Friday, January 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន អរគុណកម្ពុជា សហការចាប់ចេន ហ្ស៊ី មេខ្លោងឧក្រិដ្ឋកម្មអនឡាញ

ចិន អរគុណកម្ពុជា សហការចាប់ចេន ហ្ស៊ី មេខ្លោងឧក្រិដ្ឋកម្មអនឡាញ

ភ្នំពេញ ៖ លោកបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក លីវ ចុងយី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយភាគីចិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហ ប្រតិបត្តិការបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី (Chen Zhi) និងគាំទ្រដល់វិធានការរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ក្នុងជំនួបនោះ លោក នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក លីវ ចុងយី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងចាត់ទុកថា វត្តមាននៃការបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទាំងផ្នែករាជរដ្ឋាភិបាល បក្ស និងប្រជាជនប្រទេសទាំងពីរ ពិសេសគឺការអនុវត្តច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខចិន អំពីស្ថានភាពជាក់ស្តែងនិងពិតប្រាកដរបស់កម្ពុជា គឺកម្ពុជា ជាប្រទេសមួយរងគ្រោះ ដោយសារបទល្មើសឆបោកនេះ ដោយហេតុថា ជនល្មើសទាំងអស់ បានយកទីទាំងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ ដូច្នេះហើយទាមទារឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ កាន់តែស្អិតល្មួតបន្ថែមទៀត។

លោក នេត សាវឿន បានគូសបញ្ជាក់ថា វត្តមានរបស់មិត្តចិន ដែលមកបំពេញទស្សនកិច្ចនៅពេលនេះ ក៏ស្របពេលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងតែប្រើ ប្រាស់វិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញគ្រប់ទម្រង់ទាំងអស់។ លោកសង្ឃឹមថា ភាគីចិន និងកម្ពុជា និងបន្តពង្រឹងលើការងារប្រឆាំងឧក្រិដ្ឋកម្មអនឡាញនេះបន្ថែមទៀត។

ទន្ទឹមនឹងនេះលោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានថ្លែងអំណរគុណដល់រាជរេដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការក្នុងការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋកម្មអន ឡាញ ចេន ហ្ស៊ី (Chen Zhi) ដែលនេះគឺជាការរួចចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រ ទេសចិន។

ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខចិន បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអន ឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM), អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុក របស់សម្តេចហ៊ុន ម៉ាណែត  អំពាវនាវឱ្យជនរួមជាតិរួមគ្នាជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ជាដើម៕

RELATED ARTICLES