ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន៣នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដោយខុសច្បាប់ រហូតដល់មានឡានទំនើបជិះ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវបង្ក្រាបបាន ជាបន្តបន្ទាប់ ដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៤កញ្ចប់ ព្រមទាំងអាវុធខ្លី ចំនួន ២ដើម។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ប្រាប់ថា ដោយមាន ការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបានបញ្ជាឱ្យមន្ទីរស្រាវ ជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿង ញៀន ចុះប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់ នៅភូមិព្រៃក្តួច ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍សេង មហា បានបន្តថា លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ បានបន្តពន្លាតដែនសមត្ថកិច្ចទៅដល់ខេត្តកំពង់ស្ពឺ ដោយសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ ចុះបង្ក្រាបនៅចំណុចភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផល កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះភា ប៉ាក់ទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្លូវលោក ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់។ ទី២-ឈ្មោះយិន រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឫស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ និងទី៣-ឈ្មោះហម សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងដកហូត រួមមាន ១-ម្សៅក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ ទម្ងន់៣៥,៤៩ក្រាម (ថ្លឹងទាំងសំបកថង់)។ ២-អាវុធខ្លី ចំនួន ២ដើម (ម៉ាក Lock 19 និងម៉ាក PATA) បង់ចំនួន៣ និងគ្រាប់ចំនួន១៨១គ្រាប់។ ៣-ទូរស័ព្ទ ចំនួន៤គ្រឿង។ ៤-រថយន្ត ចំនួន២គ្រឿង។ ៥-ម៉ូតូ ចំនួន៣គ្រឿង។ ៦-ស្លាកលេខរថយន្ត ចំនួន២សន្លឹក។ ៧-ប្រអប់ដាក់អាវុធខ្លី ចំនួន២។ ៨-សម្ភារៈវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀន មួយចំនួន។
នៅចំពោះមុខមន្ត្រីសមត្ថកិច្ចជំនាញ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានរកស៊ី និងប្រើប្រាស់គ្រឿងញៀន ប្រាកដមែន ។
ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធី៕