ភ្នំពេញៈ ក្មេងទំនើងចំនួន១៣នាក់ ត្រូវបានកម្លាំងល្បាតនគរបាលខណ្ឌសែនសុខឃាត់ខ្លួនធ្វើកិច្ចសន្យាអប់រំ ព្រមទាំងដកហូតម៉ូតូចំនួន ៨គ្រឿង ទុករយៈពេលចំនួន៣ខែ បន្ទាប់ពីជិះម៉ូតូប្រដេញគ្នា និងបង្ហោះម៉ូតូទាំងកណ្តាលយប់ ។

តាមប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខ បានឱ្យដឹងថា កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតពួនស្ទាក់បង្ការបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន រហូតដល់ម៉ោងប្រហែល១និង១០នាទីរំលង អធ្រាត្រថ្ងៃដដែល ក៏បានជួបក្មេងៗស្ទាវមួយក្រុម មានគ្នាប្រហែល៣០ម៉ូតូ បានធ្វើការបង្ហោះម៉ូតូ នៅត្រង់ចំណុចមុខធនាគារជាតិ តាមផ្លូវ ភ្នំពេញហាណូយ សង្កា ត់ភ្នំពញថ្មី ខណ្ឌសែនសុខ ហើយក៏ត្រូវបានកម្លាំងល្បាតឃាត់បានចំនួន១៣នាក់ យកមកកាន់អធិការដ្ឋាននគរ បាល ខណ្ឌសែនសុខ។

បន្ទាប់ពីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបាន សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន នៅក្នុងទឹកនោម ជាលទ្ធផលអវិជ្ជមាន ទាំងអស់។

ក្រុមក្មេងទំនើងទាំង១៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំឱ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែក ម៉ូតូចំនួន៨គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋានខណ្ឌរយៈពេល៣ខែ ។ បើនៅតែមិនរាងចាល ប្រព្រឹត្តលើកទី២ ត្រូវឃាត់ទុករយៈពេល៦ខែ៕


