Friday, December 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទីប្រឹក្សាដូណាល់ ត្រាំ ស្នើបញ្ឈប់ជាបន្ទាន់  F-16 និង T50 ថៃឈ្លានពានកម្ពុជា

ទីប្រឹក្សាដូណាល់ ត្រាំ ស្នើបញ្ឈប់ជាបន្ទាន់  F-16 និង T50 ថៃឈ្លានពានកម្ពុជា

ភ្នំពេញ ៖ លោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael Alfaro) អ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន និងជាទីប្រឹក្សាដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងថា ស្របពេលដែលអាមេរិក ឈប់សម្រាកេពីការងារ និងសប្បាយរីករាយនៅក្នុងថ្ងៃបុណ្យគ្រិស្តម៉ាស កម្ពុជា កំពុងបន្តរងទុក្ខវេទនាដោយសារសង្គ្រាមថៃឈ្លានពានយ៉ាងឃោរឃៅ បង្កឲ្យពលរដ្ឋស្លូតត្រង់ ស្លាប់និងរបួស រួមទាំងកុមារ ចំណែកសិស្សតូចៗ ភ័យខ្លាចការបាញ់ផ្លោង ទម្លាក់គ្រាប់បែកពីយន្តហោះ រត់ចេញពីសាលា ចូលពួនក្នុងត្រង់សេ។ ដោយមើលឃើញនូវការឈ្លានពានទាំងកំរោល ដោយខុសច្បាប់អន្តរជាតិ និងភាពយង់ឃ្នងរបស់ទាហានថៃ មកលើពលរដ្ឋកម្ពុជា  បែបនេះ ទើបជនបរទេសដែលស្រឡាញ់យុត្តិធម៌ និងសន្តិភាពរូបនេះ បានស្នើឲ្យក្រុមហ៊ុនផលិតយន្តហោះចម្បាំង Lockheed Martin បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពនិងការផ្គត់ផ្គង់ F-16 និង T50 ដែលថៃ កំពុងប្រើ ប្រាស់ទម្លាក់គ្រាប់បែកលើកម្ពុជា។

  លោក ម៉ៃឃើល អាល់ហ្វារ៉ូ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ថា “ខណៈគ្រួសារអាមេរិក ត្រៀមបុណ្យណូអែល កុមារនៅកម្ពុជា បានរងរបួស ដេកលើពីគ្រែពេទ្យ ក្រោយការវាយប្រហារពីយន្តហោះចម្បាំង F-16 និង T50 ដោយកងទ័ពអាកាសថៃ ។ Lockheed Martin ត្រូវតែបញ្ឈប់ការផ្គត់ផ្គង់ F-16 និង T50 ជាបន្ទាន់“ ។

  គួរបញ្ជាក់ថា បុណ្យណូអែល (ភាសាបារាំង Noël) ឬបុណ្យគ្រិស្តម៉ាស (ភាសាអង់គ្លេស Christmas) ជាពិធីបុណ្យរំលឹកដល់ថ្ងៃប្រសូតរបស់ព្រះយេស៊ូគ្រិស្ត។ គ្រិស្តសាសនិកជន នៅទូទាំងពិភពលោក តែងតែប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៥ ខែធ្នូ ដែលជាខួបកំណើតរបស់ព្រះយេស៊ូ នៅទីក្រុងប៊ែតឡេហ៊ែម (ប៉ាឡេស្ទីន) ដែលជាទីកន្លែងបង្កើតគម្ពីរគ្រិស្តសាសនា នៃកំណើតព្រះយេស៊ូ។

  សម្រាប់សហរដ្ឋអាមេរិក បានយកទិវាគ្រិស្តម៉ាស ជាថ្ងៃឈប់សម្រាប់បុណ្យជាតិ ។ ដូច្នេះនៅតាមស្ថាប័នជាតិរបស់សហរដ្ឋអាមេរិក រួមទាំងស្ថានទូតរបស់ខ្លួន ប្រចាំប្រទេសផ្សេងៗ តែងតែប្រកាសពីថ្ងៃឈប់សម្រាក ដើម្បីអបអរទិវាគ្រិស្តម៉ាស ។ ជាក់ស្ដែង ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទីទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសជូនដំណឹងថា នឹងឈប់សម្រាក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យគ្រិស្តម៉ាស ហើយបើកជាធម្មតាវិញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។

