Wednesday, October 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផ្អាកអាជីវកម្មកុងស៊ីកាប់ជ្រូក ជះក្លិនស្អុយ

 ផ្អាកអាជីវកម្មកុងស៊ីកាប់ជ្រូក ជះក្លិនស្អុយ

ខេត្តបន្ទាយមានជ័យ ៖ ទីតាំងសត្តឃាតដ្ឋានសត្វជ្រូក ១កន្លែង ដែលបង្កជះក្លិនស្អុយរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញបសុពេទ្យ នៃមន្ត្រីកសិកម្មខេត្ត ចុះផ្អាកអាជីវកម្ម។

ការចុះផ្អាកអាជីវកម្មទីតាំងសត្តឃាតដ្ឋានសត្វជ្រូកនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុច ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្ត្រីអន្តរវិស័យ មន្ត្រីការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមពីភាគីម្ចាស់ទីសត្តឃាតផងដែរ។

លោកឃ្លោក នួយ បានបញ្ជាក់ថា ម្ចាស់ទីតាំងត្រូវផ្អាកសកម្មភាពពិឃាតសត្វ និងទុករយៈពេល២សប្តាហ៍ទៀត ឱ្យរុះរើ ព្រោះអាជ្ញាប័ណ្ណនៃទីសត្តឃាតនេះ បានផុតកំណត់តាំងពីឆ្នាំ២០២៤ ដោយរដ្ឋពុំបានអនុញ្ញាតឱ្យបន្តអាជីវកម្មលើទីតាំងខាងលើទៀតទេ។

លោកអភិបាលរង បានបញ្ជាក់បន្ថែមថា មូលហេតុដែលឈានដល់ការបិទទីតាំងសត្តឃាតនេះ ដោយសារតែមានបណ្តឹងពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្លិនស្អុយ និងសំឡេងរំខានដល់ពលរដ្ឋនៅជុំវិញ ទើបអាជ្ញាធរខេត្តសម្រេចបិទទីតាំងនេះតែម្តង។

គួរបញ្ជាក់ផងដែរថា ទីតាំងសត្តឃាតនេះ កន្លងមកនេះក៏មានធ្លាប់មាមបញ្ហាចម្រូងចម្រាសគ្នាជាមួយទីតាំងសត្តឃាតមួយទៀត លើសិទ្ធិក្នុងការប្រកបអាជីវកម្មដូចគ្នាផងដែរ៕

RELATED ARTICLES