ភ្នំពេញ ៖ អ្នកឃ្លាំមើល បានលើកឡើងថា ទាក់ទងនឹងបទឈប់បាញ់ កម្ពុជា-ថៃ ដែលបានព្រមព្រៀងឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស លើកទី៣ គណៈកម្មាធិការចម្រុះព្រំដែនទូទៅ (GBC) រវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះ គឺកម្ពុជា គោរពតែឯង ឯថៃ មិនបានគោរពឡើយ ដោយនៅតែបន្តរំលោភអធិបតេយ្យកម្ពុជា ។ ពោលគឺថៃ យកលេសប្រើបទឈប់បាញ់នេះ ដើម្បីឆ្លៀតឱកាសឈ្លាន ពានកម្ពុជា ព័ទ្ធលួសបន្លា ទូកុងតឺន័រ រំលោភយកដីខ្មែរ ធ្វើឲ្យពលរដ្ឋខ្មែរ នៅតាមព្រំដែន ក្លាយជាជនរងគ្រោះ បាត់បង់ដីលំនៅឋាន គ្មានផ្ទះសម្បែងរស់នៅ ។ ដូច្នេះអ្វីដែលថៃ ព្រមានកម្ពុជា ឈប់ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះខ្លួន និងឈប់ឱ្យប្រើពាក្យថា «ថៃឈ្លានពានកម្ពុជា» គឺជាការបិទបាំងភាពទុច្ចរិតរបស់ខ្លួន ដើម្បីកុំឲ្យពិភពលោក ឬអន្តរជាតិ ថ្កោលទោសតែប៉ុណ្ណោះ ។ ប៉ុន្តែរឿងថ្កោលទោស ឬមិនថ្កោលទោស ជារឿងរបស់អន្តរជាតិ អ្វីដែលសំខាន់បំផុត កម្ពុជា ត្រូវរៀបចំឯកសារប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។

គួរបញ្ជាក់ថា ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេត ផ្លាំងគូន (Nikorndej Balankura) បានបដិសេធចំពោះការចោទប្រកាន់របស់កម្ពុជា ដែលថា ប្រទេសថៃ បានឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ ដោយលោកបានដោះសាថា ការចោទនេះ គឺគ្មានមូលដ្ឋាននោះឡើយ ហើយលោកទាមទារឱ្យកម្ពុជា បញ្ឈប់ការផ្សព្វផ្សាយការអះអាងបែបនេះជាបន្ទាន់ ។ លោកបានព្រមានថា ការទាមទារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់បរិយាកាសអំណោយផលដល់ការចរចាដោយសន្តិវិធី ជាពិសេស លោកបានអះអាងថា ក្នុងករណីយោធាថៃ ចូលកាន់កាប់ក្នុងតំបន់នៅតាមបណ្ដោយព្រំដែនកម្ពុជា នោះគឺធ្វើឡើងស្របទៅតាមចំណុចទី២ ក្នុងលក្ខខណ្ឌបទឈប់បាញ់ ដែលជាវិធានការកាត់បន្ថយភាពតានតឹង ហើយករណីនេះ មិនមែនជាការកាន់កាប់ទឹកដីនោះទេ។

លក្ខខណ្ឌទី២ នៃបទឈប់បាញ់ ដែលភាគីថៃ បានយកមកអះអាងនោះ បានតម្រូវឱ្យភាគីទាំង២ រក្សាការឈរ ជើងនៃកងកម្លាំងរបស់ខ្លួន នៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវចល័តទ័ពបន្ថែម ឬល្បាតចូលក្នុងទីតាំងភាគីម្ខាង ទៀតនោះឡើយ។ ក៏ប៉ុន្តែ ផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងនេះ បន្ទាប់ពីបទឈប់បាញ់ បានចូលជាធរមាន យោធាថៃ បានធ្វើសកម្មភាពឈ្លានពានចូលក្នុងទឹកដីកម្ពុជា រាយលួសបន្លា និងទូកុងតឺន័រ ព័ទ្ធយកទឹកដីកម្ពុជា មួយផ្នែក និងឈូសកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ អស់ជាច្រើនខ្នង ហើយកាន់តែធ្ងន់ធ្ងរជាងនេះ ភាគីថៃ បានប្រ កាសដាក់បញ្ចូលទឹកដីដែលឈ្លានពានបានពីកម្ពុជា ទាំងអស់នោះ ទៅក្នុងបូរណភាពទឹកដីថៃ ថែមទៀតផង ។

ក្រៅពីព្រមានមិនឱ្យកម្ពុជា ទាមទារទឹកដីហើយនោះ ក្រសួងការបរទេសថៃ ក៏បានប្រកាសថ្កោលទោសនិងចោទប្រកាន់មកលើកម្ពុជា ថាបានបាញ់ផ្លោងចូលក្នុងទឹកដីថៃ កាលពីដើមខែមករា ឆ្នាំ២០២៦ ផងដែរ។ ភាគីថៃ ទាមទារឱ្យភាគីកម្ពុជា ទទួលខុសត្រូវ និងសុំទោសចំពោះឧប្បត្តិហេតុនេះ បើទោះបីជាក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាករណីផ្ទុះគ្រាប់នៅក្នុងគំនរសំរាម ក៏ដោយ ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា បទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នានោះ មានការអនុវត្តមិនស្មើភាពគ្នានោះឡើយ ដោយសារតែភាគីថៃ បានប្រើប្រាស់ឥទ្ធិពលកម្លាំងយោធា មកដាក់សម្ពាធឱ្យភាគីកម្ពុជា គោរពបទឈប់បាញ់ តែម្នាក់ឯង និងរំលោភលើអធិបតេយ្យរបស់កម្ពុជា ព្រោះទោះបីជាលួសបន្លា និងទូកុងតឺន័ររបស់យោធាថៃ បានខណ្ឌព័ទ្ធយកទឹកដីនិងផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ អស់ជាច្រើនខ្នង រហូតធ្វើឱ្យពួកគាត់រស់នៅតែលតោលយ៉ាងណាក្ដី ក៏ភាគីថៃ នៅតែបដិសេធ និងបិទផ្លូវមិនឱ្យកម្ពុជា ទាមទារថែមទៀត។

លោក ម៉ែន ណាត បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ថា “រដ្ឋាភិបាលកម្ពុជា បានសរសេរក្នុងរបាយការណ៍ កាលពីថ្ងៃទី២ មករា គឺតាមរយៈក្រសួងការបរទេស បញ្ជាក់ថា សៀម ឈ្លានពាន ១៤កន្លែង នៅព្រំដែន ។ ហ្នឹងរបាយការណ៍របស់រដ្ឋាភិបាល តាមរយៈសេចក្ដីថ្លែងការណ៍ហ្នឹង ហើយថៃ កំពុងតែកម្ទេចផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់ដែលខ្លួនកាន់កាប់ ហើយបំផ្លាញនេះ បំផ្លាញនោះ លួចទ្រព្យសម្បត្តិអីថែមទៀត ។ អាហ្នឹងចង់បញ្ជាក់ថា ជាការរំលោភបទឈប់បាញ់ហើយ ។ ក្នុងបទឈប់បាញ់ចុងក្រោយ ក្នុងចំណុច២ កាលពីថ្ងៃ២៧ ធ្នូ ២០២៥ ហ្នឹង គេឲ្យទាហាននៅកន្លែងណា ឈរជើងនៅកន្លែងណាឈរនៅហ្នឹងសិន គេមិនមែនទៅធ្វើនេះ ធ្វើនោះ តាមទំនើងចិត្តអ៊ីចឹងទេ ។ អាហ្នឹងហៅថា រំលោភបទឈប់បាញ់ ហើយចំណុចហ្នឹង គេបញ្ជាក់ថា ឈរសិនចុះ រង់ចាំការដោះស្រាយដោយសន្តិវិធី ។ ក៏ប៉ុន្តែថៃ អត់ទេ! ថៃ ឈរជើងហើយ មិនរងការដោះស្រាយ មិនចូលរួមក្នុងការដោះស្រាយទេ ។ កម្ពុជា បានផ្ញើលិខិតទៅម្ដងជាពីរដង តាមរយៈគណៈកម្មការ JBC ដើម្បីចរចា ដោះស្រាយបញ្ហាបោះបង្គោលព្រំដែនបណ្ដោះអាសន្ន អីអ៊ីចឹង ឆ្លើយតបយឺត ហើយបដិសេធ យកលេសនេះ យកលេសនោះ មិនចូលរួមប្រជុំ ។ រហូតឥឡូវលើកពេលថា រង់ចាំដល់មានរដ្ឋាភិបាលថ្មី របស់ថៃ ទៀត ខែ២ ឯណោះ ហើយមិនដឹងថា មានលេសអីទៀតបន្តបន្ទាប់ ។ ដូច្នេះនៅក្នុងចំណុចទី១ ហ្នឹង គ្រាន់តែចង់បញ្ជាក់ថា ជាការពិតហើយ កម្ពុជា យើងត្រូវបានបង្ខំ ត្រូវបានថៃ ហ្នឹងសង្កត់ឲ្យគោរពបទឈប់បាញ់ តែម្នាក់ឯង ចំណែកថៃ វិញ គឺរំលោភបទឈប់បាញ់ តាំងពីដើម តាំងពីខែ៧ រហូតមកដល់ឥឡូវហ្នឹង នៅតែបន្តរំលោភ ហើយរុកកួន បង្កបញ្ឆេះកំហឹង ដើម្បីឲ្យខ្មែរ ហ្នឹងតបត ។ អាហ្នឹងជាអំពើទុច្ចរិតរបស់ថៃ ជាការឈ្លាន ហើយនិងមានចេតនាទុច្ចរិតជាច្រើនទៀត ពាក់ព័ន្ធនៅក្នុងសំណុំរឿងហ្នឹង” ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “ចំពោះចំណុចពាក់ព័ន្ធអ្វីដែលថៃព្រមានឲ្យកម្ពុជា ឈប់បង្ខូចឈ្មោះខ្លួន និងឈប់ឲ្យកម្ពុជា ប្រើពាក្យថា “ថៃឈ្លានពានកម្ពុជា” ចំណុចនេះ ថៃ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិថៃ អ្នកនាំពាក្យកងទ័ពថៃ អ្នកនាំពាក្យរដ្ឋាភិបាលថៃ អីហ្នឹង និយាយស្រដៀងៗគ្នាថា ខ្លួនហ្នឹង មិនរំលោភឈ្លានពានកម្ពុជា មិនមកឈរជើងក្នុងទឹកដីកម្ពុជា ទេ គឺគេឈរជើងក្នុងដែនអធិបតេយ្យរបស់គេ ហើយចម្លើយយើងឆ្លើយថា ថៃ ឈរជើងនៅឯណា វាអត់ចម្លែកទេ ពីព្រោះសារព័ត៌មានអន្តរជាតិ ដែលមកថតផ្ទាល់ រួមទាំងក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT មកឃើញផ្ទាល់ថា ថៃ មានវត្តមាននៅឯណា? ទោះបីថៃ មិនជឿរដ្ឋាភិបាលកម្ពុជា ជាភាគីជម្លោះ មិនជឿក្ដី ក៏ប៉ុន្តែអន្តរជាតិ គេមិនអាចមើលរំលឹងអ្នកអង្កេតការណ៍ AOT និងអ្នកការទូតរបស់គេ ប្រចាំនៅប្រទេសថៃ នៅប្រទេសកម្ពុជា បានទេ ព្រោះកន្លែងឈ្លានពាន គឺមនុស្សកំពុងតែនៅ មនុស្សកំពុងតែឈរជើង ហើយជាការពិត ថៃ ឈ្លានពានចូលជ្រៅក្នុងទឹកដីកម្ពុជា រួចបោះបន្លាលួសបន្ថែម និងយកទូកុងតឺន័រ ដាក់ធ្វើរបងបន្ថែម រួចចាក់បេតុង ហើយនិងដាក់លេណដ្ឋាន ហើយបង្កៃគ្រាប់បែកនៅតាមបន្លាលួស តាមកុងតឺន័រអីថែមទៀត តាមតំបន់ខ្លះទៀត ។ ដូច្នេះអាហ្នឹងជាការរំលោភឈ្លានពានយ៉ាងគឃ្លើន ជាការរំលោភបទឈប់បាញ់ទាំងពីរទាំងបីលើក ដែលថៃ និងកម្ពុជាសន្យាធ្វើជាមួយគ្នាហ្នឹង“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះកម្ពុជា មិនអាចនៅស្ងៀមបានទេ កម្ពុជា កុំចាប់ អារម្មណ៍រឿងថៃ គេចោទអី គេហាមអី ។ ការហាម ជារឿងរបស់ថៃ ទេ ព្រោះភាគីឈ្លានពាន ខ្លាចខូចឈ្មោះលើឆាកអន្តរជាតិ ម្ល៉ោះហើយ ឈ្លានពានគេហើយ ខ្លាចខូចឈ្មោះធ្វើអី? ម៉្ល៉ោះហើយកម្ពុជា យើងអត់មានទៅខ្វល់រឿងថៃ គេដាក់សម្ពាធយ៉ាងម៉េចទេ តែកម្ពុជា ត្រូវនិយាយដោយត្រង់ៗទៅ ថាឃើញថៃ ឈ្លានពាន ថៃ ឈ្លានពានទៅ ហើយត្រូវបន្តផ្ញើរបាយការណ៍ ធ្វើសេចក្ដីរាយការណ៍លម្អិត ពាក់ព័ន្ធនឹងសកម្មភាពថៃ ធ្វើអីខ្លះ មកលើកម្ពុជា? រួមទាំងថៃ ឈ្លានពានអីខ្លះ មកលើកម្ពុជា? ព្រមទាំងបញ្ជាក់អំពីការខូចខាតទ្រព្យសម្បត្តិខ្មែរ អីខ្លះ មកលើកម្ពុជា ? ផ្ញើទៅស្ថាប័នអន្តរជាតិ ដែលពាក់ព័ន្ធធំៗ ផ្ញើទៅកាន់ក្រុមបណ្ដាប្រទេសដែលជាដៃគូអន្តរជាតិ រួមទាំងចុងក្រោយហ្នឹង ត្រូវភ្ជាប់របាយការណ៍ទាំងអស់ហ្នឹង លម្អិតហ្នឹង ប្ដឹងថៃ ទៅតុលាការអន្តរជាតិ ហើយតុលាការអន្តរជាតិ ខ្ញុំធ្លាប់បញ្ជាក់ហើយ តុលាការអន្តរជាតិ ដែលកម្ពុជា គួរប្ដឹង វាមានពីរកន្លែង ។ ទី១ ប្ដឹងទៅ ICJ គឺតុលាការយុត្តិធម៌អន្តរជាតិ ពីបទថៃ រំលោភឈ្លានពានព្រំដែន និងបំផ្លាញប្រាសាទខ្មែរ តាមព្រំដែន ។ ប្ដឹងទី២ ទៅតុលាការ ICC គឺតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្ដឹងថៃ ពីបទបង្កឲ្យមានសង្រ្គាមឈ្លានពាន និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលធ្វើឲ្យមនុស្សស្លាប់ និងរងរបួស មានជនភៀសសឹករាប់ម៉ឺន រាប់សែននាក់ហ្នឹង ។ អ៊ីចឹងតុលាការដែលកម្ពុជា គួរប្ដឹង វាមានពីរហ្នឹង គឺតុលាការ ICJ និងតុលាការ ICC នៅទីក្រុងឡាអេ នៃប្រទេសហូល្លង់ ។ ចំពោះពាក់ព័ន្ធនឹងការថ្កោលទោស អាហ្នឹង មិនអីទេ ធ្វើឬមិនធ្វើ ជារឿងរបស់អន្តរជាតិ ប៉ុន្តែអ្វីដែលកម្ពុជា ត្រូវតែធ្វើ គឺធ្វើសកម្មភាពការងារទូតហ្នឹង ឲ្យបានសកម្មជាងមុន នៃការទូត ទី១ ។ ទី២ ត្រូវតែកសាងឯកសារប្ដឹង ហើយទី៣ ប្រសិនជាថៃ គឃ្លើនទៀត គឺត្រូវត្រៀមលក្ខណៈការពារខ្លួន ឬក៏ការពារសិទ្ធិស្របច្បាប់របស់ខ្លួន តាមច្បាប់អន្តរជាតិ“ ។

គួរកត់សម្គាល់ថា ក្រោយកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក ភាគីថៃ បានចោទប្រកាន់មកលើកម្ពុជា ថា បានរំលោភលើកិច្ចព្រមព្រៀង ជាច្រើនលើក ដូចជាការបង្ហោះដ្រូន នៅតាមព្រំដែន ការចល័តទ័ព សព្វាវុធ និងសង់លេណដ្ឋានថ្មី ជាដើម។ ក៏ប៉ុន្តែ ក្រសួងមហាផ្ទៃកម្ពុជា បានរកឃើញថា កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថៃ បន្តបង្ហោះដ្រូនរំលោភចូលដែនអាកាស ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ចំនួន ២៧គ្រឿង ក្នុងនោះបង្ហោះចូលខេត្តព្រះវិហារ ២៥គ្រឿង និងខេត្តពោធិ៍សាត់ ២គ្រឿង ។
អ្វីជាការកត់សម្គាល់បន្ថែមទៀត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃ បានចុះផ្សាយថា គណៈ កម្មការព្រំដែនថៃ និងកងទ័ពថៃ ចេញលិខិតបដិសេធសំណើកម្ពុជា សុំប្រជុំ JBC នៅដើមខែមករា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBCថៃ និងយោធាថៃ បដិសេធ មិនទៅប្រជុំ JBC នៅខេត្តសៀមរាប ទឹកដីកម្ពុជា តាមសំណើរបស់ភាគីកម្ពុជា ទេ រង់ចាំនីតិវិធីផ្ទៃក្នុងជាតិ។ ការបដិសេធនេះ ដោយសំអាងថា ថៃ កំពុងរវល់រៀបចំការបោះឆ្នោតផ្ទៃក្នុងជាតិ និងទុកពេលឱ្យយោធាថៃ ពន្លឿនរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនៅព្រំដែន តាមផែនទីខ្នាត ១/៥០ពាន់ របស់ថៃ។

បើតាមអ្នកនាំពាក្យកងទ័ពថៃ លោក សុវ៉ារី ថ្លែងប្រាប់អ្នកកាសែតថៃ ថាដីដែលថៃ វាយដណ្តើមកាន់កាប់ពីកម្ពុជា រួមទាំងប្រាសាទបុរាណនោះ សុទ្ធតែជាទឹកដីរបស់ថៃ ដែលសំអាងទៅលើផែនទីខ្នាត ១/៥០ពាន់ ដែលមេដឹកនាំកម្ពុជា ហៅថាផែនទីចោរ។
ការបដិសេធរបស់ភាគីថៃ នេះ ស៊ីគ្នាទៅនឹងការលើកឡើងរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ និយាយថា ភាគីថៃ ស្នើសុំលើកពេលប្រជុំ JBC នៅខេត្តសៀមរាប។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃភាគីទាំងពីរ ដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃ ស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។

ភាគីកម្ពុជា បានស្នើជាថ្មី ទៅភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សា ដោះស្រាយបញ្ហាមួយចំនួនរួមទាំង ពិភាក្សាលើការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលយោធាថៃ បាននិងកំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់ មិនឱ្យប្រជាពលរដ្ឋកម្ពុជា វិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ៕ កុលបុត្រ