Friday, October 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្អាករោងចក្រកែច្នៃស្បែកសត្វ បំពុលបរិស្ថាន

ផ្អាករោងចក្រកែច្នៃស្បែកសត្វ បំពុលបរិស្ថាន

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកដំណើរការផលិតកម្មរោងចក្រកែច្នៃស្បែកសត្វ មួយកន្លែង ក្រោយពីរកឃើញថា បានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជុំវិញតំបន់ ហើយការផ្អាករហូតដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេសឡើងវិញ។

តាមប្រភពរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោកឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះអនុវត្តលិខិតលេខ ៤៨២២/០៦២៥ ប.ស្ថ/អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន និងលិខិតលេខ៤៤៧/២៥ សជណ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលសម្រេចផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី KUBON (CAMBODIA) BIOTECHNOLOGY CO., LTD. ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ ជាក្រុមហ៊ុនកែច្នៃស្បែកសត្វ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរោងចក្ររបស់ក្រុមហ៊ុននេះ បានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជុំវិញតំបន់។

បន្ថែមពីនេះទៀត កន្លងមក ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ធ្លាប់បានធ្វើការណែនាំឱ្យកែតម្រូវ និងធ្វើការផាកពិន័យជាច្រើនលើកច្រើនសាមកហើយ តែក្រុមហ៊ុន នៅមិនមានការកែតម្រូវ។ ដូច្នេះការផ្អាកដំណើរការផលិតកម្មរោងចក្រនេះ គឺដើម្បីបញ្ឈប់នូវរាល់សកម្មភាពដែលអាចឈានទៅដល់ការបំពុលបរិស្ថាន បន្ថែមទៀត ហើយសង្វាក់ផលិតកម្មទាំងមូល នឹងត្រូវផ្អាករហូតដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេស ។

ក្នុងបេសកកម្មនេះ តំណាងក្រុមហ៊ុនបានចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំស្តារប្រព័ន្ធលូ និងអាងប្រព្រឹត្តិកម្ម ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន មុននឹងស្នើសុំបើកដំណើរផលិតកម្មឡើងវិញ៕

RELATED ARTICLES