Sunday, November 24, 2024
Homeបច្ចេកវិទ្យាBlack Badge បង្ហាញ​រូបឆោម​ក្នុងពិព័រណ៍រថយន្ត​​បាងកក

Black Badge បង្ហាញ​រូបឆោម​ក្នុងពិព័រណ៍រថយន្ត​​បាងកក

Rolls​-​Royce ស៊េរី Black Badge បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរ​ជាតិ​ក្រុង​បាង​កក

ទីក្រុង​បាងកក ថ្ងៃទី 28 ខែមីនា ឆ្នាំ 2017

រថយន្ត Rolls-Royceស៊េរី Black Badgeជា​រថយន្តដែល​មានលក្ខណៈ​មួយបែបទៀត​របស់​កំពូល​រថយន្ត​ប្រណីត​ឈាន​មុខ​គេ​របស់ពិភព​លោក ត្រូវ​បាន​បង្ហាញ​​ឲ្យ​ប្រជាជន​អាស៊ីអាគ្នេយ៍​បាន​ឃើញ​ជាលើក​ដំបូង​នៅ​ក្នុងពិព័រណ៍​រថយន្តអន្តរជាតិ​ក្រុង​បាងកក​លើកទី 38។ ខណៈដែល​មនុស្សម្នា​ផ្ដោត​លើ​សាល Challenger Hallនៃ​មជ្ឈមណ្ឌល​ពិព័រណ៍ Impactរថយន្ត Rolls-Royceម៉ូដែល Wraith Black Badgeបាន​ក្លាយ​ជា​តួអង្គ​លេច​ធ្លោ ។

រថយន្ត Rolls-Royce Black Badgeគឺផ្ដោត​លើ​អតិថិជន​​វ័យ​ក្មេង មានភាពជឿជាក់ ជាអ្នក​ដែល​ចូល​ចិត្ត​បំពាន​លើ​វិន័យ និង​អ្នក​​ដែល​ហ៊ាន​ធ្វើ​អ្វីដែលថ្មី ពោលគឺអ្នក​ដែល​ប្រឹង​ប្រែង​ធ្វើការ​នៅពេលថ្ងៃ ប៉ុន្តែ ក៏​និយម​ចូលចិត្ត​ការ​លេង​កម្សាន្ត​នៅពេល​ស្បៃ​រាត្រីចូលមកដល់ ។ ស្មារតីនេះគឺ​ស្រប​គ្នា​នឹង​ភាពមោះមុត​របស់​​បុគ្គល​ឆ្នើមឈាន​មុខ​​ដូចជាលោក​Muhammed Ali និង សហស្ថាបនិករបស់​យីហោ Rolls-Royceនៃយើង គឺលោក Charles Rolls ដែលមាន​ការ​ជួបជុំគ្នា​ឥតដែន​កំណត់ និង​ខិត​ខំប្រឹង​រុញច្រានធ្វើយ៉ាងណាសម្រេចការងារ​ទៅ​​តាម​ចក្ខុ​វិស័យ​របស់​ខ្លួន ។

លោក Paul Harrisនាយក​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃ​ក្រុមហ៊ុន​រថយន្ត Rolls-Royce បា​ន​មាន​ប្រសាសន៍​ថា៖ “ស្របពេលដែល​តំបន់អាស៊ីអាគ្នេយ៍​​បាន​ប្រែក្លាយយ៉ាងលឿន​ជា​ចំណុច​ស្នូល​របស់ពិភព​លោក សម្រាប់​​សហគ្រិន​ជោគជ័យ​ខ្លាំង​ និង​មានវ័យ​ក្មេងជា​​ច្រើន បាន​​ងាក​ចេញពី​ទម្លាប់​ប្រពៃណីធម្មតា ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​លេច​ធ្លោ ដូច្នេះហើយ​ទើប​រថយន្ត Rolls-Royce Black Badgeបាន​ដាក់ចេញ នូវ​រថយន្ត​ដែលមានផ្ទៃ​ងងឹត និង​មានលក្ខណៈមុត​មាំជាង​មុន ដើម្បី​តម្រូវ​តាម​ឥរិយាបថ​នៃ​មនុស្ស​ទាំងអស់នេះ” ។

