ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅផ្ទះលេខ១០៤ ផ្លូវ R13 បុរីប៉េងហួត ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនជាតិចិន ចំនួន១៣នាក់ ដកហូតគ្រឿងញៀន អាវុធខ្លី និងគ្រាប់បែក ព្រមទាំងវត្ថុតាងមួយចំនួន។ជនបរទេសដែលស្នាក់នៅផ្ទះខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សរុបចំនួន១៣នាក់ (ស្រី៥នាក់) សុទ្ធតែជាជនជាតិចិន។


ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួន រួមមាន អាវុធខ្លី ម៉ាក Glock 19 ចំនួន១ដើម។ គ្រាប់អាវុធខ្លី ចំនួន ៩០គ្រាប់។ គ្រាប់អាវុធវែង ចំនួន២៤គ្រាប់។ គ្រាប់បែកក្រឡាទៀប ១គ្រាប់ (ដោះគីបចេញ)។ ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន៥កញ្ចប់ (ថង់ធំល្មម)។ ថ្នាំគ្រាប់ពណ៌ផ្កាឈូក មានអក្សរ WY ចំនួន១៣៤គ្រាប់។ ឧបករណ៍ជក់គ្រឿងញៀន មួយចំនួន។ ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន។ ខ្នោះដៃ ២គូ និងទូរស័ព្ទដៃ ចំនួន៤៨គ្រឿង។


ជនសង្ស័យទាំង១៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅសាកសួរ និងបន្តនីតិវិធីច្បាប់៕
