សញ្ញាសំខាន់ដែលបញ្ជាក់ថា ពោះវៀនកំពុងរលាកគឺ អាការរាករូស ឈឺពោះ បន្ទោបង់រាវ ក្អួតចង្អោរ ឬពេលខ្លះអាចមានគ្រុនក្តៅទៀតផង។ អាការទាំងនេះ បើបណ្តែតបណ្តោយទុកយូរលើសពី ២សប្តាហ៍ អាចនឹងនាំឱ្យ “រលាកពោះវៀនរ៉ាំរ៉ៃ”។ យកល្អ គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យវិនិច្ឆ័យរកមូលហេតុ និងធ្វើការព្យាបាលឱ្យបាន ត្រឹមត្រូវ ចៀសវាងរាករូសរ៉ាំរ៉ៃ គ្រប់ពេលវេលា។
រលាកពោះវៀន អាចកើតទាំងពោះវៀនតូចនិងពោះវៀនធំ ៖ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ជាជំងឺដែលមានការរលាកទាំងបរិវេណពោះវៀនតូច និងពោះវៀនធំ។ ត្រង់កន្លែងរលាក មានឈ្មោះជំងឺហៅខុសៗគ្នា ដូចជា បើរលាកទាំង ពោះវៀនធំនិងពោះវៀនតូច ហៅថា Crohn’s Disease។ ប៉ុន្តែបើរលាកចំពោះតែពោះវៀនធំ ហៅថា Ulcerative Colitis។ ជំងឺទាំង ២ នេះ មានលក្ខណៈខុសគ្នាបន្តិច។ ទោះបីអ្នកជំងឺបានទទួលការវិនិច្ឆ័យថា ជាជំងឺអ្វីក្តី គឺលាមកសុទ្ធតែរាវទាំងអស់ ធ្វើឱ្យរាងកាយបាត់បង់សារធាតុអាហារ ជាតិប្រូតេអ៊ីន សារធាតុរាវនិងឈាមផងដែរ។ ដោយសារពោះវៀនមានតួនាទីបឺតស្រូបយកសារធាតុអាហារចូលក្នុងរាងកាយថយចុះ ត្រូវចាំសង្កេតមើល ក្រែងមានអាការខ្វះសារធាតុអាហារ ខ្វះជាតិទឹក ស្រកទម្ងន់ ស្លេកស្លាំង និងគ្មានកម្លាំងកំហែង។
មូលហេតុធ្វើឱ្យរលាកពោះវៀន ៖ មូលហេតុនៃការរលាកពោះវៀនរ៉ាំរ៉ៃ មិនទាន់ច្បាស់នៅឡើយទេ។ ប៉ុន្តែតាមរយៈការប្រមូលទិន្នន័យពីការសិក្សាចំនួន១៩ដង ចំនួនអ្នកចូលរួមពិសោធជាង៦.៦០០នាក់ គេរកឃើញថា អាហារ ជាតិខ្លាញ់ខ្ពស់ អាស៊ីដខ្លាញ់មិនឆ្អែត ជាពិសេសអាស៊ីដខ្លាញ់អូមេហ្គា-៦ និងការពិសាសាច់សត្វច្រើនពេក សុទ្ធតែមានការពាក់ព័ន្ធនឹងហានិភ័យកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃទាំងអស់។ ផ្ទុយទៅវិញ ការពិសាអាហារដែលមានកាកសរសៃខ្ពស់ដូចជា បន្លែនិងផ្លែឈើ ជួយបង្ការជំងឺរលាកពោះវៀនរ៉ាំរៃបាន។ ក្រៅពីនេះ គេរកឃើញថា ការប្រតិកម្មអាហារដូចជា ប្រតិកម្មស៊ុត សណ្តែកផ្សេងៗដូចជា សណ្តែកដី គ្រាប់ស្វាយចន្ទី ផ្លែអាល់ម៉ន សណ្តែកសៀង ស្រូវសាលី ទឹកដោះគោ ឬអាហារសមុទ្រមួយចំនួន បណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ និងអាចជាមូលហេតុសំខាន់នៃជំងឺរលាកពោះវៀន។
ពិសាបំបាត់រលាកពោះវៀន ៖ ការទទួលទានអាហារ និងភេសជ្ជៈ ខណៈជំងឺកំពុងធ្វើទុក្ខ ក៏សំខាន់ដែរ ព្រោះបើមិនប្រយ័ត្នទេ នឹងនាំឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន កាន់តែបន្ទោបង់រាវខ្លាំងឡើងថែមទៀត។ បើអាចសម្រួលលក្ខណៈ ការទទួលទាន ការទទួលថាមពល និងសារធាតុអាហារយ៉ាងគ្រប់គ្រាន់ ក៏នឹងជួយបង្កើនភាពរឹងមាំដល់ប្រព័ន្ធការពាររាងកាយ បន្ថយអាការប៉ះពាល់ដទៃ និងបំព្រួញរយៈពេលស្តារសុខភាពបានល្អទៀតផង។
