ខេត្តស្វាយរៀង ៖ ជនសង្ស័យ ចំនួន២នាក់ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ លុះចេញមកវិញ មិនរាងចាល នាំគ្នាធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ អ្នកដំណើរតាមផ្លូវ ជាបន្តបន្ទាប់ រហូតដល់ទៅ ១១លើក ទើបអស់លក្ខណ៍ ត្រូវសមត្ថកិច្ចតាមក្របួចជាប់ នាំយកទៅ ចាត់ការតាមច្បាប់។

ការបង្ក្រាបជនសង្ស័យឆក់កាបូបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
ជនសង្ស័យទាំង២ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះម៉ន កែវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) និងទី២-ឈ្មោះហុង ប៊ុនលៀប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត (ជាមុខ សញ្ញាធ្លាប់ជាប់ពន្ធនាគារ)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ចំនួន២គ្រឿង ១-ម៉ាកសូនិច ពណ៌ខ្មៅក្រ ហម គ្មានស្លាកលេខ ២-ម៉ាកសាទ្រា ខ្មៅក្រហម ពាក់ស្លាកលេខ V.N.70.E1478.80 ទូរស័ព្ទ ៧គ្រឿង លិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណ័វៀតណាម មួយចំនួន។
តាមប្រភពសមត្ថកិច្ចក្រុងបាវិត បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ថា កាលពីវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះភិន ច័ន្ទធី ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាងកែសម្ជស្ស មានលំនៅ ភូមិម្រាមទាក ឃុំជីពីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្តឹងថា ជនមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ ភេទប្រុស បានធ្វើសកម្ម ភាពឆក់កាបូបរបស់ខ្លួន កាលពីវេលាម៉ោង ១២និង១៥នាទីរំលងធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវជាតិលេខ១ ខាងមុខកន្លែងលាងរថយន្ត ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយក្នុងកាបូបនោះមាន ទូរស័ព្ទ ចំនួន១គ្រឿង ម៉ាក iPhone 12 ពណ៌ស្វាយ។
ក្រោយទទួលព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍ បានសហការជាមូយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងប្រចាំការ២៤ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជន សង្ស័យ។
រហូតមកដល់ វេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃដដែល សមត្ថកិច្ចប្រទះឃើញម៉ូតូ ១គ្រឿងជិះគ្នា២នាក់ កំពុងធ្វើដំណើរតាមផ្លូវ លុះគ្រាន់តែឃើញកម្លាំងសមត្ថកិច្ចល្បាត ជនសង្ស័យទាំង២នាក់ ព្យាយាមជិះម៉ូតូរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចប្រដេញតាមឃាត់ខ្លួនបានភ្លាមៗ រួចនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ុន កែវ បានឆ្លើយសារភាពថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ខ្លួនបានធ្វើសកម្មភាពឆក់បានចំនួន២ដង គឺលើកទី១- ខ្លួនបានធ្វើសកម្មភាពឆក់ជាមួយឈ្មោះកែវ លីម៉េង ភេទប្រុស និងលើកទី២- ខ្លួនទៅជាមួយឈ្មោះហុង ប៊ុនលៀប ភេទប្រុស។
បន្ទាប់មក នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងមួយច្បាប់ទៀត ពីជនរងគ្រោះ ឈ្មោះហ្វាម ធីគីមអាញ់ ភេទស្រី ជនជាតិវៀតណាម មុខរបរភ្ញៀវទេសចរ មានស្រុកកំណើតខេត្តហឿងអៀន ប្រទេសវៀតណាម បានប្តឹងទៅលើជនមិនស្គាល់អត្តសញ្ញាណ ២នាក់ ធ្វើសកម្មភាពឆក់កាបូ ស្ពាយរបស់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចខាងមុខភោជនីដ្ឋានធានធាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទរបស់នារីរងគ្រោះជាជនជាតិវៀតណាម ខាងលើប្រាកដមែន សរុបមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពបានសម្រេចចំនួន ១១លើករួចមកហើយ។
ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