ភ្នំពេញ ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានតុលាការថៃ ចេញដីកាចាប់ខ្លួន រឹបអូសទ្រព្យសម្បត្តិ ៣៦កន្លែង ក្នុងទីក្រុងបាងកក និងខេត្តត្រាត ដែលគិតជាទឹកប្រាក់ប្រមាណ ៤០០លានបាត ឬជាង ១២លានដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទលាងលុយកខ្វក់ ដែលបានមកពីទង្វើបោកប្រាស់តាមប្រព័ន្ធអនឡាញ។

យោងការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ដីការបស់តុលាការថៃ បានកំណត់មុខសញ្ញាមនុស្សចំនួន ៥នាក់ គឺលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា បុគ្គលឈ្មោះ ឆូកឆ័យ ស៊ូផាផា មនុស្សជំនិតរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងជនជាតិចិន ចំនួន ៣នាក់ ដែលមិនបញ្ជាក់អត្តសញ្ញាណ។ ក្រោយតុលាការថៃ បានចេញដីកាចាប់ខ្លួន ប៉ូលិសថៃ បានចុះទៅឆែកឆេរទី តាំងចំនួន ៣៦កន្លែង នៅក្នុងទីក្រុងបាងកក និងខេត្តត្រាត ប្រទេសថៃ។ នៅទីតាំងចុះឆែកឆេរទាំងនោះ ប៉ូលិសថៃ បានរឹបអូសឯកសារអចលនទ្រព្យខុនដូ ចំនួន ២កន្លែង ក្នុងទីក្រុងបាងកក និងដីមួយកន្លែង ដែលមានតម្លៃប្រមាណ ៥លានបាត ក្នុងខេត្តត្រាត រួមទាំងរថយន្តទំនើប ម៉ាក Mercedes-Benz មួយគ្រឿង និងប្រាក់ក្នុងគណនីធនាគារ ប្រមាណ ៨៨លានបាត ឬស្មើនឹង ២.៧លានដុល្លារ។
បើតាមប៉ូលិសថៃ ទ្រព្យសម្បត្តិដែលបានរឹបអូសសរុបទាំងអស់ មានប្រមាណ ៤០០លានបាត ឬជាង១២លានដុល្លារអាមេរិក ហើយទ្រព្យសម្បត្តិនោះ នឹងត្រូវរក្សាទុក ដើម្បីស៊ើបអង្កេតបន្ត។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត មកពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ របស់ថៃ ជឿជាក់ថា ទ្រព្យសម្បត្តិរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងបក្ខពួក គឺមានប្រភពមកពីការឆបោកតាមប្រព័ន្ធអ៊ីនធឺរណិត និងបានចោទប្រកាន់ថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងបក្ខពួក បានប្រព្រឹត្តិទង្វើលាងលុយកខ្វក់ តាមរយៈការបើកអាជីវកម្មនិងទិញអចលនទ្រព្យក្នុងប្រ ទេសថៃ។

ទោះបីយ៉ាងណា លោក ជា ធិ រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចាត់ទុកដីកាចាប់ខ្លួនសមាជិកព្រឹទ្ធសភាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ថាជាល្បែងនយោបាយប្រជាភិថុតិ របស់ភាគីថៃ ក្រោមចេតនាបន្ទោសបង្អាប់កិត្តិយសរបស់កម្ពុជា ។ ដូច្នេះកម្ពុជា គ្មានហេតុផលណាដើម្បីចាប់បញ្ចូនពលរដ្ឋខ្លួន ទៅឱ្យរដ្ឋបរទេសណា ឡើយ ហើយលោកថា គ្រប់ពលរដ្ឋខ្មែរទាំងអស់ ត្រូវបានការពារក្រោមច្បាប់រដ្ឋធម្មនុញ្ញ ។
ដោយឡែក លោកខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា បានលើកឡើងថា ការដេញរករឿងរបស់សៀម តាមរយៈការចេញដីកាចាប់ខ្លួនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ នេះ ធ្វើឲ្យលោកនឹកឃើញដល់រឿងដែលគេមិនទុកចិត្តសៀម ។
លោកខៀវ កាញារីទ្ធ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា “បន្ទាប់ពីកាច់ឧកញ៉ា កុក អាន និងកូនចៅហើយ ពេលនេះអាជ្ញាធរសៀម បានចេញដីកាឲ្យចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត់ (ក្នុងរូប) និងលោក Chokchai Suphapa ព្រមទាំងរឹបអូសផ្ទះសម្បែង និងគណនីធនាគារ ដែលឧកញ៉ា លី យ៉ុងផាត់ មាននៅប្រទេសសៀម ថែមទៀត នៅក្រោមបទចោទប្រកាន់ជាច្រើន ។ ឃើញការដេញរករឿងរបស់សៀម នេះ ទើបខ្ញុំនឹកឃើញកាលពីទសវត្សរ៍៨០ អ្នកដែលចេញមុខសកម្មគាំទ្រសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្រជិះយន្តហោះកាត់តាមស្រុកសៀម ណាស់ គឺគេជិះមកចុះនៅអាកាសយានដ្ឋានតាន់សឺនញ៉ិត នៅព្រៃនគរ រួចបានជិះយន្តហោះ បន្តមកខ្មែរ ។ ដល់ខ្ញុំសួរ ពួកគេប្រាប់ថា អត់ទុកចិត្តសៀម ទេ ឲ្យតែវាយប្រហារសៀមខ្លាំង ពេលឆ្លងកាត់អាកាសយានដ្ឋានបាងកក (កាលនោះជាអាកាសយានដ្ឋានដនមឿង ) សៀម អាចលួចញាត់គ្រឿងញៀន តែបន្តិច អាចមានលេសចាប់ខ្លួនពួកគេភ្លាម ហើយទម្រាំរួចខ្លួន ចង់កោរសក់!“ ។
គួររម្លឹកថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ទើបតែត្រូវបានរដ្ឋាភិបាលថៃ សម្រេចដកសញ្ជាតិថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ការសម្រេចនេះ បន្ទាប់ពីរដ្ឋាភិបាលថៃ បានចោទប្រកាន់ថា សមាជិកព្រឹទ្ធសភាកម្ពុជា និងជាអ្នកជំនួញដ៏មានឥទ្ធិពលនៅកម្ពុជា រូបនេះ ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ តាមបណ្តោយព្រំ ដែនកម្ពុជា-ថៃ។

លោកអ្នកឧកញ៉ាលី យ៉ុងផាត់ មានឈ្មោះជាភាសាថៃ ថា ផាត់ ស៊ូផាផា ។ លោកត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ រាយការណ៍ថា មានទ្រព្យសម្បត្តិក្នុងដៃ ប្រមាណ ៥០០លានដុល្លារអាមេរិក។ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មានក្រុមហ៊ុនធំមួយ ឈ្មោះ L.Y.P Group Co.,LTD ហើយក៏មានជំនួញជាច្រើនផ្សេងទៀតដូចជា សណ្ឋាគារ រមណីយដ្ឋាន កាស៊ីណូ និងក្រុមហ៊ុនថ្នាំជក់ ជាដើម ៕ កុលបុត្រ