Thursday, January 15, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រយ័ត្នចាញ់បោកកម្ចីអនឡាញ “ម៉ាដាម កម្ចី”

ប្រយ័ត្នចាញ់បោកកម្ចីអនឡាញ “ម៉ាដាម កម្ចី”

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសថា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃើញមានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធនឹងការឆបោកកម្ចីអនទ្បាញ ក្រោមទំព័រហ្វេសប៊ុក ឈ្មោះ “ម៉ាដាម កម្ចី” ។

នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ចាប់អារម្មណ៍ និងទាក់ទងទៅតាមរយៈគណនីហ្វេសប៊ុក (Messenger) ពេលនោះ គេតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាម ឈ្មោះ “ម៉ាដាម អត្រាកម្ចីប្រាក់” ភ្ជាប់នឹងលេខ ០១១ ៩៤០ ៦៩៥។

ក្រោយពួកគាត់ជជែកព្រមព្រៀងតាមតម្លៃស្នើប្រាក់កម្ចីរួចហើយ ជនអនាមិក បានឱ្យពួកគាត់ ថតផ្ញើឯកសារមួយចំនួន មានដូចជា ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការ ជាដើម ហើយបន្ទាប់មក ជនអនាមិក បានផ្ញើ QR Code មកឱ្យពួកគាត់ស្កេន QR Code ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម។ ក្រោយពីទទួលបានប្រាក់ ជនអនាមិកនោះ នៅតែបន្តឱ្យវេរលុយ ជាបន្តបន្ទាប់ រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិក មិនបានឱ្យប្រាក់កម្ចី ដល់ជនរងគ្រោះនោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះបានផ្ញើឱ្យ មកធ្វើការគំរាម និងយករូបថតមិត្តភក្តិ បងប្អូនរបស់ជនរងគ្រោះ នៅក្នុងប្រព័ន្ធសង្គម ហ្វេសប៊ុក យកទៅបង្ហោះបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន មេត្តាពិនិត្យ ពិចារណាឲ្យបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់ តាមអនឡាញ ជាពិសេស សូមពិនិត្យថា តើអ្នកផ្តល់កម្ចីនោះ មានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ? មុននឹងសម្រេចចិត្តក្នុងការខ្ចី ចៀសវាងទទួលនូវហានិភ័យនានា នៅពេលក្រោយ៕

RELATED ARTICLES