ភ្នំពេញ ៖ អ្នកច្បាប់កម្ពុជា បានលើកឡើងថា ក្នុងសង្រ្គាមឈ្លានពានពីភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជា យន្តការដោះស្រាយអន្តរជាតិ មាន២ គឺការដោះស្រាយដោយអង្គការតំបន់ (អាស៊ាន) និងការដោះស្រាយដោយអង្គការសហប្រជាជាតិ។ មានន័យថា បើថៃ មិនស្ដាប់ប្រធានអាស៊ាន នឹងឈានដល់ការប្ដឹងទៅអង្គ ការសហប្រជាជាតិ ។

លោកមេធាវី សុក សំអឿន ទឹប្រឹក្សាច្បាប់អមរិន្ទ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ថា “ចុះបើថៃ មិនស្តាប់ប្រធានអាស៊ាន? មានសំណួរសួរថា ចុះប្រសិនបើ អាន់វ៉ា មិនអាចសម្រុះសម្រួលថៃ បាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ? យន្តការដោះស្រាយអន្តរជាតិ គឺមាន ការដោះស្រាយដោយអង្គការតំបន់ (គឺយើងមានអាស៊ាន) និងការដោះ ស្រាយដោយអង្គការសហប្រជាជាតិ។ ការដោះស្រាយដោយអាស៊ាន មានតែការសម្របសម្រួលប៉ុណ្ណោះ មិនមានយន្តការប្រើទ័ពអាស៊ាន ដើម្បីធ្វើអន្តរាគមន៍នោះទេ។ អាចនឹងមានដែរ គឺអាស៊ាន អាចបង្កើតកងរក្សាសន្តិសុខអាស៊ាន ដើម្បីបញ្ជូនមកប្រចំាការតាមព្រំដែនដែរ កាលបើមានការយល់ព្រម សមាជិកទាំងអស់យល់ព្រម ហើយភាគីជម្លោះទាំងពីរ គឺថៃ និងកម្ពុជា យល់ព្រមផងដែរ។ ទណ្ឌកម្មដែលធំ ដែលអាស៊ាន អាចដាក់ គឺសម្រេចដកសមាជិកភាពពីអាស៊ាន នូវប្រទេសដែលគេប្រាប់មិនស្តាប់។ ប៉ុន្តែចម្ងល់គឺនៅតែឆ្ងល់ថា តើទម្រំា សម្រេចបែបនេះ តើត្រូវការរយៈពេលប៉ុន្មាន? តើក្នុងអំឡុងចរចានោះ ថៃ ផ្អាកសង្រ្គាមសិនដែរឬអត់? ហើយចុះបើដកសមាជិកភាពពីអាស៊ាន តើថៃ បញ្ចប់សង្រ្គាមដែរឬទេ? ដូចនេះ កម្ពុជា នៅតែត្រូវទប់ទល់នឹងការវាយប្រហារពីថៃ ដដែល!“ ។

លោកមេធាវី សុក សំអឿន បន្តថា “រីឯការដោះស្រាយតាមយន្តការអង្គការសហប្រជាជាតិវិញ។ អង្គការសហប្រជាជាតិ អាចលូកដៃ បន្ទាប់ពីយន្តការតំបន់ បរាជ័យ។ អង្គការសហប្រជាជាតិ មិនអាចកៀងគរទ័ពអង្គការសហប្រជាជាតិ បានទេ កាលបើក្រុមប្រឹក្សាសន្តិសុខ មិនសម្រេចថា ត្រូវធ្វើអន្តរាគមន៍ដោយកងទ័ពនោះ។ ក្រុមប្រឹក្សាសន្តិសុខ ដែលឈានទៅដល់ការសម្រេចបញ្ជូនទ័ពទៅបាន ក៏លុះត្រាសមាជិកអចិន្រ្តៃយ៍របស់ខ្លួន សម្រេចដោយឯកច្ឆន្ទដែរ ពោលគឺគ្មានជំទាស់ដោយសមាជិកណាមួយនោះទេ។ ប្រសិនបើមិនអាចរកសំឡេងគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខបានទេ អង្គការសហប្រជាជាតិ អាចរកសំឡេងគាំទ្រដោយមហាសន្និបាតបានដែរ, ប៉ុន្តែអស់លោកគិតមើល តើត្រូវការពេលប៉ុន្មាន ហើយត្រូវធ្វើឱ្យប្រទេសជាសមាជិកគាំ ទ្រគ្រប់សំឡេងនោះ? នោះគឺត្រូវការពេលវេលា និងត្រូវការតស៊ូមតិខ្លាំងណាស់ ហើយអង្គការសហ ប្រជាជាតិ ដែលសម្រេចបញ្ជូនទ័ពនោះ ក៏គេគង់តែមើលទៅលើប្រទេសដែលបំពានគេនោះដែរ តើមានកម្លាំងប៉ុនណា? ចូរមើលសង្រ្គាមរុស្សី និងអ៊ុយក្រែន អង្គការសហប្រជាជាតិ មានទៅហ៊ានក្អកឯណា? ដូចនេះ គឺមានតែខ្លួនទី ពឹងខ្លួនសិនហើយ ទម្រាំតែព្រះឥន្ទ បើកព្រះនេត្រឃើញនោះ! មតិអ្នកច្បាប់ម្នាក់“ ៕ កុលបុត្រ