លោក​បាន​បន្តទៀតថា៖ “អតិថិជនទាំងអស់នេះ គឺមានភាពជឿជាក់ មាន​ការ​ទាមទារ​ច្រើន និង​មិន​ខ្លាច​ក្នុង​ការ​បើក​បរ​ដើម្បីគ្រប់គ្រងការ​ធ្វើដំណើរ​ទៅមុខ​នោះទេ ។ រថយន្ត Black Badgeគឺជាចម្លើយ​ដ៏ល្អឥត​ខ្ចោះ សម្រាប់​ការ​ច្នៃកុម្ម៉ង់រថយន្តបែប Bespokeសម្រាប់​អ្នកជា​ម្ចាស់ផង​ ជា​អ្នក​បើក​បរ​ខ្លួនឯងផង ដែល​មាន​ចរិត​ប្លែក ម៉ឺង​ម៉ាត់ និង​ស្វាហាប់ទាំងនេះ” ។

យោង​តាម​លោក SunthornpanDhechatechនាយក​គ្រប់គ្រង​​ក្រុមហ៊ុន​រថយន្ត Rolls-Royceក្រុង​បាងកក បាន​ឲ្យដឹងថា រថយន្ត Black Badgeបាន​បង្ហាញ​ឲ្យឃើញ​នូវរចនាបថ ​គំរូ ថ្មី​សម្រាប់​អតិថិជន​របស់ខ្លួន។

លោកបាន​ឲ្យដឹងថា៖ “មូលដ្ឋានអតិថិជន​រថយន្ត Rolls-Royceនៅពេលនេះ​ កាន់តែ​ទូលំទូលាយ វ័យ​កាន់តែ​ក្មេង​ជាង​មុន ដោយ​ក្នុងនោះ​បុគ្គល​ដែល​មានប្រាក់ចំណូល​មហា​ខ្ពស់ (UHNWIs)កាន់តែ​ផុស​ផុល​តាមរយៈអាជីវកម្ម​ដែលទទួលជោគជ័យ​យ៉ាង​សម្បើម” ។

លោក​បាន​បន្តទៀតថា៖ “​ម៉ូដែល Wraith Black Badgeដែល​មាន​រូបរាង​ក្រម៉ៅ និង​ហាប់ជាង​មុន គឺជា​និមិត្ត​សញ្ញា​នៃភាពជោគជ័យ​​សម្រាប់​សហគ្រិន​វ័យ​ក្មេងទាំងអស់នេះ ហើយ​នេះជាតឹកតាង ក៏ដូចជា​រង្វាន់​សម្រាប់​ដំណើរជីវិត​ដែលគេ​បានជ្រើសរើស” ។

ពណ៌ខ្មៅពោរពេញដោយអំណាច

ការ​ប្លែង​ខ្លួន​របស់​រថយន្ត Rolls-Royce Wraithទៅជារថយន្ត Wraith Black Badgeចាប់​ផ្ដើម​ចេញពី​ “នារីហោះ​ហើរ” ជា​និមិត្តរូប​របស់​រថយន្ត គឺ​​ទេវរូប Spirit of Ecstasy ។ ទេវរូប​នេះ​មិន​បាន​ផ្លាស់ប្ដូរ​ការ​រចនា ទ្រង់ទ្រាយ ឬ​វត្ថុ​ធាតុ​ផលិតនោះទេ ប៉ុន្តែ ផ្លាស់ប្ដូរ​ពណ៌​ ដើម្បី​​ឲ្យ​បានក្លាយជា​ពណ៌ខ្មៅ​ ទៅតាមស៊េរី Black Badge។ ទេវរូប​ស្រី​នោះ​ប្រែក្លាយជា​​នារី ​ពណ៌ខ្មៅ​ភ្លឺ​រលោងចិញ្ចាច​ ដែលកំពុង​តែបង្ហាញ​ខ្លួននាំ​ផ្លូវ​ទស្សនា​ទិដ្ឋភាព​ទីក្រុង​នាពេល​រាត្រី ។

​អក្សរ RR នៅ​ពីមុខ ពីចំហៀង​ និង​នៅផ្នែក​ខាង​ក្រោយ​ របស់ម៉ូដែល Wraithបាន​ប្រែបញ្ច្រាស​ទៅជា​ពណ៌ទឹកប្រាក់ ​នៅ​លើ​ផ្ទៃ​ខ្មៅ​វិញ ។ ចំណែកឯ​ផ្នែក​ដែល​មានពណ៌ក្រូម ដូចជា​ប៉ាណា​ខាង​មុខ គូថ​រថយន្ត ប្រហោង​កាងមុខ​ផ្នែក​ខាង​ក្រោម និង​ស៊ីម៉ាង បាន​ប្រែ​ជា​ពណ៌​ក្រម៉ៅ ដើម្បី​បន្លំខ្លួន​​នៅពេល​ផ្ទៃ​មេឃគ្រប​ដណ្ដប់​ដោយ​ស្បៃ​រាត្រី​ងងឹត ។

