចពន្ធ ពីចំណុចផែខ្លងស្រ៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ដឹកជញ្ជូនបម្រុងឡើងទំនិញនៅព្រែកឆ្មាបាត់ ចូលតាមច្រកពាមក្រសោប ដោយមានរថយន្តចាំដឹកបន្ត ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្រ្កាបបានភ្លាមៗ។

ក្រោយពីការសាកសួរ ម្ចាស់ទូក បានសារភាពថា ពួកគេស៊ីឈ្នួលដឹកទំនិញពីថៃ ក្នុង១ជើង យកថ្លៃ ១២០០០បាត ទៅ ១៥០០០បាត ហើយទំនិញទាំងនោះ នឹងត្រូវដឹកជញ្ជូនបន្តទៅកាន់ព្រំដែនព្រែកចាក ខេត្តកំពត។ សកម្មភាពល្មើសរបស់ជនសង្ស័យ ធ្វើឡើងរយៈពេល ២ខែមកហើយ។

ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចរកឃើញមាន ក្តាមសកចំនួន២៩កេសតូចធំ ក្តាមបង្កក ៥កេស ជើងមាន់បង្កក ១២ កេស ស្មើនឹងទម្ងន់សរុបជាង ១តោន។ ក្រៅពីនេះ មានថ្នាំលាបពណ៌កំប៉ុង ថ្នាំសារធាតុប្រតិកម្មអាស៊ីដ កាហ្វេកញ្ចប់ ស្លឹកក្រ:ធុម ស្រោមដៃក្រណាត់ និងសំបកដបទឹក។
ទំនិញបង្កក ត្រូវបានដុតកម្ទេចចោលនៅល្ងាចថ្ងៃដដែល រីឯក្តាមសក ត្រូវបានលែងឲ្យរស់រានមានជីវិត នៅសហគមន៍ព្រៃកោងកាង ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច កាសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