ភ្នំពេញ ៖ ហាងលក់បាយ មួយកន្លែង យីហោ «ចែម៉ៅ» ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងលក់បាយចែម៉ៅ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។

ហាងលក់បាយដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទសំណង់ធ្វើពីដែក បាំងស័ង្កសី ប្រក់ស្បូវមាន ទំហំ១៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ មានម្ចាស់ឈ្មោះ ចន ស្រីម៉ៅ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅទីតាំងកើត ហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលភ្ញៀវកំពុងអង្គុយលេងនៅអង្រឹង និងញ៉ាំបាយ ស្រាប់តែឃើញមានភ្លើងបានឆាបឆេះដំបូលស្បូវហាង បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក ភ្ញៀវ និងអ្នកជិតខាងនាំគ្នារត់ចេញ និងខ្លះជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏ប្រញាប់ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយ អន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះរាលដាល។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង របស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹក អស់១គ្រឿង ស្មើនឹង ៦ម៉ែត្រគូប។

ចំពោះសំណង់រងគ្រោះ គឺជាប្រភេទស័ង្កសីប្រក់ស្បូវ ទំហំ ១៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ ឆេះខូចខាត ដំបូលប្រក់ស្បូវអស់បន្តិចបន្តួច តែពុំបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់ចប់ នៅម៉ោង១០និង២៥នាទីព្រឹក ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