រថយន្ត​ស៊េរី Black Badgeនឹងតម្រូវ​ឲ្យ​ការ​ផលិត​រថយន្ត​ពណ៌ខ្មៅ កាន់តែ​ក្រាស់ដិត​មួយកម្រិត​ទៀត ។ ថ្នាំ​ និងវ៉ែនី ​ជា​ច្រើន​ស្រទាប់ សម្រាប់​ការ​បង្កើត​រថយន្ត​ស៊េរី Black Badgeពណ៌ខ្មៅ នឹង​ត្រូវ​ដុសខាត់ដោយដៃជា​ច្រើន​លើក​ច្រើន​សា ហើយ​នេះ​ជាដំណើរការ​ដុសខាត់ពណ៌​ផ្ចិត​ផ្ចង់​​បំផុត​ ។ លទ្ធផល​ដែល​ទទួល​បាន​គឺ ពណ៌ខ្មៅងងឹត​ជាង​ស្បៃ​រាត្រី ដែល​ដិត និងហាប់ខ្លាំង​ជាងគេ​បំផុត​ បើធៀប​នឹង​ពណ៌ខ្មៅ​ធម្មតា​សម្រាប់ផ្ទៃ​រថយន្ត​ទូទៅ ។  ប៉ុន្តែ ដោយសារ​តែ​ការ​កុម្ម៉ង់​បែប Bespokeគឺជា​របស់​រថយន្ត Rolls-Royceដូច្នេះ អតិថិជន​អាច​កំណត់​ពណ៌​តាម​ការ​ចង់​បានសម្រាប់​ផ្ទៃ​ខាង​ក្រៅ និង​ផ្ទៃ​ខាង​ក្នុង​នៃ​រថយន្ត Rolls-Royce Black Badgeរបស់ខ្លួន ។

ការ​បំប្លែង​ឲ្យកាន់តែខ្មៅងងឹត

ដំណើរការ​បំប្លែង​ឲ្យ​កាន់តែ​ខ្មៅ​ងងឹត​​គឺ​ចាប់តាំងពី​តាប្លូ​របស់​រថយន្ត Wraith Black Badge។ ក្នុងនោះ​ ចំណុច​សំខាន់​នៃ​កាប៊ីនផ្នែក​ខាង​មុខ​នៃ​រថយន្តនេះគឺមាន​ផ្ទៃ​​ដែលធ្វើពី​សរសៃ​កាបូន​ ផ្សំនឹង​អាលុយ​មីញ៉ូម ដែលមានគុណភាព​លំដាប់​អវកាស ។ សរសៃ​អាលុយ​មីញ៉ូម​ដែលមាន​កម្រាស់​ត្រឹមតែ 0.014 មីលីម៉ែត្រ​ ត្រូវ​បាន​យកទៅត្បាញបញ្ចូលគ្នា​​មុន​ពេល​បញ្ចូលគ្នា​ជាមួយ​នឹង​សរសៃ​កាបូន ​តាមរយៈដំណើរការ​យ៉ាង​ផ្ចិត​ផ្ចង់ និង​យក​ចិត្ត​ទុក​ដាក់ ហើយ​បង្កើត​បានជា សម្ភារៈ​កំពូលប្រណីត​​ថ្មី​បំផុត​ក្នុង​ពិភព​លោក ។

រូបសញ្ញា “អានន្ទ​” ​ត្រូវ​បាន​​ផ្ដិត​ជាប់​នឹង​ផ្ទៃ​របស់​តាប្លូរបស់​រថយន្ត​នេះ នៅ​លើ​ខ្នើយ​ ក៏ដូចជាប៉ាក់ឌិន​ជាប់​នឹង​​ពូក​​ ដើម្បី​ជា​និមិត្ត​សញ្ញា​បង្ហាញ​ពី​ឥរិយាបថ​របស់​ម៉ូដែល Black Badgeដែល​​ត្រូវ​យក​ឈ្នះ ឬ​ព្រងើយ​កន្តើយ​ចំពោះ​ដែន​កំណត់​ដែល​កំណត់​ដោយ​ការ​ជួបជុំ​បែប​សង្គម ។ ការ​តុប​តែង​បញ្ចប់? គឺអំពូល​ភ្លើង​សម្រួល​អារម្មណ៍ ដែល​បញ្ចេញ​មកពី​កញ្ចុំ​ភ្លើង​ផ្កាយ​នៅ​ផ្នែក​ខាង​ក្រោយ ដែល​ប្រៀ​ប​បាន​នឹង​សុរិយា​រៀប​អស្ដង្គត​ ដែល​បាន​បំភ្លឺ​នៅក្នុង​រថយន្ត ដើម្បី​បង្កើត​បានជា​ពន្លឺ​ងងឹត ។

