ភ្នំពេញ ៖ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ និងជ្រើសតាំងតំណាងរាស្ត្រ នាពេល ខាងមុខ គណបក្សប្រឆាំង បានផ្តោតសំខាន់ លើការបណ្តុះបណ្តាលគ្រូបង្គោលរបស់បក្ស ជាពិសេសលោកកឹម សុខា ប្រធានស្តីទីគណបក្ស បានដាក់ចេញនូវយុទ្ធសាស្ត្រ៣ សម្រាប់គ្រូ បង្គោលទាំងនោះ យកទៅប្រើអនុវត្ត ដើម្បី ទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។
លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បានទទួលជួបជាមួយព្រះសង្ឃ និង ប្រជាពលរដ្ឋមកពីស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំប្រទល់ប្រទេសវៀតណាម ហើយលោក បានជម្រាបជូនថា ត្រូវតែបន្តការតស៊ូ ដោយ អហិង្សាតទៅទៀត ដើម្បីអនាគតរបស់ប្រទេស ជាតិ និងអនាគតកូនចៅទាំងអស់គ្នា។
ដោយឡែក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៦ ក្នុងការបន្តស្នាក់នៅក្នុងទីស្នាក់ការ កណ្តាលគណបក្ស និងក្នុងនាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ក៏បាន ចូលរួមថ្លែងចំណាប់អារម្មណ៍បើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលទាំង១៩៧ ក្រុង-ស្រុក-ខណ្ឌ ក្រុម ទី១ វគ្គទី២។
លោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃនោះថា “ថ្លែងទៅកាន់ សិក្ខាកាមព្រឹកនេះ ខ្ញុំបានសំណូមពរដល់ឃោសនិក ក៏ដូចជាគ្រូបង្គោលរបស់គណបក្សសង្គ្រោះជាតិទាំងអស់ថា ដើម្បីទាក់ទាញការគាំទ្រពី ប្រជាពលរដ្ឋម្ចាស់ឆ្នោត សំខាន់យើងត្រូវ ៖
ទី១-ធ្វើឱ្យប្រជាពលរដ្ឋស្គាល់យើង ៖ ស្គាល់គណបក្សសង្គ្រោះជាតិ មុននឹងគាត់ស្គាល់ យើង យើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ តើយើង ជានរណា? យើងខុសគេត្រង់ណា?
ទី២-ឱ្យប្រជាពលរដ្ឋជឿលើយើង ៖ ដើម្បី ឱ្យជឿលើយើង យើងត្រូវជឿលើខ្លួនឯង ជឿ លើគណបក្ស និងជឿជាក់លើថ្នាក់ដឹកនាំខ្លួន។
ទី៣-សុំឱ្យប្រជាពលរដ្ឋជួយយើង ៖ ក្រោយ ពីប្រជាពលរដ្ឋស្គាល់យើង ជឿជាក់លើយើង ហើយ យើងត្រូវសុំឱ្យគាត់ជួយយើង គឺជួយទៅ ធ្វើអត្តសញ្ញាណប័ណ្ណ ជួយទៅចុះឈ្មោះបោះ- ឆ្នោត និងសុំគាត់បោះឆ្នោតឱ្យយើង”។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនោះ លោកកែវ ភីរម្យ សមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ក៏បានធ្វើសន្និសីទសារព័ត៌មានស្តីអំពី “ការវិវត្តនៃស្ថានភាពនយោបាយ” ដោយបានលើកឡើង៥ចំណុច រួមមាន ៖
