ខេត្តបាត់ដំបង ៖ រថយន្តខ្នាតយក្ស ដឹកស្រូវរាប់សិបតោន ១គ្រឿង កំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែអ្នកបើកបរងងុយដេក ងោក ១ភាំង ធ្វើឱ្យរេចង្កូតទៅបុករបាំងពុះចែកផ្លូវ ពេញទំហឹង ហើយរេចង្កូតក្រឡាប់ធ្លាក់ចូលស្រែល បណ្តាលឱ្យបុរសម្នាក់ ត្រូវគំនរបាវស្រូវសង្កត់ស្លាប់ និង៨នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវហាយវេ ស្ថិតក្នងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល។
លោកសេង លុច អធិការស្រុកថ្មគោល បានបញ្ជាក់ប្រាប់ថា រថយន្ត ១គ្រឿង ខាងលើ ដឹកស្រូវ ជាច្រើនតោន ហើយមានអ្នករួមដំណើរចំនួន៩នាក់ រាប់ទាំងអ្នកបើកបរផង ដែលទំនងជាក្រុមកម្មករលីស្រូវ។ រថយន្តខាងលើ ម៉ាកហ៊ីយាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-1236 បើកបរដោយយុវជនម្នាក់ឈ្មោះងឿ អាយុ២៣ឆ្នាំ រស់នៅឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)។ ដោយឡែក អ្នករួមដំណើរចំនួន ៨នាក់ ទៀត មានម្នាក់បានស្លាប់ក្រោមគំនរបាវស្រូវ ក្រៅពីនេះ រងរបួសធ្ងន់-ស្រាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តដឹកស្រូវ ធ្វើដំណើរពីត្បូង ទៅជើង រេចង្កូតពេញផ្លូវ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅបុករបាំងពុះចែកផ្លូវ ពេញ ទំហឹង ហើយរេចង្កូតក្រឡាប់ ធ្លាក់ចូលស្រែ ទាំងកំរោលតែម្តង ដោយចាក់បាវស្រូវពេញស្រែ ចំណែកអ្នករួមដំ ណើរ ខ្លះត្រូវបាវស្រូវសង្កត់ជាប់ តែអកុសល មានបុរសម្នាក់ បានស្លាប់ ដោយបាវស្រូវសង្កត់ រើមិនរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះអន្តរាគមន៍ និងចាត់បញ្ជូនជន រងគ្រោះដែលរងរបួសធ្ងន់-ស្រាល ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

បន្ទាប់ពីចុះធ្វើការវាស់វែងរួច សមត្ថកិច្ចជំនាញ បានវាយតម្លៃបឋមថា គ្រោះថ្នាក់នេះ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ឬអាចបណ្តាលមកពីអ្នកបើកបរងុយដេក ងោកមួយភាំង ព្រោះបើតាមសាក្សី និងតាមការពិនិត្យជាក់ស្តែង រថយន្តនេះ ពុំមានជួបឧបសគ្គអ្វីឡើយ គឺបង្កគ្រោះថ្នាក់ដោយខ្លួនឯង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕
