ភ្នំពេញ ៖ ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច លោកធន់ ដារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានចេញដីកា ចំនួន២ បង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន លើជនជាតិវៀតណាម ចំនួន២នាក់ គឺទី១-ឈ្មោះ PHAM VAN TIEP ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២-ឈ្មោះ TRINH XUAN LUC ភេទប្រុស អាយុ៣៤ឆ្នាំ នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដើម្បីបន្តនីតិវិធីរបស់តុលាការ។

ជនត្រូវចោទទាំងពីរនាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការអនុវត្តនីតិវិធីពិនិត្យពីបទឆបោកជាក្រុមមានការចាត់តាំង ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ពីបទអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្តីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ពីបទចូលមកដោយខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍។
សូមរំលឹកថា ជនត្រូវចោទទាំងពីរនាក់នេះ ស្ថិតក្នុងចំណោមបុរសជនជាតិវៀតណាម ចំនួន៦នាក់ ដែលសមត្ថ កិច្ចបានឃាត់ខ្លួនក្នុងពេលចុះ ប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅផ្ទះលេខ៥៩២ ផ្លូវលេខ៦៤៤ ភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
ការចុះប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយមានការដឹកនាំពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងដោយមានការសម្របសម្រួលនីតិវិធីផ្លូវច្បាប់ ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យ ធានាសណ្តាប់ធ្នាប់ សន្តិសុខ សម្រាប់ការស្នាក់នៅរបស់ជនបរទេស។
ចំពោះករណីខាងលើនេះដែរ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធក្នុងការបន្តស្រាវជ្រាវស៊ីឱ្យកាន់តែជម្រៅ ដោយផ្អែកលើវត្ថុតាង ដែលរឹបអូសបានពីទីតាំងប្រព្រឹត្តបទល្មើសក្នុងគោល បំណងឈានទៅកំណត់មុខសញ្ញា និងវែកមុខបណ្តាញ អង្គការចាត់តាំងនៅពីក្រោយសកម្មភាពល្មើសច្បាប់ទាំងនេះ ដើម្បីយកមេខ្លោងពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងដាច់ខាត។
ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោង និងបក្ខពួករបស់គេ សរុបចំនួន៧៧នាក់ ទៅ តុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