ភ្នំពេញ ៖ បុរសជាប្តីម្នាក់ កំពុងជាប់ដៃ ផឹកស៊ីស្រវឹងជោកជាមួយមិត្តភក្តិ លុះឃើញ ប្រពន្ធតាមទៅហៅ ក៏មួរម៉ៅក្តៅចិត្ត ទាញកំប៉ុង ស្រាបៀរគប់ប្រពន្ធ បណ្តាលឱ្យបាក់ក្តោងច្រមុះ រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តីដែលខឹងពេលកំពុងផឹក ប្រពន្ធ តាមហៅ រហូតក្តៅចិត្តទាញកំប៉ុងស្រាបៀរគប់ ប្រពន្ធបាក់ក្តោងច្រមុះនោះ មានឈ្មោះអេង សំអាត អាយុ៣១ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះចេន រាជនី អាយុ២៩ឆ្នាំ មុខរបរ អាជីវករលក់ខោអាវនៅផ្សារកាណាឌីយ៉ា មាន កូនប្រុសស្រី២នាក់ក្នុងបន្ទុក ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តីបានរៀបការជាមួយគ្នា ត្រឹមត្រូវតាមច្បាប់ប្រពៃណី អស់រយៈពេល៤ ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសស្រី២ នាក់ ជាចំណងនិស្ស័យ។ កន្លងមក ពោលគឺរាប់ ចាប់តាំងពីយកគ្នាជាប្តីប្រពន្ធមក រង្វង់គ្រួសារ របស់នាងមិនដែលមានទំនាស់អ្វីនឹងគ្នាធំដុំនោះ ទេ គឺរួមរស់ជាមួយគ្នាមានសុភមង្គលល្អណាស់ ហៅគ្នាសុទ្ធតែបង–អូន ផ្អែមឱ្យរលួយ។
ស្ត្រីរងគ្រោះបន្តថា លុះឈានចូលដល់ឆ្នាំ ២០១៦ ស្រាប់តែប្តីរបស់នាងចាប់ផ្តើមប្រែប្រួលអស់ តាំងពីអត្តចរិត សម្តីសំដៅ និងក្តីស្រលាញ់ចំពោះប្រពន្ធកូន ដោយប្តីនាងចូល ចិត្តដើរលេងដូចក្មេងស្ទាវ និងតែងផឹកស្រាស្រវឹង ហើយចូលដល់ផ្ទះវិញ តែងរករឿងប្រពន្ធកូន មិនសូវខានឡើយ រហូតឈានដល់ការប្រើអំពើហិង្សា ប្រទូសរ៉ាយគ្នាចំនួន៥លើករួចមកហើយ តែមិនធ្លាប់បង្ករបួសស្នាមអ្វីធ្ងន់ធ្ងរដូចលើក នេះទេ។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពី រើអីវ៉ាន់បិទតូបលក់ដូររួច ប្តីប្រពន្ធនាងក៏នាំ គ្នាត្រឡប់មកផ្ទះវិញ ស្រាប់តែពេលមកដល់ ផ្ទះហើយ ប្តីនាងក៏ចេញទៅផឹកស៊ីជាមួយមិត្តភក្តិនៅក្នុងផ្សារកាណាឌីយ៉ាបាត់។ លុះដល់យប់ ជ្រៅណាស់ទៅហើយ មិនឃើញប្តីវិលត្រឡប់ ចូលផ្ទះ ធ្វើឱ្យនាងមានការបារម្ភពីប្តី ទើបនាង ជាប្រពន្ធបានដើរទៅតាមហៅប្តីដល់វង់ផឹក ប៉ុន្តែហៅមួយម៉ាត់ពីរម៉ាត់ប្តីមិនព្រមងើប ក៏ កើតមានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយប្តី បានស្រែកដាក់នាងថា “អញជាប់រវល់ផឹកស៊ី កុំចេះដឹង!” លុះនិយាយ មិនទាន់រួចផុតពីមាត់ ផង ស្រាប់តែប្តីចិត្តកំណាចរបស់នាង បានទាញ កំប៉ុងស្រាបៀរ ដែលមានទឹកពេញគប់ចំមុខនាង បណ្តាលឱ្យបាក់ក្តោងច្រមុះ ហូរឈាមស្រោច ខ្លួនតែម្តង។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពីគប់ប្រពន្ធ បណ្តាលឱ្យឱ្យបាក់ក្តោង ច្រមុះរួច បុរសជាប្តីរូបនោះ មិនបាននៅមើល ប្រពន្ធរបស់ខ្លួននោះទេ បែរជាស្ទុះងើបទៅផ្ទះ មុន រួចរើខោងអាវចេញពីផ្ទះបាត់។ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានអ្នកជិតខាងជួយ ដឹកបញ្ជូនទៅកាន់គ្លីនិកឯកជន ដើម្បីព្យាបាល។ រហូតដល់វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ទើបស្ត្រីរងគ្រោះជាប្រពន្ធ សម្រេចចិត្តទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយដោះស្រាយ ខណៈដែលជនបង្កហេតុជាប្តី បានរត់គេចខ្លួនបាត់ទៅហើយ”៕