Thursday, January 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះគ្រាប់នៅមុំបី កងទ័ពកម្ពុជា របួស២

ផ្ទុះគ្រាប់នៅមុំបី កងទ័ពកម្ពុជា របួស២

ខេត្តព្រះវិហារ ៖ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ មានការផ្ទុះគ្រាប់ ចេញពីគំនរសំរាម  បណ្តាលឱ្យកងកម្លាំងកម្ពុជា ដែលកំពុងបំពេញការងាររៀបចំសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួន ក្នុងដែនអធិបតេយ្យរបស់កម្ពុជា  រងរបួសធ្ងន់-ស្រាល ចំនួន២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖

នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជា បានធ្វើការរៀបចំសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួន ក្នុងដែនអធិបតេយ្យរបស់កម្ពុជា  ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម  ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជា ដែលកំពុងបំពេញការងារនៅទីនោះ រងរបួសធ្ងន់និងស្រាល ចំនួន ២នាក់ ហើយបច្ចុប្បន្ន អ្នកដែលរងរបួសដោយសារឧបទ្ទវហេតុខាងលើ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃ បាននិងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ។ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរ បានសាកសួរនិងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា ដោយឈរលើស្មារតីនៃការដោះ ស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុស ត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងរបស់កម្ពុជា បញ្ជាក់ពីការប្តេជ្ញា ចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួន នូវលក្ខខណ្ឌនៃបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥,  សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជា ពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន៕ ខៀវទុំ

RELATED ARTICLES