Saturday, January 17, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋភៀសសឹក ៣០ម៉ឺននាក់ ទទួលការអប់រំពីគ្រោះថ្នាក់គ្រាប់មិនទាន់ផ្ទុះ

ពលរដ្ឋភៀសសឹក ៣០ម៉ឺននាក់ ទទួលការអប់រំពីគ្រោះថ្នាក់គ្រាប់មិនទាន់ផ្ទុះ

ភ្នំពេញ ៖ ក្រោយមានការឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ជាលើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលដៅបន្ទាន់ ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ មុនពេលប្រជាជនភៀសសឹក វិលត្រឡប់ទៅលំនៅឋានវិញ។

ជាមួយគ្នានោះ អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពីវិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

អនុវត្តតាមសេចក្តីណែនាំនេះ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ប្រជាជនភៀសសឹកប្រមាណ៣០ម៉ឺននាក់ ក្នុងចំណោមប្រជាជនភៀសសឹកសរុប ចំនួនជាង៥៤ម៉ឺននាក់ បានទទួលការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមមណ្ឌលជនភៀសសឹក ក្នុងខេត្តចំនួន៧ រួមមាន ខេត្តពោធិ៍សាត់ បាត់ ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង ព្រះវិហារ និងឧត្តរមានជ័យ។

ជាមួយនឹងយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បាននិងកំពុងប្រមូលយកទៅកម្ទេចចោល យុទ្ធភណ្ឌគ្រប់ប្រភេទ និងបន្តធ្វើការស្រាវជ្រាវនិងបោសសម្អាតទីតាំងមួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជនភៀសសឹក មុនពេលពួកគាត់វិលត្រ ឡប់ទៅលំនៅឋានវិញ។

ឆ្លៀតក្នុងឱកាសនោះផងដែរ តាងនាមឱ្យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រសួងស្ថាប័នជំនាញ ប្រតិបត្តិករបោសសម្អាតមីន កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធសកម្មភាពមីន ដទៃទៀត ដែលបានចូលរួមគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ លើប្រជាជនភៀសសឹក។

អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងតម្រង់គោលដៅបោសសម្អាតនៅតាមតំបន់ដែលរងផល ប៉ះពាល់ដោយសារសង្គ្រាម ក្នុងការរួមចំណែកគាំទ្រដល់ការស្តារហេដ្ឋារចនាសម្ព័ន្ធ ដូចជា វត្តអារាម ប្រសាទបុរាណ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បុស្តិ៍រដ្ឋបាល ផ្សារ ស្ពាន ជាដើម និងរៀបចំលំនៅឋានឡើងវិញ ជូនប្រជាជនរងគ្រោះ។

អាជ្ញាធរមីន នឹងបន្តកិច្ចសហការជាមួយប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកធនធានបន្ថែម សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗ នៅកម្ពុជា៕

RELATED ARTICLES