Saturday, November 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម៣ពាន់ដុល្លារ ស៊ីឈ្នួលសម្លាប់មនុស្ស

៣ពាន់ដុល្លារ ស៊ីឈ្នួលសម្លាប់មនុស្ស

ខេត្តឧត្តរមានជ័យៈ ជនដៃដល់បានទទួលប្រាក់ ចំនួ៣ពាន់ដុល្លារ ជាថ្នូរនឹងការសម្លាប់បុរសម្នាក់ លុះក្រោយពីធ្វើសកម្មភាពចាក់សម្លាប់ ជនរងគ្រោះរួចហើយ បានព្យាយាមរត់គេចខ្លួនអស់រយៈពេល ៨ឆ្នាំ ទីបំផុតឈាមស្រែកស្បែកហៅ ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។ករណីស៊ីឈ្នួលសម្លាប់មនុស្សនេះ បានកើតឡើង កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លុះ៨ឆ្នាំក្រោយ  ពោលគឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបកម្លាំងជំនាញអាវុធហត្ថ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនដៃដល់បានម្នាក់ នៅក្នុងព្រៃ ១កន្លែង ស្ថិតក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ជនសង្ស័យជាឃាតករស៊ីឈ្នួល ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ាប ធី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅឃុំអន្លង់វែង ស្រុកអន្លង់វែង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកអន្លង់វែង បានស្រាវជ្រាវឃាត់ជនដៃដល់ជាឃាតករស៊ីឈ្នួលសម្លាប់មនុស្សនៅខេត្តកណ្តាល បានម្នាក់ ស្ថិតនៅក្នុងព្រៃ ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ  ព្រមទាំងដកហូតបានវត្ថុតាង រួមមាន អាវុធម៉ាក K59 ចំនួន១ដើម និងគ្រប់ចំនួន៦គ្រាប់។

ប្រភពដដែល បន្តថា ជនសង្ស័យខាងលើ ជាមុខសញ្ញាស៊ីឈ្នួលសម្លាប់មនុស្ស កាលពី៨ឆ្នាំមុន (ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥)   នៅចំណុចភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងតម្លៃ ៣០០០​ដុល្លារ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា នៅមានបក្ខពួករបស់គេ ២នាក់ផ្សេងទៀត ដែលកំពុងតែលាក់ខ្លួននៅក្នុងព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ នៅភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ហើយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។

យ៉ាងណា សមត្ថកិច្ចនៅមិនទាន់បង្ហើបឱ្យដឹងពីតម្រុយជនដៃដល់ដែលជាអ្នកជួលឃាតករឱ្យសម្លាប់មនុស្សនៅឡើយទេ។

ជនសង្ស័យជាឃាតករស៊ីឈ្នួលខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចមាត់ព្រែកដូង ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ដោយសាកសពបុរសម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមរបួសពេញខ្លួន និងហាក់ចាប់ផ្តើមមានក្លិនស្អុយទៅហើយ។

សមត្ថកិច្ចប៉ុស្តិ៍កំពង់ចម្លង បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឈ្មោះប៉ែន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្បួងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល និងឈ្មោះអឿន ប៊ុនធឿន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជាមួយគ្នា និងម្នាក់ទៀតឈ្មោះហុង យូឡុង ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិជាមួយគ្នា បាននាំគ្នាមកបង់សំណាញ់នៅកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះខាងលើ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ចម្លង តែម្តង។

លោកអ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្តាល ឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសព សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ តែមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ សាកសពមានកស់ ១,៦០ម៉ែត្រ សម្បុរស មានស្នាមចាក់សាក់ នៅក​ជើងទាំងពីរ និងនៅកំភួនដៃទាំងសងខាង។ សពស្លៀកខោជើងវែង ពណ៌ប្រផេះ ពាក់អាវរងា ដៃវែងខាងក្រៅ ពណ៌គគីរ និងពាក់អាវខាងក្នុងដៃវែងឆ្នូតល្អិត ពណ៌ខៀវស មានពាក់ស្បែកជើងជ័រស៊កពណ៌ខ្មៅ។ ជនរងគ្រោះ ដេកស្លាប់ផ្កាប់មុខ បែរក្បាលទៅទិសខាងជើង និងមានស្លាកស្នាមរបួសជាច្រើនកន្លែងផងដែរ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះអាចត្រូវជនដៃដល់ចាក់សម្លាប់នៅនឹងកន្លែង ប្លន់ម៉ូតូ៕

RELATED ARTICLES