ខេត្តក្រចេះ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យខូចខាតគិតជាទឹកប្រាក់ ប្រមាណជាង១៥ម៉ឺនដុល្លារ និងឆេះមាស ៤តម្លឹងកន្លះ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ករណីអគ្គិភ័យនេះ បានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន៣ខ្នង អស់ទាំងស្រុង និងបានបង្កការខូចខាតផ្នែកជញ្ជាំងនិងដំបូលដល់ផ្ទះ ចំនួន៣ខ្នងផ្សេងទៀត ដែលធ្វើឱ្យម្ចាស់ផ្ទះទាំងអស់ខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។

ផ្ទះទាំង ៣ខ្នង ដែលរងការឆាបឆេះទាំងស្រុង រួមមាន ១- ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ គុណនឹង ១៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះឃុន យីផា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរចុងភៅ រងការខូចខាតសរុប រួមមាន ឧប ករណ៍ចុងភៅ មួយចំនួនធំ ប្រាក់ ចំនួន២ម៉ឺនដុល្លារ និងមាស៤តម្លឹងកន្លះ (តាមការប៉ាន់ស្មាន ខាតបង់ប្រមាណ ១០ម៉ឺនដុល្លារ)។ ២-ផ្ទះឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះហុក បញ្ញា ភេទស្រី អាយុ៤៣ឆ្នាំ ខូចខាត ម៉ូតូ ២គ្រឿង (ម៉ាក Wave Alpha ពណ៌ប្រផេះ និងម៉ាក MSX ពណ៌ស) ប្រាក់ចំនួន ៥លានរៀល និងសម្ភារៈជាងមួយចំនួន (តាមការប៉ាន់ស្មាន ខាត់បង់ប្រមាណ ១ម៉ឺនដុល្លារ)។ ៣-ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះឈី សុខថូត ភេទស្រី អាយុ៤៤ឆ្នាំ ខូចខាតគ្រឿងឈើ មួយចំនួន និងប្រាក់ ចំនួន ២លានរៀល (តាមការប៉ាន់ស្មានខាតបង់ប្រមាណ ១ម៉ឺនដុល្លារ)។

ចំណែកផ្ទះ ចំនួន៣ខ្នង ដែលរងការខូចខាតផ្នែកជញ្ជាំងនិងដំបូល រួមមាន ១-ផ្ទះរបស់ឈ្មោះហេង ឡៃហ៊ាង ភេទប្រុស អាយុ៧២ឆ្នាំ ខូចខាតជញ្ជាំងឈើខាងឆ្វេង។ ២-ផ្ទះរបស់ឈ្មោះស៊ុន គឿន ភេទប្រុស អាយុ៧២ឆ្នាំ ខូចខាតជញ្ជាំងឈើប្រក់ក្បឿងខាងស្តាំ និង៣-ផ្ទះរបស់ឈ្មោះសឿន ស្រីតូច ភេទស្រី អាយុ៣៥ឆ្នាំ ខូចខាតពិតាននិងដំបូល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ចំនួន២គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកសរុប អស់៦រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់អគ្គិភ័យបានទាំងស្រុង តែជាអកុសល មិនអាចជួយសង្គ្រោះផ្ទះដែលត្រូវឆេះទាំងស្រុងបានទាន់ពេលវេលា ។
ជាជំហានដំបូង នៅមិនទាន់ប្រាកដករណីអគ្គិភ័យនេះនៅឡើយទេ ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តសាកសួរ និងស្រាវជ្រាវអំពី មូលហេតុនៃការឆេះនេះថា បង្កមកពីអ្វីច្បាស់លាស់។

ពាក់ព័ន្ធហេតុការណ៍នេះ មិនបង្កឱ្យមានរបួសឬបាត់បង់អាយុជីវិតមនុស្សឡើយ។ ក្រោយគ្រប់គ្រងស្ថានការណ៍បាន សមត្ថកិច្ចបានធ្វើសេចក្តីសន្និដ្ឋានការខូចខាត មានចំនួនគិតជាទឹកប្រាក់ ១៥៣ ០០០ដុល្លារ ប្រាក់រៀល ៧ លានរៀល និងមាស ចំនួន៤តម្លឹងកន្លះ៕