Saturday, January 10, 2026
Homeតារាខ្មែរចែម ស្រីល័ក្ខ ភ័យប៉ូលិសចាប់ច្រឡំ

ចែម ស្រីល័ក្ខ ភ័យប៉ូលិសចាប់ច្រឡំ

ភ្នំពេញ ៖ តារាចម្រៀងថោន ចែម ស្រីល័ក្ខ បានជួបរឿងភ័យបុកពោះ ព្រោះតែមានប៉ូលិសមួយក្រុម បានបើកឡានមកពាំងមុខឡាននាង ហើយប្រាប់នាងថា មានដីកាចាប់ខ្លួន ដែលតាមពិតជាការច្រឡំមនុស្ស ហើយបើកុំតែនាងប្រកែកបានជោគជ័យ កុំអីនាងត្រូវជាប់ខ្នោះរបស់ប៉ូលិសមួយក្រុមនោះមិនខាន។

ស្រីល័ក្ខ ថានាងទម្លាយរឿងនេះ ដើម្បីជាមេរៀនជីវិតមួយ ឲ្យបងប្អូនទាំងអស់ដែលធ្វើដំណើរយប់ស្ងាត់ តែម្នាក់ឯង ជាពិសេសអ្នកសិល្បៈស្រីៗ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ មិនប្រាកដថាជិះក្នុងទ្បាន នៅតែមួយកន្លែង មានសុវត្ថិភាពទេ ដូចករណីនាងជួបនេះ ភ័យរហូតភាំង គាំងតែម្តង។

ចែម ស្រីល័ក្ខ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ថា «សូមប្រុងប្រយ័ត្ន! លើកទី១ ដែលបានជួបក្នុងឆាកជីវិត…. សូមឲ្យបងប្អូនទាំងអស់ដែលធ្វើដំណើរយប់ស្ងាត់ តែម្នាក់ឯង ជាពិសេសបងប្អូនសិល្បៈស្រីៗ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ! មិនប្រាកដថា ជិះក្នុងទ្បាន នៅតែមួយកន្លែង មានសុវត្ថិភាពទេ ! ដូចរឿងដែលខ្ញុំបានជួបជាដើម ច្រៀងចប់ ដើរចូលទ្បានដែលកំពុងចតនឹងកន្លែង មិនបាន ២នាទីផង មានប៉ូលិសមួយក្រុម គ្នា 5-6នាក់ (ជិះ 2ទ្បាន) ជិះមកឈប់ពាំងមុខទ្បាន ដើរចេញមកគោះកញ្ចក់ ឲ្យចេញពីទ្បាន ឲ្យចេញមកក្រៅ ថាមានដីកា ! មានដីកា! សួរចុះសួរទ្បើង ប្រកែកទ្បើងហត់ ចុងក្រោយនិយាយថា ច្រទ្បំមនុស្ស»។

ចែម ស្រីល័ក្ខ បន្តថា «តើធ្វើការរបៀបណាទៅ មិនច្បាស់ ហើយដើរចាប់? ចុះបើពេលហ្នឹង ខ្ញុំនៅតែម្នាក់ឯង គ្មានមនុស្សប្រុសគេឯងនៅជិត តើបងប៉ូលិសដែលធ្វើការរាវ មិនច្បាស់នឹងចាប់ខ្ញុំទៅដល់ណា?…. វាជាមេរៀនជីវិតដែលជួបហើយ ភ័យក៏លែងចេញ តែបែរជាភាំង គាំង….។  ខ្ញុំមានទាំងវីដេអូ តែមិនចង់វែងឆ្ងាយទេ ចាត់ ទុកថា ជាការយល់ច្រទ្បំ សុបិនអាក្រក់ និងជាមេរៀនផ្ដាំតៗគ្នា….។ សូមប្រុងប្រយ័ត្នឲ្យទាំងអស់គ្នាផងបងប្អូន! សូមជួយស៊ែរបន្ត ឲ្យបងប្អូនបានដឹងទាំងអស់គ្នាផង….»។

ចែម ស្រីល័ក្ខ សរសេរបន្ថែមនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថា «អរគុណមនុស្សល្អគ្រប់គ្នា ដែលបារម្ភ! ជាមេរៀនផ្ដាំតៗគ្នាថា ពេលនៅម្នាក់ឯង ពេលយប់ ហាមបើកភ្លើងភ្លឺក្នុងទ្បាន ឬបើកទ្វារចេញក្រៅឲ្យសោះពិសេសស្រីៗយើង»។

ចែម ស្រីល័ក្ខ សរសេរបន្ថែមទៀត នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថា «សូមសំណូមពរឲ្យបងៗ ធ្វើការឲ្យបានច្បាស់លាស់ កុំមកព្រាវឆៅៗចឹង គ្រោះថ្នាក់ណាស់ មេត្តាគោរពដល់សិទ្ធិបុគ្គល ចៀសវាងការយល់ច្រទ្បំទៀត វាប៉ះពាល់ផ្លូវចិត្តខ្ញុំណាស់….»។

គួរបញ្ជាក់ថា ចែម ស្រីល័ក្ខ ជាតារាចម្រៀងថោន បានរៀបការជាមួយលោក ឃី ពេជ្រ កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៥ ដែលពិធីជប់លៀងធំ ធ្វើនៅខេត្តតាកែវ ជាស្រុកកំណើតរបស់នាង ខណៈដែលស្វាមីនាង ក៏ជាអ្នកខេត្តនេះដែរ តែរស់នៅស្រុកផ្សេងគ្នា ។

ស្រីល័ក្ខ ឲ្យដឹងថា នាងនិងលោកពេជ្រ បានស្រលាញ់គ្នា តាំងពីឆ្នាំ២០២០ និងបានភ្ជាប់ពាក្យ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ទើបឈានមករៀបការនៅឆ្នាំ២០២៥ ។

 ចែម ស្រីល័ក្ខ ជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង «ផ្ការីកក្នុងសួន» របស់ប៉ុស្ដិ៍អប្សរា និង Cambodian Idol រដូវកាលទី៣ របស់ហង្សមាស ដែលបានឈានទៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយលោកសៀក ញញឹម, កញ្ញាឈាង សុវណ្ណារី តែពេលនោះ លោកគ្រី ថៃពៅ ជាអ្នកលើកពាន ។ ស្រីល័ក្ខ បញ្ជាក់ថា ការតស៊ូក្នុងអាជីពចម្រៀង រយៈពេល១០ឆ្នាំ មកនេះ នាងពេញចិត្តកេរ្ដិ៍ឈ្មោះ នាពេលបច្ចុប្បន្ន ព្រោះនៅរដូវក្ដៅ នាងចេញច្រៀងតាមបណ្ដាកម្មវិធីជាច្រើន ហើយសូម្បីតែនៅរដូវវស្សា ក៏នាងនៅតែមានការច្រៀងកម្មវិធីផ្សេងៗដែរ។ នាងថា ពីមុននាងច្រៀងភាគច្រើនជាទម្រង់បុរាណ ភ្លេងការ ប្រពៃណី តែឥឡូវនាងច្រៀងទាំងបុរាណ និងសម័យ ទន្ទឹមគ្នា។ ក្រៅពីមានបទចម្រៀងផ្ទាល់ខ្លួន កន្លងមក ស្រីល័ក្ខច្រៀង Cover ក៏មានការគាំទ្រច្រើនដែរ ពិសេសបទ «ស្រលាញ់បងដល់កាន់ឈើច្រត់» ដោយសារតែនាងមានទឹកដមសំឡេងពីរោះរណ្ដំក្រអួនក្រអៅ ៕ ខៀវទុំ

RELATED ARTICLES