Saturday, January 17, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដាច់លុយ លួចទូរស័ព្ទ ជាប់ខ្នោះ

ដាច់លុយ លួចទូរស័ព្ទ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្រោយពីដាច់លុយចាយ បែកគំនិតធ្វើសកម្មភាពលួចទូរស័ព្ទដៃ នៅតូបលក់ចានឆ្នាំង ១កន្លែង និងត្រូវបានម្ចាស់ស្គាល់ភិនភាគច្បាស់ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ។

ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចតូបលក់ចានឆ្នាំង មួយកន្លែង ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ រស់ រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះស៊ឹម ចាន់ថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន ទូរស័ព្ទដៃ ម៉ាក AWESOME ពណ៌មាស ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះឯភ្នំពេញ ដើម្បីរៀបចំអីវ៉ាន់យកមកលក់ នៅមុខរោងចក្រមួនតៃ (កន្លែងកើតហេតុ)។ ពេលនោះ ស្រាប់តែប្រពន្ធរបស់គាត់បានទូរស័ព្ទ មកប្រាប់ថា មានចោរចូលលួចទូរស័ព្ទទៀតហើយ ដោយប្រពន្ធគាត់ស្គាល់ភិនភាគនិងឈ្មោះជនសង្ស័យច្បាស់ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ដកហូតបានវត្ថុតាងជាក់ស្តែង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃរបស់ជនរងគ្រោះមែន ដើម្បីយកទៅលក់ ព្រោះដាច់លុយចាយ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES