Tuesday, October 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដេក បុកគូទគេ ស្លាប់ខ្លួនឯង

បើកឡានដេក បុកគូទគេ ស្លាប់ខ្លួនឯង

ខេត្តកំពង់ស្ពឺ ៖ រថយន្តធុនធំ ១គ្រឿង កំពុងបើកបរពេញល្បឿន នៅលើកំណាត់ផ្លូវល្បឿនលឿន ស្រាប់តែអ្នកបើកបរងងុយដេក ងោក១ភាំង ជ្រុលទៅបុកពីក្រោយរថយន្តធុនធំ ១គ្រឿងទៀត ដែលកំពុងបើកបរស្របទិស គ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់ រងរបួស និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកភាគីអ្នកបើកបររថយន្តម្ខាងទៀត បានចុះរត់គេចខ្លួនបាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នវ បានកើតឡើង កាលពីវេលាម៉ោង ១២និង០១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវល្បឿនលឿន ត្រង់ PK68+300 ស្ថិតនៅក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះគ្រី វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ជាអ្នកបើកបររថយន្ត)។ ចំណែកអ្នករួមដំណើរជាមួយ ដែលរងរបួស មានឈ្មោះសៀន សុវណ្ណថាវីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រីឯអ្នកបើកបររថយន្តម្ខាងទៀត មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3D-9050 បើកបរដោយឈ្មោះគ្រី វីរៈ និងរួមដំណើរដោយឈ្មោះសៀន សុវណ្ណថាវីន បានបើកបរតាមបណ្តោយផ្លូវល្បឿនលឿន ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្ត ១គ្រឿង ម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-0674 មានសណ្តោ ងកន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0282 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ  ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បានស្លាប់នៅនឹងកន្លែង ចំណែ កអ្នករួមដំណើរ រងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា តាមការពិនិត្យលើទីតាំងកើត ហេតុ មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ អាចមកពីរថយន្តខាងមុខ បើកបរមិនស្រប តាមល្បឿនកំណត់ ខណៈរថយន្តខាងក្រោយ មិនអាចគ្រប់គ្រងស្ថានការណ៍បាន ឬអាចងងុយដេក បាត់ម្ចាស់ ការ ឬមានការភ័ន្តភាំងដោយប្រការណាមួយ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងរួច បានអូសយកមធ្យោបាយបង្កហេតុគ្រោះថ្នាក់ទាំង២គ្រឿង (ខូច ខាតធ្ងន់ ១គ្រឿង និងស្រាល ១គ្រឿង) ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES