Friday, December 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសអូរស្មាច់ ល្បាតរក្សាសន្តិសុខ ទាហានថៃ លបបាញ់ស្លាប់ក្នុងឡាន

ប៉ូលិសអូរស្មាច់ ល្បាតរក្សាសន្តិសុខ ទាហានថៃ លបបាញ់ស្លាប់ក្នុងឡាន

ខេត្តឧត្តរមានជ័យ ៖ វីរនគរបាល មួយរូប កំពុងចេញល្បាត រក្សាសន្តិសុខតាមលំនៅឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រាប់តែត្រូវទាហានថៃឈ្លានពាន បានលបបាញ់ ប្រហារចូលក្នុងរថយន្ត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងបានបាត់បង់ជីវិត ក្រោយពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។

វីរនគរបាលពលី មានឈ្មោះ រ័ត្ន មុន្នី អត្តលេខ ៧៤១៤៤ ឋានន្តរស័ក្តិអនុសេនីយ៍ទោ តួនាទីជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានទទួលមរណភាព នៅវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ (ពលីក្នុងសង្គ្រាមថៃឈ្លានពាន)។ពិធីបុណ្យសពលោកអនុសេនីយ៍ទោ រ័ត្ន មុន្នី រៀបចំធ្វើនៅវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពស្ត្រីឈ្មោះ ហេង វ៉ាន់នី ត្រូវជាភរិយារបស់វីរនគរបាលពលី រ័ត្ន មុន្នី បានបង្ហោះសំណេរតាមបណ្តាញសង្គម កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ រៀបរាប់ថា “បងទៅចោលអូន និងកូនហើយ មាត់និយាយថាមិនអី តែក្នុងចិត្ត ស្ទើរប្រេះទ្រូង…”។

តាមប្រភពអ្នកសារព័ត៌មានមួយរូប បានរៀបរាប់តាមរយៈវីដេអូឃ្លីបមួយ ដែលបង្ហោះតាមគណនីបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខ បុណ្យសពបងវរសេនីយទោ រ័ត្ន មុន្នី គាត់បានទទួលមរណភាព ដោយសារតែការចុះល្បាតនៅក្នុងសង្កាត់អូរស្មាច់ ក៏ត្រូវបានទាហានថៃ បាញ់ប្រហារ ចំនួន៥គ្រាប់ មកលើរថយន្តខ្មែរយើង ដែលគាត់បានជិះឡានល្បាត មើលលំនៅឋានប្រជាពលរដ្ឋ នៅក្នុងនោះផងដែរ ក៏គាត់ ២នាក់បងប្អូន បានបើកឡានគេច ប៉ុន្តែត្រូវបានត្រូវគ្រាប់រួចមក ហើយបែកប្រអប់ជើង បែកខ្ទេច កន្លែងក្រោមស្មងជើង បែកខ្ទេច ហើយនិងប្រេះលលាដ៍ក្បាល នៅពេលនោះ គាត់ក៏បានបើកឡាន សំដៅមកមន្ទីរពេទ្យខេត្តសៀមរាប ពេលគាត់មកដល់ គាត់ក៏បានទទួលមរណភាពនៅម៉ោងរំលងអធ្រាត្រ ថ្ងៃទី២៤ ធ្នូ ។ អ៊ីចឹងខ្ញុំក៏សូមជម្រាបជូនព័ត៌មានដល់ពុកម៉ែ បងប្អូន ខ្ញុំមិនចង់ឱ្យពុកម៉ែ បងប្អូន ឡើងទៅអូរស្មាច់ ទេ វាមានបញ្ហាខ្លាំងណាស់…”។

ប្រភពខាងលើ បានបន្តថា “ក្រៅពីបាញ់សម្លាប់បងរ័ត្ន មុន្នី ទាហានថៃ បានវ៉ៃពលរដ្ឋខ្មែរ ចំនួន៣នាក់ ឡើងប៉ោងមុខ ប៉ោងមាត់ ដោយក្នុងនោះ ម្នាក់មានភ័ស្តុតាងហើយ គាត់ប៉ោងមុខប៉ោងមាត់អស់ ហើយ២នាក់ទៀត ខ្ញុំអត់ទាន់ដឹងច្បាស់ទេ ព្រោះខ្ញុំទាក់ទងពួកគាត់អត់ទាន់បាន។ អ៊ីចឹងមានពលរដ្ឋខ្មែរ ចំនួន៣នាក់ ដែលទាហានប៉ារ៉ាថៃ វ៉ៃ ហើយទាហានដែលបានបាញ់ប្រហារឡានបង រ័ត្ន មុន្នី នោះ គឺទាហានថៃ ឈុតខ្មៅ ដែលគេហៅថា ទាហានស៊ីឈ្នួល…”។

កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំ គណៈស្នងការ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសនីយ៍ទោ រ័ត្ន មុន្នី វីរនគរបាលកម្ពុជា និងជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដែលបានពលីជីវិតដោយសារសង្គ្រាម ពេលកំពុងចុះបេសកកម្មល្បាត ការពារសន្តិសុខ សុវត្ថិភាព ថែរក្សា ទ្រព្យ សម្បត្តិ និងផ្ទះសម្បែងជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន។

មរណភាពរបស់លោកវរសេនីយ៍ទោ រ័ត្ន មុន្នី គឺជាការបាត់បង់នូវស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា ហើយក៏ជាការបាត់បង់នូវមន្ត្រីដ៏ឆ្នើម និងដ៏អង់អាចក្លាហានមួយរូប ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ក្នុងស្មារតីតស៊ូបំពេញការងារប្រកបដោយឆន្ទៈ មនសិការ បម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន៕

RELATED ARTICLES