ខេត្តស្វាយរៀង ៖ ជនជាតិចិន ម្នាក់ បានកើតមានទាស់ពាក្យសម្តីគ្នាជាមួយសន្តិសុខកាស៊ីណូ រួចដកកាំភ្លើង គំរាមសន្តិសុខ ស្រាប់តែរៀលកៃ ត្រូវខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៦និង១០នាទីព្រលប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅមុខកាស៊ីណូកញ្ចក់ តាមផ្លូវជាតិលេខ១ ជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
លោកអធិការនគរបាលក្រុងបាវិត បានបញ្ជាក់នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា ករណីផ្ទុះអាវុធ ចំនួន២គ្រាប់នេះ គឺជាករណីរៀលកៃកាំភ្លើងខ្លី ហើយមូលហេតុដែលនាំឱ្យមានការផ្ទុះអាវុធនេះ គឺផ្តើមឡើងពីជនជាតិចិន ម្នាក់ មានជម្លោះពាក្យសម្តីជាមួយសន្តិសុខកាស៊ីណូ ពីរឿងចតរថយន្ត ហើយស្រាប់តែរៀលកៃកាំភ្លើងខ្លី ផ្ទុះចំនួន២គ្រាប់ ត្រូវខ្លួនឯង របួសធ្ងន់ ដេកដួលនៅលើឥដ្ឋតែម្តង។
ប្រភពដដែល បន្តថា មុនដំបូង មហាជនបានដាក់ការសង្ស័យថា ជនជាតិចិន ឈ្លោះគ្នា ហើយបាញ់ប្រហារគ្នា ទើបបណ្តាលឱ្យជនជាតិចិន ម្នាក់របួស។ លុះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យ និងសាកសួរសន្តិសុខនៅយាមកាស៊ីណូ បានប្រាប់ថា ជាករណីរៀលកៃកាំភ្លើងខ្លួនឯង ត្រូវ១គ្រាប់ និង១គ្រាប់ ទៀត ឃើញក្បាលគ្រាប់ធ្លាក់នៅជិតកន្លែងកើតហេតុ ហើយកាំភ្លើងខ្លី នៅជិតដៃជនរងគ្រោះ។
ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់ជនជាតិចិន ដែលរងរបួសធ្ងន់នោះ ទៅឱ្យក្រុមគ្រូពេទ្យ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសាររបួសធ្ងន់ ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ។
ចំណែកកាំភ្លើងខ្លី ១ដើម ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្ត ចាត់ការតាមនីតិវិធី ។

ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨ៈ៣០នាទី នៅចំណុចខាងមុខកាស៊ីណូវីននីសទៀន (កាស៊ីណូកញ្ចក់) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានករណីផ្ទុះអាវុធបានកើតឡើង បណ្តាលឲ្យរងរបួសជនជាតិចិន ០១នាក់ ប្រុស និងមានអាវុធខ្លី ០១ដើម ម៉ាក Glock22 ពណ៌ខ្មៅ និងមានក្បាលគ្រាប់ធ្លាក់ក្បែរកន្លែងកើតហេតុ។ ភ្លាមនោះ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានអ្នករងរបួសម្នាក់ កំពុងដេកដួលលើដី (អាចនិយាយនិងកម្រើកបាន) សមត្ថកិច្ចក៏បានហៅរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។
តាមការសាកសួរព័ត៌មានបឋមពីសន្តិសុខនៅកន្លែងកើតហេតុ បានឆ្លើយថា មុនពេលកើតហេតុ ជនជាតិចិន នោះ បានចុះពីរថយន្ត គោលបំណងដើរចូលមកក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខ មិនអនុញ្ញាតឱ្យចូល ដោយសារ ចតរថយន្តមិនត្រូវចំណត (កន្លែងមិនអនុញ្ញាតឱ្យចត) ពេលនោះជនជាតិចិន បានដកអាវុធខ្លី ពីចង្កេះ ក៏បានរៀលកៃ ផ្ទុះគ្រាប់កាំភ្លើង នៅចង្កេះ បណ្តាលឱ្យរងបួសខ្លួនឯងតែម្តង។

ជនជាតិចិន ខាងលើ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមានកម្លាំងនគរបាលការពារផងដែរ។ ស្នងការដ្ឋាននគរបាលខេត្ត កំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវករណីនេះ រកប្រភពអាវុធ ដើម្បីចាត់ការតាមនីតិវិធី៕