Monday, December 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនកាន់កាំភ្លើង៤ដើម បាញ់លេង៦គ្រាប់

ចិនកាន់កាំភ្លើង៤ដើម បាញ់លេង៦គ្រាប់

ខេត្តកែប ៖ ជនជាតិចិន ម្នាក់ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់មេឃ ចំនួន៦គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ និងឈានដល់ការចុះឆែកផ្ទះជួលដែលជនសង្ស័យស្នាក់នៅ ដកហូតបានអាវុធខ្លី ចំនួន៤ដើម ព្រមទាំងគ្រាប់កាំភ្លើង ប្រមាណជិត២០០គ្រាប់។

ការបង្ក្រាបនេះ ធ្វើឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។

 តាមប្រភសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ កាលពីវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ ផែនការងារព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប ចុះស្រាវជ្រាវបង្ក្រាបករណី “កាន់កាប់ រក្សាទុកនិងប្រើប្រាស់អាវុធខ្លីដោយគ្មានការអនុញ្ញាត” នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។

ករណីនេះ បង្កឡើងដោយជនជាតិចិន ឈ្មោះ FEI YICHAO ភេទប្រុស អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EJ6458756 មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ដែលបានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាក COONAN លេខ 357 ពណ៌ទឹកប្រាក់ ស្នាប់ដៃពណ៌ខ្មៅ បាញ់សំដៅឡើងលើ ចំនួន៦គ្រាប់ នៅដីឡូត៍ មួយកន្លែងចម្ងាយប្រមាណ ៨០០ម៉ែត្រ ពីទីតាំងផ្ទះជួលដែលខ្លួនស្នាក់នៅ។

ក្រោយទទួលបានបទបញ្ជា កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកអ៊ូច ពិសាល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនជាតិចិន ឈ្មោះ FEI YICHAO និងបានធ្វើកំណត់ហេតុឆែកឆេផ្ទះជួលខាងលើ រកឃើញអាវុធខ្លី សរុបចំនួន៤ដើម សំបកគ្រាប់បាញ់ហើយ ចំនួន៣៥គ្រាប់ និងគ្រាប់មិនទាន់បាញ់ ចំនួន ១៧៩គ្រាប់ រួចឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី និងស្នើសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES