ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង រួមនិងទ្រព្យសម្បត្តិ សម្ភារៈ ឯកសារសំខាន់ៗ ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក។

លំនៅដ្ឋានប្រជាពលរដ្ឋដែលរងការឆាបឆេះខាងលើ មានទំហំ ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ ប្លង សំបឿយ ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិកើតហេតុ។
លោកវរសេនីយ៍ទោ គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យខាងលើ បានបណ្តាលឱ្យខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង គ្រែឈើ ចំនួន៣ ទូទឹកកក ចំនួន១ ប្លង់ដី ចំនួន១០ប្លង់ (១០ក្បាលដី) ប្រាក់ ចំនួន១លានរៀល ឯកសារសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សម្លៀក បំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ។

លោកអធិការបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពួក សរុបចំនួន១២នាក់ រូមទាំងអាជ្ញាធរ ប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ពន្លត់និងគ្រប់គ្រងបានទាំងស្រុង ១០០ភាគរយ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិ ការដ្ឋាននគរបាលស្រុកថ្មពួក ចំនួន១គ្រឿង ប្រើទឹកអស់ចំនួន ១ឡាន ព្រមទាំងប្រើម៉ូទ័របូមទឹកអណ្តូង និងដងទឹកពាងនៅក្បែរកន្លែងកើតហេតុផង។

ចំពោះមូលហេតុដែលនាំឱ្យកើតមានករណីអគ្គិភ័យខាងលើ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង តែករណីនេះមិនបង្កឱ្យមនុស្សរងគ្រោះថ្នាក់ទេ៕
