ភ្នំពេញ ៖ បុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ នៅពេលយប់ លុះកម្លាំងសមត្ថកិច្ចមូលដ្ឋានល្បាតប្រទះឃើញសង្ស័យ ក៏ឃាត់សាកសួរ ស្រាប់តែជនសង្ស័យ មិនព្រមឈប់ និងព្យាយាមជិះគេច ទើបសមត្ថកិច្ចបានប្រដេញតាមឃាត់ ត្រូវជនសង្ស័យដកកាំភ្លើងខ្លី បាញ់ទៅលើសមត្ថកិច្ច ជាច្រើនគ្រាប់ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចេញអន្តរាគមន៍ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខសាលាឯកជន មួយកន្លែង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចេញល្បាតនិងត្រួតពិនិត្យក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញបុរសម្នាក់ គួរឱ្យសង្ស័យ ក៏ធ្វើការឃាត់និងសាកសួរ ប៉ុន្តែជនសង្ស័យ មិនបានឈប់ម៉ូតូទេ ក៏បានព្យាយាមជិះគេចខ្លួនតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការប្រដេញតាមពីក្រោយ ចាប់ពីមុខសាលាឯកជនមួយកន្លែង នៅផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ក្រោមស្ពានជ្រោយចង្វា ជនសង្ស័យបានធ្វើសកម្មភាពផ្តួលម៉ូតូចោល រួចដកកាំភ្លើងខ្លី ពីចង្កេះខោ បាញ់សំដៅសមត្ថកិច្ចជាច្រើនគ្រាប់ ហើយព្យាយាមរត់គេចខ្លួនដោយថ្មើរជើង។អ្នកឃើញហេតុការណ៍ បានបន្ថែមថា ជនសង្ស័យបានបាញ់ទៅលើសមត្ថកិច្ច រួចបោះកាំភ្លើងខ្លីនោះចោល ហើយរត់សំដៅទៅរង្វង់មូលកួចកាណុង តែត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមពីក្រោយ រហូតឃាត់ខ្លួនបានតែម្តង។

គួរបញ្ជាក់ថា ករណីបាញ់ទៅលើសមត្ថកិច្ចខាងលើនេះ មិនបានបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរនាំ និងស្រាវជ្រាវប្រវត្តិរូប រួចក៏បានកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕
