Sunday, January 19, 2025
Homeព័ត៌មានជាតិមិនចង់ងោកពេលបើកបរ​ធ្វើយ៉ាងណា​ ?

មិនចង់ងោកពេលបើកបរ​ធ្វើយ៉ាងណា​ ?

នៅពេលត្រូវធ្វើដំណើរផ្លូវឆ្ងាយ ឬទៅកម្សាន្តតាមខេត្តតាមរថយន្ត គួរត្រៀមកាយនិងចិត្តឱ្យបានល្អ ដើម្បីសុវត្ថិភាពតាមផ្លូវ ។

-មុននឹងដល់ថ្ងៃធ្វើដំណើរ គួរគេងមួយយប់ឱ្យបាន ៧-៨ម៉ោង ពីរថ្ងៃជាប់គ្នា ៖ រាងកាយនិងខួរក្បាលបានស្រឡះស្រឡំល្អ។ បើមិនបានគេងឱ្យគ្រប់គ្រាន់ ទោះបីមិនបានងោកងុយខាងក្នុង ប៉ុន្តែខួរក្បាលនឹងដើរយឺត។ បើមានហេតុការណ៍កើតឡើង អាចសម្រេចចិត្តមិនត្រូវ បណ្តាលឱ្យកើតមានគ្រោះថ្នាក់បាន។

-កុំបង្អត់អាហារពេលព្រឹក ៖ ការខ្វះជាតិស្ករក្នុងឈាម នាំឱ្យអ្នកងងុយរហូត។

-អាហារថ្ងៃត្រង់ គួរពិសាត្រឹមសមល្មម ៖ គឺប្រមាណ ២ ភាគ ៣ នៃបរិមាណ អាហាររាល់ដង ទើបមិនធ្វើឱ្យឆ្អែតពេក រហូតដល់ងងុយតាមផ្លូវ។

-គួរក្រេបទឹកជារៀងរាល់ម៉ោង ៖ ក្នុងពេលបើកបរ បើរាងកាយខ្វះជាតិទឹក អ្នកនឹងមានអារម្មណ៍រកកល់ក្អួតចង្អោរ ឈឺក្បាល ខួរក្បាលស្ពឹក សមាធិខ្លី និងឆាប់ហត់ជាងប្រក្រតី។

-កុំពិសាគ្រឿងស្រវឹងនៅពេលយប់មុនចេញដំណើរ ៖ ព្រោះអាការស្រវឹងនៅសេសសល់ នឹងធ្វើឱ្យអ្នកងងុយគេងតាមផ្លូវ ឬទោះជាមិនស្រវឹង ប៉ុន្តែជាតិអាល់កុលនឹងធ្វើឱ្យខួរក្បាលធ្វើការយឺត សម្រេចចិត្តមិនបានរហ័ស អាចប្រឈមនឹងគ្រោះថ្នាក់បាន។

-ពិសាកាហ្វេជាជំនួយ ៖ បើចង់ឱ្យកាហ្វេជួយឱ្យស្រស់ស្រាយ ភ្លឺភ្នែកជាងនេះ មិនគួរពិសាលើសពី ១០០-២០០មិល្លីក្រាមទេ ឬស្មើនឹង ១-២កំប៉ុងប៉ុណ្ណោះ។

-បើពិសាថ្នាំអាលែរហ្ស៊ី ឬថ្នាំផ្តាសាយ ៖ គួរតែកុំបើកបរ ព្រោះថ្នាំនេះ ធ្វើឱ្យងងុយគេង។ បើអ្នកពិសាថ្នាំទាំងនេះរួចហើយ គួរប្តូរឱ្យអ្នកផ្សេងបើកជំនួសវិញប្រសើរជាង។

-គួរមានមិត្តភក្តិទៅជាមួយ ៖ ដើម្បីបានជជែកគ្នា កុំឱ្យងងុយគេងតាមផ្លូវ។ ការជជែកគ្នា ក៏ជាវិធីជំរុញខួរក្បាលបានល្អដែរ។

-មិនគួរបើកបរក្រោយរំលងអធ្រាត្រ ៖ តាមការស្រាវជ្រាវបានឱ្យដឹងថា នៅអំឡុងម៉ោង ១២រំលងអធ្រាត្រ រហូតដល់ម៉ោង ៧ព្រឹក ជាពេលវេលា ដែលអ្នកបើកបរងងុយគេងបំផុត បើអាចចៀសវាងបាន កុំបើកបរក្នុងអំឡុងពេលដ៏គ្រោះថ្នាក់នេះ។

-គួរឈប់សំចតរៀងរាល់ ១៥០ គ.ម ៖ ឬរៀងរាល់ ២-៣ម៉ោងម្តង រាងកាយមិនហត់នឿយពេក រហូតដល់ងងុយគេង ៕

RELATED ARTICLES