ខេត្តកណ្តាល ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ថា សមត្ថកិច្ចស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូ ឃាត់ខ្លួនបានចំនួន៨នាក់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ ធ្វើឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល។
ក្មេងទំនើងទាំង៨នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផល សុភានិត ហៅជូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល។ ទី២-ឈ្មោះសៀង សំណាង ហៅអ៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល។ ទី៣-ឈ្មោះខេន រដ្ឋធានី ហៅពែក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល។ ទី៤-ឈ្មោះផន សូវីត ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល។ ទី៥-ឈ្មោះខ្លឹង សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ទី៦-ឈ្មោះនិន សុផានុ ហៅនុ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ នៅភូមិសុខាភិរម្យ ឃុំលំហាច ស្រុកអង្គស្នួល។ ទី៧-ឈ្មោះសួង តេជពលៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល និងទី៨-ឈ្មោះរ៉ាន ភារុន ហៅបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូ ចំនួន៤គ្រឿង (១-ម៉ូតូម៉ាកហុដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន 6418024 ពាក់ស្លាកលេខ ភ្នំពេញ 1JX-4684។ ២-ម៉ូតូម៉ាកហុដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០២៤ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន 0095237 ពាក់ស្លាកលេខ ក្រចេះ 1G-3418។ ៣-ម៉ូតូម៉ាកហុដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០២៤ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន 0187868 ពាក់ស្លាកលេខ កណ្តាល 1T-1215។ និង៤-ម៉ូតូម៉ាកស៊ុយស៊ូគី និច ផលិតឆ្នាំ២០២១ ពណ៌សលាយខៀវ លេខម៉ាស៊ីន 365587 ពាក់ស្លាកលេខ កណ្តាល 1AO-3709)។
សមត្ថកិច្ចស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច សហការជាមួយកម្លាំងប្រជាការពារភូមិ ចេញល្បាតក្នុងភូមិសាស្ត្រ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានក្មេងទំនើង មួយក្រុម កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន បានចុះទៅដល់កន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យ ចំនួន៨នាក់ និងវត្ថុតាង ម៉ូតូ ៤គ្រឿង យកទៅអធិការដ្ឋាននគរ បាលស្រុកអង្គស្នួល ដើម្បីសាកសួរ។

ចំពោះមុខសមត្ថកិច្ច បក្ខពួកជនសង្ស័យទាំង៨នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះនៅតាមផ្លូវសាធារណៈប្រាកដមែន ហើយកន្លងមក ពួកខ្លួនធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមផ្លូវសាធារណៈ ជាច្រើនលើកមកហើយដែរ។
ករណីខាងលើនេះ កម្លាំងផ្នែកជំនាញ បានអប់រំរយៈពេល ៣៦ម៉ោង ទៅ៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ និងអញ្ជើញក្រុមគ្រួសារ មកអប់រំ ធ្វើកិច្ចសន្យារំ។ រីឯម៉ូតូ ត្រូវបានរក្សាទុករយៈពេល ៩០ថ្ងៃ៕