១-កម្មវិធីខួប៤ឆ្នាំនៃការបង្កើតគណបក្សសង្គ្រោះជាតិ។
២-គណបក្សសង្គ្រោះជាតិ ថ្កោលទោស ចំពោះអំពើភេរវកម្មនៅប្រទេសបារាំង។
៣-គណបក្ស កំពុងបណ្តុះបណ្តាលគ្រូបង្គោល ទាំង ១៩៧ ក្រុង-ស្រុក-ខណ្ឌ ក្រុមទី១ វគ្គទី២។
៤-គណបក្សនឹងធ្វើការតស៊ូមតិនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
៥-គណបក្សនៅតែបន្តការតស៊ូមតិ នៅ ទីស្នាក់ការកណ្តាល រហូតដល់មានដំណោះស្រាយ នយោបាយដែលអាចទទួលយកបាន។
លោកកែវ ភីរម្យ មានប្រសាសន៍ថា “សូម ជម្រាបថា នៅថ្ងៃទី១៧ កក្កដា នេះ តាមពិតគណបក្សសង្គ្រោះជាតិ នឹងធ្វើពិធីបុណ្យ៤ឆ្នាំ នៃការ បង្កើតគណបក្ស តែដោយកាលពី២ថ្ងៃមុននោះ យើងបានទទួលដំណឹងថា សពលោកបណ្ឌិត កែម ឡី ត្រូវបានហែទៅកាន់ខេត្តតាកែវ យើង ក៏លើកថ្ងៃទៅថ្ងៃទី១៨ ដើម្បីទុកឱកាសឱ្យ ថ្នាក់ដឹកនាំ ឬក៏សមាជិក សមាជិកាគណបក្ស សង្គ្រោះជាតិ ចូលរួមក្នុងការដង្ហែសពលោកបណ្ឌិត នៅក្នុងថ្ងៃអាទិត្យ ស្អែកនេះ ប៉ុន្តែមក ដល់យល់មិញនេះ យើងបានទទួលដំណឹងថ្មីថា សព្វលោកបណ្ឌិត បានតម្កល់ទុកនៅវត្តចាស់ ដដែល ប៉ុន្តែគណបក្សសង្គ្រោះជាតិ ក៏មិនបាន ប្តូរកម្មវិធីក្នុងការធ្វើពិធីរំលឹកខួបឆ្នាំទី៤ នៃ ការបង្កើតគណបក្សសង្គ្រោះជាតិ ដែរ។ ដូច្នេះ ខ្ញុំឆ្លៀតឱកាសនេះ សូមគោរពអញ្ជើញដល់ សមាជិក សមាជិកា របស់គណបក្សនៅជិត ឆ្ងាយទាំងអស់ គឺសុំជូនជាដំណឹងផងថា គណបក្ស នឹងប្រារឰពិធីបុណ្យរំលឹកខួបឆ្នាំទី៤ នៃ គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទ ទី១៨កក្កដា នៅ វេលាម៉ោង៨ព្រឹក។ ក្នុងពេលនេះដែរ ក្នុងនាម គណបក្សសង្គ្រោះជាតិ ខ្ញុំសូមសម្តែងនូវការ ចូលរួមមរណទុក្ខដ៏ក្រៀមក្រំចំពោះជនរងគ្រោះ ដែលនៅក្នុងប្រទេសបារាំង ដែលកាលពីថ្ងៃ ទី១៤ កក្កដា កន្លងទៅនេះ គឺមានអំពើភេរវកម្ម មួយនៅទីក្រុងនីស ដែលបានសម្លាប់ប្រជាពល រដ្ឋ បារាំងចំនួន៨៤នាក់ ហើយនឹងមានមនុស្ស រាប់រយនាក់ទៀតដែលត្រូវរងរបួស។ គណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាងខ្លាំង ចំពោះ អំពើហិង្សា អំពើភេរវកម្មនេះ។ ថ្ងៃចន្ទនេះ គណបក្ស នឹងបញ្ជូនគណៈប្រតិភូទៅចូលរួមមរណទុក្ខ នៅស្ថានទូតបារាំង។ ចំពោះការងារនៅក្នុង បក្ស គឺថ្ងៃនេះ គឺការបណ្តុះបណ្តាលដើម្បីពង្រឹង ការចូលរួមក្នុងការចុះឈ្មោះបោះឆ្នោត ដែល យើងនឹងធ្វើនៅឆ្នាំ២០១៧-២០១៨ ខាងមុខ នេះ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅព្រឹកថ្ងៃនេះ ហើយនិងថ្ងៃស្អែក។ ថ្ងៃចន្ទនេះ គឺរដ្ឋសភា នឹងបើកកិច្ចប្រជុំដែលចូលរួមដោយសមាជិក សមាជិកាអចិន្ត្រៃយ៍របស់សមាជិករដ្ឋសភា គណបក្សសង្គ្រោះជាតិ បានសម្រេចបញ្ជូនប្រធាន សមាជិកអចិន្ត្រៃយ៍ដែលមាននៅក្នុងរដ្ឋសភា ហ្នឹងទៅចូលរួម។ ទៅចូលរួមនេះ ដើម្បីជជែក បង្ហាញពីគោលជំហររបស់គណបក្សសង្គ្រោះ- ជាតិ។ សូមជម្រាបថា នៅថ្ងៃចន្ទនេះ គេប្រជុំ មានរបៀបវារៈ៣ ក្នុងនោះទី១ គឺការដកអភ័យ- ឯកសិទ្ធិរបស់សមាជិកសភា២រូប គឺឯកឧត្តម តុ វ៉ាន់ចាន់ និងឯកឧត្តមពិន រតនា ហើយទី២ ទៀត គណៈកម្មាធិការអចិន្ត្រៃយ៍ហ្នឹង នឹងពិនិត្យ ទៅលើការស្នើបំភ្លឺ ដែលគណបក្សសង្គ្រោះជាតិ បានស្នើទៅរដ្ឋសភា គឺទី១ ពាក់ព័ន្ធនឹងការដក អភ័យឯកសិទ្ធិជាតំណាងរាស្ត្ររបស់ឯកឧត្តម សម រង្ស៊ី និងទី២ទៀត គឺបញ្ជាក់ពីនីតិវិធីឱ្យ បន្តនីតិវិធីរបស់តុលាការហ្នឹង របស់រដ្ឋសភាហ្នឹង តើយោង ទៅលើច្បាប់អី? ម៉្លោះហើយគណបក្ស សង្គ្រោះជាតិ បានសម្រេចឱ្យប្រធានគណៈកម្មការដែលមានតួនាទីជាសមាជិក សមាជិកា នៅ ក្នុងអចិន្ត្រៃយ៍ហ្នឹង គឺចូលរួមនៅថ្ងៃចន្ទនេះ ហើយ ការចូលរួមនេះ គឺដើម្បីការពារគោលការណ៍ និងគោលជំហររបស់គណបក្សសង្គ្រោះជាតិ។ ជាមួយគ្នានេះដែរ យើងសូមជម្រាបសាធារណ- ជនទាំងអស់ គឺអ្វីដែលយើងធ្វើនៅក្នុងគណបក្ស សង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាលនេះ គឺជា ការតស៊ូមតិ ដើម្បីការពារសិទ្ធិសេរីភាព និង ការពារច្បាប់រដ្ឋធម្មនុញ្ញ ផង។ យើងឃើញ ហើយ ការរំលោភម្តងទៀត ទៅលើមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ទៅ លើសិទ្ធិសេរីភាពរបស់តំណាងរាស្ត្រនេះ គឺជា ការរំលោភមួយយ៉ាងធ្ងន់ធ្ងរ។ ម៉្លោះហើយ អ្វី ដែលយើងធ្វើនៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិនេះ គឺជាការតស៊ូមតិដោយអហិង្សា ដើម្បីឱ្យស្ថាប័នរដ្ឋកំពូលៗហ្នឹង គោរពច្បាប់កំពូល ដែលជាច្បាប់របស់ព្រះរាជាណាចក្រ- កម្ពុជា។ ម៉្លោះហើយ ការតស៊ូមតិដោយអហិង្សា នេះ យើងនៅតែបន្តតទៅទៀត រហូតដល់ ពេលមានការដោះស្រាយជាវិជ្ជមានដែលយើង អាចទទួលយកបាន”៕
ដោយ ៖ កុលបុត្រ