Sunday, November 24, 2024
Homeនយោបាយរបត់​ន​យោ​បាយ​

របត់​ន​យោ​បាយ​

កន្លងមក មានកងទ័ពកម្ពុជាម្នាក់ ដោយសារ មិនគោរពតាមបទបញ្ជា ត្រូវមេរបស់គេចាប់ ចងក្នុងបំណងយកទៅសម្លាប់ចោល តែគេ បានរត់គេចខ្លួនទាំងជាប់ចំណងស្លាបសេកចូលមកក្នុងទឹកដីវៀតណាម។ កងទ័ពខ្មែរក្រហម ម្នាក់នោះឈ្មោះសុត អាយុ២៥ឆ្នាំ នៅក្នុងកង អនុសេនាធំលេខ៤៥ វរសេនាតូចលេខ១២ ក្នុងកងវរសេនាធំលេខ១៥៧ បានថ្លែងថា ថ្ងៃមួយយុទ្ធជននិងកម្មាភិបាលនៅក្នុងអង្គភាពគាត់ ប្រមាណ៣០នាក់ រួមទាំងរូបគាត់ម្នាក់ផងត្រូវ បានមេបញ្ជាការឈ្មោះសុល បញ្ជាឱ្យដោះឯកសណ្ឋានកងទ័ព ទើបនឹងបើកឱ្យស្លៀកពាក់បានប្រហែលមួយសប្តាហ៍មកហើយនោះចេញ ឱ្យអស់ រួចហើយចងស្លាបសេកដឹកតាមរថយន្ត កាមីញ៉ុង ជាជំនួយរបស់ប្រទេសចិនមួយគ្រឿង។ លុះទៅដល់វាលស្ងាត់ កម្មាភិបាលម្នាក់ ស្រែកបញ្ជាថា ពួកឯងនាំគ្នាចុះពីលើឡានទាំងអស់។ បន្ទាប់មក ពួកគាត់ដែលជាប់ចំណងស្លាបសេក នោះ ត្រូវគេបាញ់សម្លាប់គ្មានត្រាប្រណី។ ប៉ុន្តែសំណាងល្អគាត់រត់គេចខ្លួនពីការបាញ់សម្លាប់នោះ ទាំងជាប់ចំណងស្លាបសេកចូលមកក្នុងទឹកដីវៀតណាម ទាំងប្រផិតប្រផើយ។

…………………………………………………………………………..

ដើម្បីបំបាក់កងទ័ពខ្មែរក្រហម នៅក្នុងខែ ធ្នូ ឆ្នាំ១៩៧៧ វៀតណាម បានរៀបចំកងទ័ព ចំនួនពី៥ទៅ៦ម៉ឺននាក់ ដោយមានការគាំទ្រពី កងកាំភ្លើងធំ កងរថក្រោះ និងកងយន្តហោះ បើកការវាយប្រហារជាទ្រង់ទ្រាយធំមួយចូល ជ្រៅមកក្នុងទឹកដីកម្ពុជា។

ថ្ងៃទី២២ ខែធ្នូ រថក្រោះកងទ័ពវៀតណាម ២គ្រឿង បានចូលមកដល់ឃុំកណ្តោលជ្រំ។ សាក្សី ខ្លះនិយាយថា ពួកកម្មាភិបាលដែលរត់ភៀស ខ្លួនទៅប្រទេសវៀតណាមមួយចំនួន ស្ថិតនៅ ក្នុងរថក្រោះទាំង២គ្រឿងនោះដែរ។ ពួកគេចូល មកនេះ ដើម្បីសាកល្បងទាក់ទងជាមួយសោ ភឹម លេខាបក្សភូមិភាគបូព៌ា តែមិនបានលទ្ធផលក៏ បត់ក្បាលត្រឡប់ទៅព្រំដែនវិញ។

ហ៊ុន សែន និងហែម សាមិន ព្រមទាំងកម្មា ភិបាល៨នាក់ទៀត ក៏បានចូលមកក្នុងប្រទេស ជាមួយកងទ័ពវៀតណាម ដែលបើកការវាយ ប្រហារជាទ្រង់ទ្រាយធំចូលមកក្នុងទឹកដីកម្ពុជា នៅពេលនោះដែរ។ ហែម សាមិន ស្លៀកពាក់ ខោអាវខ្មៅ បានចូលមកក្នុងទឹកដីតំបន់២៣ (ខេត្ត ស្វាយរៀង)។

សាក្សីនិយាយបន្តថា ថ្ងៃទី៣១ ខែធ្នូ រថ-ក្រោះជាច្រើនគ្រឿងបានចូលមកដល់ឃុំកណ្តោល ជ្រំ ជាថ្មីម្តងទៀត កងទ័ពភូមិភាគបូព៌ា និងភូមិភាគ កណ្តាល ដែលបោះទីតាំងឈរជើងនៅក្បែរៗ នោះ នាំគ្នាដកថយយ៉ាងស្លន់ស្លោ ចំណែកប្រជាជនក៏នាំគ្នាជញ្ជូនកូនចៅរត់ចោលភូមិអស់ដែរ។

ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៧ នោះដែរ ពេលដែលគៀវ មិញ លេខាទី១របស់ស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅ ក្រុងភ្នំពេញ បានបំពេញភារកិច្ចរបស់គាត់តាម ទម្លាប់គឺគ្មានធ្វើអ្វីក្រៅពីស្តាប់វិទ្យុកម្ពុជាប្រជា-ធិបតេយ្យ ដើម្បីចង់ដឹងព័ត៌មានផ្សេងពីសភាព ការណ៍នៅកម្ពុជានោះឡើយ។ គៀវ មិញ ដែល ចេះនិយាយភាសាខ្មែរបានល្អឥតខ្ចោះនោះ ចូល ចិត្តស្តាប់វិទ្យុកម្ពុជាប្រជាធិបតេយ្យ រាល់ពេល ព្រឹកជាជាងរង់ចាំឯកសារព្រឹត្តិបត្រព័ត៌មានដែល គេចាក់ផ្សាយតាមវិទ្យុនោះ ទៅបកប្រែជា ភាសាបារាំង យកមកចែកឱ្យគ្រប់ស្ថានទូតទាំង អស់ នៅក្រុងភ្នំពេញ។

ជារៀងរាល់ព្រឹក វិទ្យុកម្ពុជាប្រជាធិប-តេយ្យ តែងតែចាក់បទចម្រៀងបដិវត្តន៍មួយចំនួន និងព័ត៌មានផ្សេងៗដូចធម្មតា ប៉ុន្តែនៅថ្ងៃទី៣១ ធ្នូ នោះ មានការចាក់ផ្សាយខុសប្លែកពីធម្មតា គឺផ្សាយសេចក្តីប្រកាសមួយមានខ្លឹមសារថា “ដោយបានធ្វើការវិនិច្ឆ័យពីការឈ្លានពានដ៏សា-ហាវឃោរឃៅ និងព្រៃផ្សៃបំផុតរបស់ប្រទេស វៀតណាម មកលើកម្ពុជាប្រជាធិបតេយ្យ និង ប្រជាជនស្លូតត្រង់របស់យើង។ ដោយបានធ្វើការ វិនិច្ឆ័យពីសកម្មភាពអមិត្ត និងអសុទ្ធចិត្តរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលកម្ពុជា សម្រេចចិត្តកាត់ផ្តាច់ទំនាក់ ទំនងការទូតទាំងស្រុង ជាមួយសាធារណរដ្ឋ សង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៧ នេះតទៅ រហូតទាល់តែកងទ័ព ឈ្លានពានវៀតណាម ត្រូវបានដកថយចេញពី ទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជាប្រជាធិបតេយ្យ និង រហូតទាល់តែបរិយាកាសមិត្តភាពរវាងប្រទេស ទាំង២ ត្រូវបានកែលម្អឡើងវិញ។

រយៈពេល៤ម៉ោង ក្រោយការប្រកាស កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយវៀតណាម តាមវិទ្យុនោះមក អៀង សារី ក្នុងនាមឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការបរទេស បានផ្ញើសារលិខិតមួយមកឱ្យស្ថានទូតវៀតណាម ដោយ កំណតឱ្យកម្មាភិបាល និងបុគ្គលិកស្ថានទូត វៀតណាមទាំងអស់ ចាកចេញពីប្រទេសកម្ពុជា យ៉ាងយូរក្នុងរយៈពេលមួយសប្តាហ៍។

កងទ័ពវៀតណាម ចូលមកក្នុងទឹកដីកម្ពុជា ដើមឆ្នាំ១៩៧៨

ថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៨ គៀង មិញ លេខាទី១ ដែលជាកម្មាភិបាលធំជាងគេប្រចាំ ស្ថានទូតវៀតណាម នៅក្រុងភ្នំពេញ និងបុគ្គលិក ទាំងអស់ បានចាកចេញតាមយន្តហោះពិសេស មួយគ្រឿង ដែលរដ្ឋាភិបាលវៀតណាម ជួលឱ្យ មកដឹកពួកគេត្រឡប់ទៅក្រុងហូជីមិញវិញទាំង រន្ធត់ចិត្ត។

ចំណែកសូ ឃាង ឯកអគ្គរដ្ឋទូតកម្ពុជា ប្រជាធិបតេយ្យប្រចាំនៅក្រុងហាណូយ ក៏ត្រូវ ត្រឡប់មកកម្ពុជាវិញដែរ។ មុនពេលចេញដំណើរ សូ ឃាង បានឱបថើបមិត្តភក្តិជិតស្និទ្ធរបស់គាត់ ជាជនជាតិវៀតណាមម្នាក់ ដែលបានជូនដំណើរ គាត់ទៅព្រលានយន្តហោះនៅចំពោះមុខពួកអ្នក ការទូតចិន ដែលមកជូនដំណើរគាត់ផងដែរ។ ក្រោយមកដល់ក្រុងភ្នំពេញ បានប្រមាណ៣ខែ សូ ឃាង ត្រូវគេចាប់យកទៅឃុំឃាំងនៅមន្ទីរ ស.២១ និងកម្ទេចចោលបាត់សូន្យ។

(នៅមានត)

ដោយ៖ ឈឹម សេរីភួន 

RELATED ARTICLES