ក្រៅពីនេះ គួររៀបចំកន្លែងពិសាអាហារឱ្យងាយស្រួល ដើម្បីជំរុញចំណង់អាហារ។ យកចិត្តទុកដាក់អនាម័យចំណីអាហារ និងទឹក ទទួលទានរួមទាំងភាជនៈដែលប្រើដាក់អាហារ។ រក្សាអនាម័យខ្លួនប្រាណឱ្យបានល្អផង។ បើទម្ងន់ខ្លួនថយចុះ គួរពិសាអាហារដែលផ្តល់ជាតិប្រូតេអ៊ីន និងផ្តល់ថាមពលច្រើនជាងមុន ដើម្បីបានទទួលថាមពលគ្រប់គ្រាន់ ចៀសវាងស្រកទម្ងន់ទៀត។
សម្គាល់ ៖ បើជំងឺស្ងប់រម្ងាប់ហើយ អ្នកជំងឺអាចពិសាអាហារបានតាមធម្មតា ប៉ុន្តែក៏គួរចៀសវាងអាហារដែលនាំឱ្យកើតប្រតិកម្ម រួមទាំងអាហារឆៅផង។
អាហារសម្រាប់អ្នកជំងឺរលាកពោះវៀន ៖
-ពិសាតិចតួច តែច្រើនដង។
-អាហារស្រួលស្រាលៗស្រួលរំលាយ រសជាតិមិនខ្លាំង ចម្អិនឱ្យឆ្អិន សាច់ទន់ ហាន់ល្អិតឬចិញ្ច្រាំ នឹងជួយបន្ថយការរំលាយ និងការបឺតស្រូបសារធាតុអាហារ។
-ជាតិម្សៅ ដែលឆ្លងកាត់ការស្រិតស ដូចជា នំប៉័ងស បាយស សរសៃគុយទាវ ឬអាចពិសាដំឡូងស្ងោរ ត្រាវឬល្ពៅស្ងោរ ការ៉ុតស្ងោរ ជំនួសបាយអង្ករសំរូប និងនំប៉័ងហូលវីត។
-សាច់សត្វជាតិខ្លាញ់តិចដូចជា ស៊ុត ត្រី សាច់ជ្រូក ឬសាច់មាន់មិនជាប់ស្បែក បង្គា គ្រំ ត្រីសមុទ្រ ឬត្រីដែលមាន ស្រទាប់ស្បែកក្រាស់ដូចជា ត្រីសណ្តាយ ត្រីអណ្តែង ព្រោះជាតិខ្លាញ់ពីត្រីមាន អូមេហ្គា-៣ ជួយបន្ថយការរលាកពោះវៀនបាន។
-បន្លែទន់ៗដូចជា ស្ពៃចង្កឹះ ទំពាំងបារាំង ដោយយកទៅចំហុយជំនួសការស្ងោរ ដើម្បីបន្សល់ទុកជាតិវីតាមីន និងជាតិខនិជឱ្យបានច្រើនបំផុត។
-ពិសាទឹកសុទ្ធ ភេសជ្ជៈអំបិលរ៉ែ ដែលមិនផ្អែមពេក ឬទឹកផ្លែឈើស្រស់ ដើម្បីជំនួសជាតិទឹកដែលបាត់បង់ឱ្យបានមួយថ្ងៃ៨កែវ ដើម្បីកុំឱ្យរាងកាយខ្វះជាតិទឹក។ អ្នកជំងឺអាចដឹងបានតាមរយៈមើលពណ៌ទឹកនោម។ បើបានទទួលសារធាតុទឹកគ្រប់គ្រាន់ ទឹកនោមនឹងមានពណ៌ថ្លា។ បើទឹកនោមពណ៌ចាស់ ត្រូវប្រញាប់ពិសាទឹកបន្ថែមទៀត។ ការពិសាទឹក គួរក្រេបជារឿយៗ ពុំមែនពិសាម្តងអស់ពីកែវនោះទេ។
អាហារគួរចៀសវាង ៖
-អាហារបង្កប្រតិកម្ម ៖ ទោះជាប្រតិកម្មតិចឬច្រើនក្តី ត្រូវមានការពិចារណា ធាតុផ្សំរបស់អាហារ ដែលពិសារាល់លើកថា មានធាតុផ្សំដែលធ្វើឱ្យមានប្រតិកម្ម ឬទេ ?។
-បន្លែមានកាកសរសៃ ៖ ដូចជា ទងបន្លែផ្សេងៗ សណ្តែក ព្រោះកាកសរសៃទាំងនោះ ភាគច្រើនជាកាកសរសៃដែលមិនរលាយក្នុងទឹក ធ្វើឱ្យរាករូស ហើមពោះ ឈឺពោះកាន់តែខ្លាំង។ ករណីធ្ងន់ធ្ងរ អាចបង្កឱ្យស្ទះពោះវៀនទៀតផង។
-អាហារមានជាតិខ្លាញ់ខ្ពស់ ៖ នឹងនាំឱ្យបន្ទោបង់រាវកាន់តែច្រើន។
-ប្រើបំពង់បឺត ៖ នឹងធ្វើឱ្យមានខ្យល់ក្នុងពោះកាន់តែច្រើន។
-ទឹកស្ករ ទឹកផ្លែឈើកំហាប់ខ្ពស់ រួមទាំងជាតិស្ករ អាល់កុល ដូចជា សូប៊ីថល ម៉លនីថល ស៊ីលីថល ដែលមាននៅក្នុងភេសជ្ជៈ ក្នុងស្ករកៅស៊ូ រួមទាំងស្ករគ្រាប់ប្រភេទគ្មានជាតិស្ករ ឬមានជាតិស្ករតិចមួយចំនួន បើបានទទួលទានចូលក្នុងខ្លួន នឹងកាន់តែជំរុញឱ្យបន្ទោបង់រាវថែមទៀត។
ភេសជ្ជៈគ្រឿងស្រវឹង និងមានជាតិកាហ្វេអ៊ីន ដូចជា តែ កាហ្វេ ទឹកក្រូចមានជាតិហ្គាស កាកាវ ព្រោះភេសជ្ជៈទាំងនេះ នឹងជំរុញឱ្យរាងកាយបញ្ចុះទឹកនោម កាន់តែច្រើន កាន់តែនឹងបណ្តាលឱ្យខ្វះជាតិទឹក ហើយសារធាតុកាហ្វេអ៊ីន ក៏អាចជំរុញឱ្យមានការបន្ទោបង់រាវថែមទៀតផងដែរ៕