  នៅក្នុងអំឡុងពេលគ្រិស្តសាសនិកនៅជុំវិញពិភពលោក រួមទាំងអាមេរិក នាំគ្នាអបអរពិធីបុណ្យគ្រិស្តម៉ាស នេះ នៅកម្ពុជា សម្រាប់អ្នកកាន់សាសនាគ្រិស្ត ក៏បានរៀបចំពិធីបុណ្យនេះដែរ ប៉ុន្តែប្រហែលជាមិនមានបរិយាកាសសប្បាយរីករាយដូចឆ្នាំមុនទេ ដោយសារភាគច្រើនអ្នកទាំងនោះ បានចូលរួមខ្វល់ខ្វាយការជួយសង្រ្គោះ ការលើកទឹកចិត្ត និងអំណោយសប្បុរសធម៌ ដល់ជនភៀសសឹកកម្ពុជា ដែលបន្តកើនឡើងជាងកន្លះលាននាក់ ហើយនៅតែប្រឈមនឹងការរងគ្រោះ ដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 និងយន្តហោះ T50 របស់យោធាថៃ ចូលជ្រៅមកក្នុងដែនអធិបតេយ្យកម្ពុជា រួមមាន ខេត្តឧត្ដរមានជ័យ បន្ទាយ មានជ័យ ពោធិ៍សាត់ បាត់ដំបង ជាដើម ។

  តាមរបាយការណ៍ក្រសួងមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់ថៃ បានសម្លាប់ពលរដ្ឋខ្មែរ ៣០នាក់ របួស ៨៧នាក់ និងបណ្ដាលឱ្យមានជនភៀសសឹក សរុបជាង ៦៣ម៉ឺននាក់ ក្នុងនោះស្ត្រី ជាង៣៣ម៉ឺននាក់ និងកុមារ ជាង២០ម៉ឺននាក់។

  នៅក្នុងឱកាសដែលប្រជាជនអាមេរិក កំពុងរីករាយថ្ងៃបុណ្យគ្រិស្តម៉ាស នេះផងដែរ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត តំណាងព្រះសង្ឃកម្ពុជា ៧០ ០០០អង្គ បានផ្ញើពរជ័យបុណ្យគ្រិស្តម៉ាស ជូនអាមេរិក និងផ្តល់កិត្តិយសដល់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីនៃសន្តិភាព ដោយព្រះអង្គប្រកាសបេក្ខភាពលោកប្រធានាធិបតី សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៦ និងសូមឱ្យបុណ្យគ្រិស្តម៉ាស នាំមកនូវសន្តិភាព ក្តីអាណិតអាសូរ និងក្តីសង្ឃឹមដល់ពិភពលោក។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបង្កឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ មកលើប្រទេស និងប្រជាជនកម្ពុជា ដោយកំរោលនិងឃោរឃៅ ខុសច្បាប់អន្តរជាតិ ដោយក្រៅពីប្រើអាវុធធុនធ្ងន់ វាយប្រហារដោយមិនរើសគោលដៅ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជា ស្ពាន ថ្នល់ វត្តអារាម សាលារៀន លមនៅឋានប្រជាជនស៊ីវិល យោធាថៃ ក៏បានប្រើយន្តហោះចម្បាំង ៣ប្រភេទផ្សេងគ្នា ឈ្លានពាន ទម្លាក់គ្រាប់បែកលើដែនអធិបតេយ្យកម្ពុជា។ ដំបូង ថៃ បានប្រើយន្តហោះ F-16 ដែលទិញពីអា មេរិក ហើយបន្តមក បានប្រើយន្តហោះ Gripen ដែលទិញពីស៊ុយអែត និងពេលចុងក្រោយនេះ បានប្រើយន្តហោះ T50 ដែលទិញកូរ៉េខាងត្បូង ៕ កុលបុត្រ

RELATED ARTICLES