Saturday, October 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះឃ្លាំងអេតចាយ ឆេះអេស្កា២ ឡាន១

ភ្លើងឆេះឃ្លាំងអេតចាយ ឆេះអេស្កា២ ឡាន១

ខេត្តបន្ទាយមានជ័យ ៖ ឃ្លាំងអេតចាយ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ដោយមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ប្រមាណជាង ៦០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចឃ្លាំងអេតចាយ ១កន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី ព្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល បានបញ្ជាក់ប្រាប់ថា អគ្គិភ័យបានឆាបឆេះឃ្លាំងអេតចាយ ១កន្លែង បណ្តាលឲ្យខូចខាតឃ្លាំងស្តុកអេតចាយទំហំ៤០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ មានម្ចាស់ឈ្មោះប៉ាល់ ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅចំណុចជិតវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះឃ្លាំងអេតចាយ អស់ទាំងស្រុង អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ទើបបង្កមានការឆាបឆេះឡើង បណ្តាលឲ្យឆេះខូចខាតសម្ភារៈ មានគ្រឿងចក្រប្រភេទអេស្ការវ៉ាទ័រ ចំនួន២គ្រឿង រថយន្តដឹក ១គ្រឿង និងម៉ាស៊ីនកៀប១គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី ព្រឹម សុផល បានបន្ថែមថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ ឆេះឃ្លាំងអេតចាយខាងលើ មានការចូលរួមពីកម្លាំងអន្តរាគមន៍ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ព្រមទាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៩គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ៦៣ ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន៕

RELATED ARTICLES