Wednesday, November 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបទល្មើសឆបោកតាមទូរស័ព្ទ ២ខែ ២០០ករណី បោកជាង៨០ម៉ឺនដុល្លារ

បទល្មើសឆបោកតាមទូរស័ព្ទ ២ខែ ២០០ករណី បោកជាង៨០ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ស្ថាប័នធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរស័ព្ទ និងបណ្តាញទំនាក់ទំនងសង្គម។

ការស្នើរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងនៅក្នុងវេទិកាធិបតីនៃពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាល ទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & មូន រីវើរសាយ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ត្រង់ៗ ដោយលើកយកសំណុំករណីបោកប្រាស់តាមមធ្យោបាយទូរស័ព្ទនិងបណ្តាញទំនាក់ទំនងសង្គម ក្នុងរយៈពេល ២ខែចុងក្រោយនេះ ក្រសួងមហាផ្ទៃ បានទទួលបណ្តឹងប្រមាណ ២០០បណ្តឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារ ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគាររបស់ជនល្មើស។

លោកបានមានប្រសាសន៍បន្តថា រូបភាពនៃការបន្លំបោកប្រាស់ទាំងនោះ ដូចជាការបន្លំខ្លួនធ្វើជាមន្ត្រីធនាគារឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយជនខិលខូច បានទំនាក់ទំនងទូរស័ព្ទទៅជនរងគ្រោះ ដោយបន្លំថា ទាក់ទងដើម្បីផ្តល់រង្វាន់សំណាង ប៉ុន្តែបានតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ ជាមុន។ ករណីខ្លះទៀត ជនខិលខូចបានបន្លំបោកប្រាស់តាមរយៈការទិញ-លក់ទំនិញបញ្ចុះតម្លៃ ដោយតម្រូវឱ្យអតិថិជន ជាជនរងគ្រោះ ផ្ញើប្រាក់ទៅខ្លួនជាមុន ប៉ុន្តែទីបំផុតបានទទួលប្រាក់ហើយ ក៏បិទផ្តាច់ទំនាក់ទំនង ខណៈករណីខ្លះ ជនល្មើសបានបន្លំលួចចូលគណនីធនាគាររបស់ជនរងគ្រោះ ដើម្បីធ្វើសកម្មភាពដកឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ផ្តើមចេញពីក្រសួងមហាផ្ទៃ ទៅតែម្តង ដែលលោកបានណែនាំឱ្យអង្គភាពជំនាញ រៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ ដូចបានបញ្ជាក់ខាងលើនេះ។ តាមរយៈយន្តការនេះ លោកបានអះអាងថា មន្ត្រីជំនាញប្រចាំការ នឹងធ្វើការងារនេះ ២៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីសហការជាមួយតំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងករណីទទួលបានបណ្តឹងពីជនរងគ្រោះ ក្នុងនោះក៏រួមទាំងសហការស្នើសុំបង្កកប្រាក់ក្នុងគណនីជនល្មើស ជាដើម។

លោកមានប្រសាសន៍ថា “បើមានរឿងអ្វី យើងអាចជជែកគ្នា និងធ្វើការជាមួយគ្នាបន្ទាន់។ ករណីខ្លះកើតមាននៅថ្ងៃសៅរ៍ ឬអាទិត្យ ដូច្នេះទម្រាំមន្ត្រីយើងចូលធ្វើការ សាច់ប្រាក់នោះ ត្រូវបានបង្វិល ឬដកប្រើប្រាស់រួចរាល់បាត់ទៅហើយ។ ដូច្នេះយើងត្រូវការដោះស្រាយភ្លាមៗ ហើយកងកម្លាំងជំនាញរបស់យើង ត្រូវការតំណាងស្ថាប័នធនាគារ សហការ ព្រោះដំណាក់កាលនេះ ឈានចូលដល់សមត្ថកិច្ចរបស់ស្ថាប័នសាមី ទាំងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”៕

RELATED ARTICLES