ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី ១ក្រុម ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀនស្រុកស្អាង ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៦នាក់ ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៩កញ្ចប់។

ការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀននេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង។
ជនសង្ស័យទាំង៦នាក់ (ស្រី៣នាក់) ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះភ្លី សារុះ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបារ៉េនលើ ឃុំស្វាយប្រទាល ស្រុកស្អាង (មានសារធាតុញៀន)។ ទី២-ឈ្មោះសៀង ផាន់នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង (មានសារធាតុញៀន)។ ទី៣-ឈ្មោះលី បូឡា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រៃសាលា ឃុំព្រៃសាលា ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (មានសារ ធាតុ ញៀន)។ ទី៤-ឈ្មោះសុខ សុវណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (មាន សារធាតុញៀន)។ ទី៥-ឈ្មោះចន ស្រីខួច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង (មានសារធាតុញៀន) និងទី៦-ឈ្មោះសាន់ សារ៉ាអេឡា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង (មានសារធាតុញៀន)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿង ញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន១- សារធាតុ ញៀន មេតំហ្វេតាមីន (ice) ចំនួន៩កញ្ចប់ ទម្ងន់ ៤០,៣៦ក្រាម។ ២-ទូរស័ព្ទ ចំនួន២គ្រឿង (ម៉ាក oppo១គ្រឿង និងម៉ាក realme ១គ្រឿង)។ ៣-ម៉ូតូ ចំនួន១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌សលឿង ពាក់ស្លាកលេខ កំពង់ ឆ្នាំង 1A-1254។ ៤-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។
ជនសង្ស័យទាំង៦នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