ខេត្តស្ទឹងត្រែង ៖ បុគ្គលិកក្រុមហ៊ុនផ្តល់កម្ចីប្រចាំថ្ងៃ (លុយរាប់) ម្នាក់ បានចុះទៅទារប្រាក់ ពីកូនបំណុល លុះទៅដល់ មិនជួបកូនបំណុល បែកគំនិតរឹបអូសយកអង្ករ និងជញ្ជីង របស់កូនបំណុល ទីបំផុតត្រូវបានកម្លាំងកង រាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ទោ ហ៊ាន សុវណ្ណារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត បានបញ្ជាក់ថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ (កូនបំណុល) កាលពី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដោយជនរងគ្រោះ បានចោទ ប្រកាន់ថា ជនសង្ស័យ បានចូលទៅក្នុងផ្ទះ របស់ខ្លួន ហើយយកអង្ករ និងជញ្ជីង ខណៈគ្មានអ្នកនៅផ្ទះ។

ក្រោយទទួលបានពាក្យបណ្តឹងខាងេលី លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត បានបញ្ជាកម្លាំងជំនាញ ដឹកនាំដោយលោកហ៊ាន សុវណ្ណារិទ្ធ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះជា ចាន់និរោធ ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនកម្ចីភូមិ មួយកន្លែង។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចគីឡូ២ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈកំពុងដើរប្រមូលលុយ ពីកូនបំណុលផ្សេងទៀត។
ក្រោយការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកអង្ករ និងជញ្ជីងចេញពីផ្ទះកូនបំណុល ប្រាកដមែន ដោយមានគោលបំណងរក្សាទុក រង់ចាំកូនបំណុលយកលុយមកលោះយកសម្ភារៈវិញ។លោកសេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការក្រើនរំលឹកយ៉ាងដាច់ អហង្ការ ដល់បណ្តាអ្នករកស៊ីលុយរាប់ទាំងអស់ ទោះមានច្បាប់ ឬអត់ច្បាប់ក្តី “កុំចេះតែហ៊ាន កាលណាចូលយករបស់របរ សម្ភារៈក្នុងផ្ទះគេ វាជាបទល្មើសព្រហ្មទណ្ឌ ដែលជាបទលួច និងបទរំលោភលើលំនៅឋានទៀតផង”។ បទលួច ៖ ការដកហូតយកទ្រព្យសម្បត្តិរបស់អ្នកដទៃដោយអំពើទុច្ចរិត ។ បទរំលោភលើលំនៅឋាន ៖ ការចូលទៅក្នុងផ្ទះ ឬកន្លែងរស់នៅរបស់បុគ្គលណាមួយ ទោះជាបណ្តោះអាសន្នក៏ដោយ ដោយគ្មានការអនុញ្ញាតពីម្ចាស់។ ករណីទាំងនេះ សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ។

ទោះបីជាមានការណែនាំពីសំណាក់លោកអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឱ្យក្រុម ហ៊ុនផ្តល់កម្ចីទាំងឡាយ ត្រូវទៅបំពេញបែបបទចុះបញ្ជីតាមច្បាប់ ឱ្យបានគ្រប់គ្រាន់ក្តី ប៉ុន្តែគេសង្កេតឃើញថា ក្រុមហ៊ុនដាក់កម្ចីលុយរាប់ ប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ ដែលយកការប្រាក់ខ្ពស់កប់ពពក នៅតែបន្តសកម្មភាពយ៉ាងគឃ្លើនដដែល។
គួររំលឹកថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានធ្វើលិខិតអញ្ជើញក្រុមហ៊ុនកម្ចីលុយរាប់ ចំនួន៩ក្រុមហ៊ុន ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀត ឱ្យចូលមកស្តាប់ការណែនាំ ដើម្បីទៅធ្វើច្បាប់ ស្របតាមគោលការណ៍ ក្រោយការសម្របសម្រួលពីលោកស៊ីន សុខហ៊ឹង ព្រះរាជអាជ្ញារង។

បច្ចុប្បន្ន ជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុនកម្ចីលុយរាប់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធី៕