ខេត្តកែប ៖ ក្មេងទំនើង ១ក្រុម មានរហស្សនាម OBH បាននាំគ្នាបង្កសកម្មភាពអុកឡុកពេញដងផ្លូវ ដោយជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យ និងថែមទាំងដេញកាប់ចាក់គ្នាប្រសាចពេញផ្លូវ ទីបំផុតត្រូវបានកម្លាំងជំនាញអាវុធហត្ថ ចុះអន្តរាគមន៍បង្ក្រាប ដោយឃាត់ខ្លួនបានចំនួន ៧នាក់ ព្រមទាំងដកហូតវត្ថុតាង កាំបិតសាមូរ៉ៃ ចំ នួន២ដើម។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កម្លាំង កងរាជអាវុធហត្ថខេត្តកែប លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប ដឹកនាំកម្លាំងដោយផ្ទាល់ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះ ស្រាវជ្រាវប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងក្រុម OBH ប្រដាប់ដោយកាំបិតសាមូរ៉ៃ បានធ្វើសកម្មភាពអុកឡុក បង្ហោះម៉ូតូ និងដេញកាប់គ្នាលើផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យក្នុងក្រុងកែប ខេត្តកែប។

ករណីនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនក្មេងទំនើង ចំនួន៧នាក់ និងដកហូតបានវត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន២គ្រឿង ទូរស័ព្ទដៃ ចំនួន៤គ្រឿង និងកាំបិតសាមូរ៉ៃ ចំនួន២ដើម។

ក្រុមក្មេងទំនើងទាំង៧នាក់ខាងលើ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
