ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានសុំម្តាយទៅលេងស្រុកកំណើតខាងយុវជនជាគូដណ្តឹង ស្រាប់តែចេញទៅបាត់អស់រយៈពេលជាង១០ ថ្ងៃ មិនឃើញត្រឡប់មកផ្ទះវិញសោះ ចំណែក ទូរស័ព្ទក៏ទាក់ទងមិនចូលទៀត ទើបធ្វើឱ្យស្ត្រី ជាម្តាយភ័យឆោឡោ កាន់រូបថតកូនស្រីទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីសុំឱ្យ ជួយអន្តរាគមន៍តាមរកកូនស្រីត្រឡប់មកវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៦ព្រលប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ស្ថិត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីវ័យក្មេងដែលទៅលេងស្រុកកំណើត ខាងគូដណ្តឹង រួចក៏បាត់ដំណឹងអស់ជាង១០ថ្ងៃ នេះ មានឈ្មោះអ៊ន ស្រីចម អាយុ១៨ឆ្នាំ មុខ- របរកម្មការិនីរោងចក្រកាត់ដេរ។ ចំណែកស្ត្រី ជាម្តាយដែលមកសុំជំនួយពីសមត្ថកិច្ច ដើម្បី តាមរកកូនស្រីនោះ មានឈ្មោះម៉ា ចាន់ អាយុ ៤៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ។ ទាំង២នាក់ម្តាយកូន សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍- សែនជ័យ និងមានស្រុកកំណើតនៅភូមិ ខ្នាច ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដោយឡែក យុវជនជាគូដណ្តឹង មានឈ្មោះ ពិសិទ្ធ មានស្រុកកំណើតនៅខេត្តព្រៃវែង។
តាមសម្តីស្ត្រីជាម្តាយបានរៀបរាប់ប្រាប់ ថា កូនស្រីរបស់គាត់ដែលបាត់ខ្លួនទៅនោះ បាន ភ្ជាប់ពាក្យជាមួយយុវជនឈ្មោះពិសិទ្ធ ដោយ មានចាស់ទុំចូលស្តីដណ្តឹងត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ កាលពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦កន្លងទៅ និងបានរៀបចំពិធី ភ្ជាប់ពាក្យនៅក្នុងផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែម្តង ដោយ មិនបានទៅធ្វើនៅឯស្រុកកំណើតឯខេត្តកំពង់- ឆ្នាំង នោះទេ ដែលកាលណោះ ខាងប្រុសបាន យល់ព្រមជូនថ្លៃបណ្ណាការចំនួន១៥០០ដុល្លារ និងបានកំណត់យកថ្ងៃរៀបអាពាហ៏ពិពាហ៏នៅ ក្នុងខែសីហា ឆ្នាំ២០១៧ ពោលគឺនៅសល់ រយៈពេលប្រមាណជា៤ខែទៀតប៉ុណ្ណោះ។
ស្ត្រីជាម្តាយបន្តថា ត្បិតថាកូនស្រីគាត់ និងយុវជនជាគូដណ្តឹងឈ្មោះពិសិដ្ឋ បានភ្ជាប់ពាក្យត្រឹមត្រូវមែន តែគាត់មិនដែលបានស្គាល់ ស្រុកកំណើតខាងអនាគតកូនប្រសានោះទេ គ្រាន់តែដឹងថា នៅក្នុងខេត្តព្រៃវែង ប៉ុណ្ណោះ ហើយសូម្បីតែឈ្មោះពេញរបស់អនាគតកូនប្រសា ក៏គាត់មិនស្គាល់ដែរ ដឹងត្រឹមតែថាឈ្មោះ ពិសិដ្ឋ ប៉ុណ្ណោះ ហេតុនេះពេលបាត់កូនស្រី ទើប គាត់មិនអាចទៅតាមរកឃើញឡើយ។
ស្ត្រីជាម្តាយ បានបញ្ជាក់ថា នៅមុនពេល កើតហេតុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រ- ពៃណីខ្មែរចូលមកដល់ កូនស្រីរបស់គាត់ បានសុំ ទៅលេងនៅឯស្រុកកំណើតយុវជនជាគូដណ្តឹង ដោយនាងបានប្រាប់គាត់ថា ពួកនាងនឹងវិល ត្រឡប់ទៅផ្ទះវិញ ឱ្យទាន់ថ្ងៃចូលឆ្នាំខ្មែរ។ ប៉ុន្តែ តាំងពីកូនស្រីនិងគូដណ្តឹងនាំគ្នាចាកចេញទៅ ស្រាប់តែបាត់រហូត មិនឃើញត្រឡប់មកផ្ទះ វិញសោះ។ លុះមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៧ ដែលជាថ្ងៃចូលឆ្នាំបង្ហើយ គាត់បាន ព្យាយាមចុចទូរស័ព្ទទៅសួរកូនស្រីថា “តើកូន ត្រឡប់មកផ្ទះវិញថ្ងៃណា? ព្រោះត្រូវចូលធ្វើ- ការវិញនៅថ្ងៃទី១៨ ខែមេសាហើយ…!”។ ពេល នោះ កូនស្រីគាត់បាននិយាយប្រាប់គាត់ជាម្តាយ ថា “ខ្ញុំដឹងហើយម៉ែ! តែចាំថ្ងៃទី១៧ ទើបខ្ញុំបាន ទៅវិញ ព្រោះពេលនេះអត់មានរថយន្តឈ្នួល ជិះទៅទេ”។ ចាប់ពីពេលនោះមក ទូរស័ព្ទកូន- ស្រីរបស់គាត់ ក៏លែងអាចទាក់ទងបានរហូតតែ ម្តង ជាហេតុធ្វើឱ្យគាត់មានការព្រួយបារម្ភចំពោះ សុវត្ថិភាពកូនស្រី ក៏សម្រេចរត់មកសុំអន្តរាគមន៍ ពីសមត្ថកិច្ចតែម្តង។
យ៉ាងណាក្តី ស្ត្រីជាម្តាយរូបនេះ បញ្ជាក់ ថា គាត់មិនមែនមកប្តឹងសមត្ថកិច្ចឱ្យចាត់ការ តាមផ្លូវច្បាប់អ្វីនោះទេ តែគាត់គ្រាន់តែមកប្តឹង សុំអន្តរាគមន៍ឱ្យសមត្ថកិច្ចជួយតាមស្វែងរក និងទាក់ទងទៅកូនស្រីប៉ុណ្ណោះ ព្រោះថាបើកូន ស្រីបានសុខ គាត់ត្រេកអរណាស់ ប៉ុន្តែខ្លាចកូន មានគ្រោះថ្នាក់ដោយប្រការណាមួយ ឬអាច ប៉ះពាល់ដល់អាយុជីវិត ទើបធ្វើឱ្យគាត់ភ័យព្រួយ ពីកូនស្រីរូបនេះយ៉ាងខ្លាំង៕