ខេត្តកំពង់ស្ពឺ ៖ ផ្ទះមួយខ្នង ជារបស់ថៅកែឡចម្រាញ់ប្រេងខ្លឹមចន្ទន៍ ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន។

ផ្ទះដែលរងការឆាបឆេះ មានទំហំ១១ម៉ែត្រ គុណនឹង១៧ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រក់ស័ង្កសី ដែលជាកម្មសិទ្ធិរបស់ឈ្មោះតេង សំអុល ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធមានឈ្មោះ អៀង ស្រីមុំ អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន។

តាមប្រភពសមត្ថកិច្ចក្រុងច្បារមន បានឱ្យដឹងថា ក្នុងហេតុការណ៍ខាងលើ គេឃើញវត្តមានរបស់លោកវរសេ នីយ៍ទោ យ័ន្ត សង្ហារ អធិការនគរបាលក្រុងច្បារមន ដោយបានការបញ្ជាផ្ទាល់ភ្លាមៗពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យរថយន្ត ពន្លត់អគ្គិភ័យ គ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក ស្នងការដ្ឋាន ត្រៀមចេញជួយអន្តរាគមន៍ ក្នុងនោះលោកអធិការ បានចូលរួមផ្ទាល់តាំងពីដំបូង។

តាមការសន្និដ្ឋានបឋម ករណីអគ្គិភ័យ អាចបណ្តាលមកការឆ្លងចរន្តអគ្គិសនី ក្នុងផ្ទះបាយខាងក្រោយ និងឆេះរាលដាលមកដល់ផ្នែកខាងក្នុងផ្ទះ ដល់ទីតាំងឡចម្រាញ់ប្រេងខ្លឹមចន្ទន៍ និងគំនរអុសឈើ សម្រាប់ដុត ព្រមទាំងប្រេងខ្លឹមចន្ទន៍ ដែលបានចម្រាញ់រួច គណនាការខូចខាត រួមមាន ឆេះផ្ទះមួយខ្នង និងសម្ភារៈក្នុងផ្ទះ មួយ ចំនួនធំ តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សសត្វនោះទេ។

នៅក្នុងហេតុការណ៍នោះ មានវត្តមានលោកអធិការនគរបាលក្រុងច្បារមន កម្លាំងសហការពីស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំព់ស្ពឺ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ឈុនទ្រី មកពីអធិការដ្ឋាននគរបលក្រុងច្បារមន ស្រុកសាមគ្គីមុនីជ័យ អធិការដ្ឋាននគរបាលស្រុកសំរោងទង ប្រតិបត្តិការប្រើប្រាស់រយៈពេលជាង៧ម៉ោង ទើបពន្លត់និងគ្រប់គ្រងបាន។ យ៉ាងណា សមត្ថកិច្ចនៅមិនទាន់អាចវាយតម្លៃទំហំនៃការខូចខាតសម្ភារៈនិងថវិកាបាននៅឡើយ៕


