Sunday, January 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រធានក្រុមការងារចំពោះកិច្ច ដឹកនាំចុះវាយតម្លៃ ការខូចខាត ថៃឈ្លានពាននៅភូមិព្រៃចាន់

ប្រធានក្រុមការងារចំពោះកិច្ច ដឹកនាំចុះវាយតម្លៃ ការខូចខាត ថៃឈ្លានពាននៅភូមិព្រៃចាន់

ខេត្តបន្ទាយមានជ័យ ៖ ប្រធានក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រងការស្តារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ (គ.ជ.គ.ម. ) លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានបន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្ន តាមមណ្ឌលជំរំភៀសសឹក, ផ្លូវថ្នល់ សាលារៀន និងហេ ដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់សមរភូមិភូមិព្រៃ ចាន់ ។

 ជាការកត់សម្គាល់ នៅពេលចុះទៅនោះ លោកបណ្ឌិត ចន ណារិទ្ធ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំសិក្សាវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានា ដែលរងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់យោធាថៃ កាលពីពេលថ្មីៗនេះ នៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីលោក គីម វីរៈ អនុប្រ ធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. និងបានការអញ្ជើញចូលរួមពីលោក អ៊ុំ រាត្រី  អភិបាលនៃគណៈអ ភិបាលខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមការងារចំពោះកិច្ច ព្រមទាំងថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស មួយចំនួនផងដែរ ។

  ក្នុងបេសកកម្មនេះដែរ ក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ (គ.ជ.គ.ម. ) ដឹកនាំដោយលោកបណ្ឌិត ចន ណារិទ្ធ ក៏បានចូលរួមជាមួយក្រុមការងារចុះជួបពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាពិសេសពលរដ្ឋដែលមានលំនៅឋានរបស់ពួកគាត់ត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា ព្រមទាំងបានជួបសួរសុខទុក្ខសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀនមួយចំនួន ដែលនៅកៀកនឹងតំបន់រងគ្រោះពីការទម្លាក់គ្រាប់ដោយយន្តហោះចម្បាំងរបស់ថៃ ផងដែរ។

 ការចុះរបស់ក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការ ខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ (គ.ជ.គ.ម. ) ទៅកាន់ភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមបណ្តោយព្រំដែនភាគពាយ័ព្យនៃប្រទេសកម្ពុជា បានធ្វើឡើងក្រោយមានសេចក្ដីការណ៍ព័ត៌មានថា ស្លាកស្នាមនៃការប្រយុទ្ធគ្នា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អាចមើលឃើញនៅក្នុងផ្ទះសម្បែងពលរដ្ឋស៊ីវិលដែលខូចខាត វាលស្រែ និងសត្វចិញ្ចឹម ត្រូវបានបោះបង់ចោល។ ប៉ុន្តែអ្នកស្រុកនិយាយថា ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរបានកើតឡើងពេលផ្នែកខ្លះនៃភូមិឋានរបស់ពួកគេ ត្រូវបានទាហានថៃ ចូលទន្ទ្រាននិងកាន់កាប់ ដែលធ្វើឱ្យជនស៊ីវិល រងការភ័យខ្លាច ការភៀសសឹក និងភាពមិនប្រាកដប្រជា។ នៅលើដីផ្ទះ រាប់សិបខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដំបូលរហែកធ្លុះធ្លាយដាច់ពីគ្នា និងជើងសសរឈើ បានដួលរលំ ស្ទើរតែរាបដល់ដី និងមិនអាចរស់នៅបាន។ សន្លឹកដំបូលស័ង្កសី ដាច់រមួលធ្លាក់ពេញដី ខណៈធ្នឹមនិងកម្ទេចកម្ទីដែលបាក់បែក ត្រូវបានខ្ចាត់ខ្ចាយដោយមិនមានអ្នកយកចិត្ដទុកដាក់។ ការខូចខាតនេះ បង្ហាញពីផលប៉ះពាល់នៃសង្គ្រាមគិតទុកជាមុនរបស់យោធាថៃ ក្នុងបំណងលេបត្របាក់ទឹកដីកម្ពុជា ដោយប្រើកម្លាំង មកលើកម្ពុជា។

