ខេត្តឧត្តរមានជ័យ ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ជនភៀសសឹក ចូលរួមដាំដុះបន្លែបង្ការរួមផ្សំគ្នា ដើម្បីធានាការផ្គត់ផ្គង់ស្បៀង មិនចាំបាច់តែជំនួយពីសប្បុរសជននោះទេ។លោកអភិបាលខេត្តរមានជ័យ បានអំពាវនាវបែបនេះ ស្របពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងស្ថាន ភាពដ៏តានតឹង ដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា ហើយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកអភិបាលខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យមើលស្ថានភាពជីវភាពរស់នៅ ដីមួយកន្លែង នៅក្បែមណ្ឌលសុវត្ថិភាព ដើម្បីរៀបចំឱ្យជនភៀសសឹក មានឱកាសដាំដុះ បន្លែបង្ការបន្ថែមរួមគ្នា ដើម្បីធានាបាននូវជីវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ម្ហូបអាហារ និងរក្សាសន្តិសុខស្បៀង គួបផ្សំជាមួយជំនួយសប្បុរសធម៌ ក្នុងមូលដ្ឋានគ្រាអាសន្ននេះ។

ការរៀបចំដីក្បែរមណ្ឌលសុវត្ថិ សម្រាប់ដាំដុះរួមគ្នានេះ ក៏ជាផ្នែកមួយនៃការស្តារនីតិសម្បទាផ្លូវចិត្ត និងពង្រឹងសាមគ្គីភាព ក្នុងចំណោមបងប្អូនជនភៀសសឹក ជាពិសេសកុមារ និងមនុស្សចាស់ ទទួលបានបន្លែស្រស់ៗគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយទៅលើការទិញបន្លែ ពីខាងក្រៅ ដែលអាចឡើងថ្លៃខ្លាំងក្នុងពេលសង្គ្រាមនេះផងដែរ។


លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលដៅចម្បងនៃការដាំដុះនេះ គឺដើម្បីធានាថា រាល់ទិន្នផលបន្លែបង្ការដែលប្រមូលបាន នឹងត្រូវបែងចែកជាអាទិភាព ដើម្បីផ្គត់ផ្គង់ដល់របបអាហារប្រចាំថ្ងៃ របស់ក្រុមគ្រួសារជន ភៀសសឹកទាំងអស់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិនេះ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលភាគច្រើនមានបទពិសោធន៍ផ្នែកកសិកម្ម សូមប្រើប្រាស់កម្លាំងនិងចំណេះដឹងរបស់បងប្អូន ចូលរួមដាំដុះបន្លែរួមគ្នានៅតាមណ្ឌលដែលបានកំណត់។



សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជនភៀសសឹក មកស្នាក់នៅមណ្ឌលសុវត្ថិភាព ស្រុកចុងកាល់ ២កន្លែង សរុបចំនួន៩២៥៤គ្រួសារ ស្មើនឹងចំនួន ១២ ៤៥៧នាក់ ក្នុងនោះមនុស្សចាស់ ៣៥៧នាក់ និងកុមារ ២៨៦នាក់ ក្នុងនោះ កុមារប៉ះពាល់ការសិក្សារ ជាង១០០នាក់។ ដោយឡែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទូទាំងខេត្តឧត្តមានជ័យ មកស្នាក់បណ្តោះអាសន្ន ទាំង៦កន្លែងសរុបចំនួន១២០៩៤ គ្រួសារ ស្មើនឹង ៤១ ២៤១នាក់ ក្នុងនោះស្ត្រី ចំនួន ១៩ ៨៩១នាក់ កុមារ ៧៦៥៣នាក់៕