ប្រព័ន្ធឌីណាមិក​ខ្លាំង

ម៉ូដែល Wraithគឺជា​រថយន្ត​ Rolls-Royceដែលមានកម្លាំង​ខ្លាំងបំផុត គឺ 623hp។ ម៉ូដែល Wraithជា​រថយន្ត​ដែលផលិតឡើង​ផ្ដោត​លើអ្នកដែលចូលចិត្ត​​បើកបរ​រថយន្ត ។ ដើម្បី​បង្កើត​បានជា​រថយន្ត Wraith BlackBadge ក្រុម​វិស្វករ​​បានបញ្ចូល​នូវ​កម្លាំង​រង្វិលជុំ​បន្ថែម (+70Nm)ទៅលើ​កម្លាំង​ដែលមានស្រាប់​ ជាមួយ​នឹង​ប្រព័ន្ធ​បូម​ខ្យល់​ដែលរចនា​ថ្មីទាំង​ស្រុង កាឡេ​ប្រភេទ​ថ្មី និង​ប្រអប់លេខដែលមាន 8 លេខ ដើម្បី​ផលិត​បានជា​រថយន្ត ដែលខ្លាំង​ជាងមុនផ្ដោត​លើ​អ្នក​ដែលចូល​ចិត្តបើកបរ​​ ប៉ុន្តែ នៅតែ​រក្សា​ធាតុផ្សំសំខាន់​ដែលជួយ​ឲ្យ​ការបើក​បរ ដោយមិនបាច់ខំប្រឹង​ ប្រៀប​បាន​នឹង​ “ការជិះលើកម្រាលព្រំទិព្វ” ដូច្នេះ​ដែរ ។

ផ្នែក​ខាង​ក្រោម​នៃ​ស៊េរី Black Badge ដែល​ភ្ជាប់ទៅលើ​​​ដី គឺ​កង់​ធ្វើពីសរសៃកាបូន និងថាសកង់​​អាលុយ​មីញ៉ូម​ស្រាល ដែល​ត្រូវ​បានអភិវឌ្ឍ​ដោយ​ប្រើពេល​ជាង 4 ឆ្នាំ ។ កង់​ប្រភេទ​ថ្មីនេះ​ ​បំពាក់​ដោយសរសៃ​កាបោន22 ស្រទាប់ ដែល​ភ្ជាប់​នៅ​លើ​អ័ក្សទាំង​បី ហើយបក​ត្រឡប់មកគែម​ខាង​ក្រៅ​នៃ​គែម​ថាស​កង់​ ដើម្បី​បង្កើត​បានជាស្រទាប់កាបូន44 ស្រទាប់​ ដែលនាំ​ឲ្យ​ថាស​កង់​មានភាព​រឹង​មាំ ។ ភាព​រឹង​មាំនេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹង​មាំថែមទៀត តាមរយៈការ​បន្ថែម​ដុំ​កណ្ដាល​កង់​​បែប 3Dដែលធ្វើពីអាលុយមីញ៉ូម​លំដាប់​​គ្រឿង​យន្តហោះ ហើយភ្ជាប់​ទៅ​កាន់ថាស​កង់​ ដោយ​ប្រើ​ខ្ចៅ​ជាតិទីតាញ៉ូម ។

រថយន្ត Wraith Black Badgeក្នុងទីក្រុង​បាង​កក

រថយន្ត Wraith Black Badgeដែល​បាន​បង្ហាញ​ជា​លើក​ដំបូង​​ដល់​អតិថិជន​នៅអាស៊ីអាគ្នេយ៍​គឺជា​គំរូមួយ​ទៀត​នៃ​ការ​ផលិត​បែប Bespokeដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្សំផ្គុំ​គ្នា​រវាង​ពណ៌ខ្មៅ និង​ក្រហម ។ បច្ចុប្បន្ន អតិថិជន​​អាច​កុម្ម៉ង់​​រថយន្ត​Rolls-Royceម៉ូដែល Wraith Black Badgeសម្រាប់​ឆ្នាំ2017 បាន ។

តម្លៃ​លក់​រាយ (នៅប្រទេស​ថៃ) ​ចាប់ពី34.9 លាន​បាត (ជាង 1 លានដុល្លារ) ។

តម្លៃ​គឺអាស្រ័យ​លើ​លក្ខណៈបច្ចេក​ទេស​របស់ Bespoke។

-ចប់-

RELATED ARTICLES