 តាមសេចក្ដីរាយការណ៍ ក៏បានបង្ហាញដែរថា រយ:ពេល២១ថ្ងៃ នៃការផ្ទុះអាវុធរវាងកម្ពុជា-ថៃ នាពេលកន្លងមកនេះ បានបន្សល់ទុកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ យ៉ាងច្រើន ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលសំ ណល់ទាំងនេះ ជាគ្រាប់យុទ្ធភណ្ឌរបស់ថៃ ដែលបានបាញ់ចូលភូមិពលរដ្ឋស៊ីវិលខ្មែរ រស់នៅ។ ហេតុនេះ បច្ចុ ប្បន្ននៅតំបន់មួយចំនួនក្នុងភូមិទាំងពីរ អាជ្ញាធរពុំទាន់អនុញ្ញាតឱ្យពលរដ្ឋចូលឡើយ ព្រោះគិតពីសុវត្ថិភាពជាចម្បង ខណ:យុទ្ធភណ្ឌមិនទាន់ផ្ទុះ ទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ក្នុងករណីពលរដ្ឋជួបប្រទះ ឬសង្ស័ យថាមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អាជ្ញាធរអំពាវនាវកុំប៉ះពាល់ ហើយប្រញាប់រាយការណ៍ទៅអាជ្ញាធរមូល ដ្ឋាន ឬមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ (CMAC) ។

 ក្រសួងអប់រំ យុវជននិងកីឡា ក៏បានប្រកាសដែរថា សាលារៀនភាគច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់នៃខេត្តបន្ទាយមានជ័យ បើកដំណើរការថ្នាក់រៀនឡើងវិញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។  ប៉ុន្តែសាលាបឋមសិ ក្សាព្រៃចាន់ និងជោគជ័យ នៅបន្ដបិទទ្វារ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងការខូចខាតសម្ភារៈ។ភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានប្រជាជនប្រមាណ ២៧០គ្រួសារ ដែលមានប្រជាជនប្រមាណ ៧០០នាក់។ ក្នុងនោះ កុមារនៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានផ្អាកការសិក្សារបស់ពួកគេ ឬធ្វើដំណើរចម្ងាយឆ្ងាយជាងនេះ ទៅរៀននៅកន្លែងផ្សេង។

ការចុះទៅពិនិត្យតំបន់ព្រំដែនដែលរងការខូចខាតនៅក្នុងសង្រ្គាម ២១ថ្ងៃ ជាមួយថៃ ពីសំណាក់ក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ (គ.ជ.គ.ម. ) ទៅកាន់តំបន់ព្រៃចាន់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នៅពេលនេះ គឺជាបន្តចុះបំពេញភារកិច្ច ដែលកាលពីពេលថ្មីៗនេះ បន្ទាប់ពីទទួលបានការតែងតាំងពីរាជរដ្ឋាភិបាល ជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ នេះ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារចម្រុះជួបប្រជុំពិភាក្សាជាមួយលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាសមាជិកក្រុមការងារចំពោះកិច្ចនេះ ដើម្បីចាប់ផ្តើមរៀបចំការគិតគូរក្នុងការវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានា ដែលរងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់យោធាថៃ កាលពីពេលថ្មីៗនេះ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ។ នៅក្នុងបេស កកម្មនោះ នៅពេលនោះ លោកបណ្ឌិត ចន ណារិទ្ធ ក៏បានដឹកនាំក្រុមការងារចុះជួបពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាពិសេសពលរដ្ឋដែលលំនៅ ឋានរបស់ពួកគាត់ត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា ព្រមទាំងបានជួបសួរសុខទុក្ខសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀនមួយចំនួនដែលនៅកៀកនឹងតំបន់រងគ្រោះពីការទម្លាក់គ្រាប់ដោយយន្តហោះចម្បាំងរបស់ថៃ ផងដែរ។

 លោក សុខ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ការចុះវាយតម្លៃស្ថានភាពខូចខាតជាក់ស្ដែងតាមភូមិសាស្រ្តនីមួយៗ រួមមានខេត្តបាត់ដំបង និងខេត្តបន្ទាយ មានជ័យ ជាដើម ស្ថិតក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តនីមួយៗ ហើយក្រុមការងាររៀបចំនិងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ នឹងបន្តចុះពិនិត្យនិងវាយតម្លៃការខូចខាតតាមភូមិសាស្រ្តខេត្តដទៃទៀត ជាកិច្ចការបន្តបន្ទាប់ ។

  គួរបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់នេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនិងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័នចម្រុះ និងមានលោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន។

 យោងតាមសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ សមាស ភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទីសិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត, សម្របសម្រួលនិងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធ លើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ, កំណត់ទំហំថវិកានិងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់, សម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជននានា ក្នុងការកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ, រៀបចំយន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ, រៀបចំរបាយការណ៍លទ្ធផលការងារជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យនិងសម្រេច និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល ៕ កុលបុត្រ

RELATED ARTICLES