ខេត្តពោធិ៍សាត់ ៖ យុវជនចិត្តកំណាចឃោរឃៅចំនួន៣នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានកើតមានជម្លោះរឿងព្រំដី ជាមួយបុរសជា អ្នកជិតខាងម្នាក់ លុះទប់ភ្លើងកំហឹងមិនបាន ក៏ព្រួតគ្នា៣នាក់បងប្អូន ហែករបងចូលទៅកាប់ បុរសជាគូទំនាស់ដល់ក្នុងផ្ទះ បណ្តាលឱ្យបុរស រងគ្រោះ ដាច់កស្លាប់យ៉ាងអាណោចអាធ័ម។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ។
ក្រុមជនជាឃាតករដៃឆៅទាំង៣នាក់ រួមមាន ទី១–ឈ្មោះរ៉ែន រី អាយុ២៩ឆ្នាំ ទី២–ឈ្មោះរ៉ែន រ៉ា អាយុ២៧ឆ្នាំ និងទី៣–ឈ្មោះ រ៉ែន រ៉ូ អាយុ២៥ឆ្នាំ។ ជនជាឃាតករអ្នកទាំង៣ ត្រូវជាបងប្អូនបង្កើតនឹងគ្នា សព្វថ្ងៃរស់នៅភូមិ កើតហេតុខាងលើ។ ដោយឡែក ជនរងគ្រោះ ដែលត្រូវក្រុមឃាតករ កាប់ដាច់កស្លាប់យ៉ាង អាណោចអាធ័ម មានឈ្មោះធូ សាម៉េន អាយុ ៣៩ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា (ជាប់ព្រំ ដីគ្នា)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា រវាងគ្រួសារជនរងគ្រោះ និងគ្រួសារក្រុមជនដៃដល់ជាឃាតកររស់នៅជាប់ព្រំដីគ្នា និង ធ្លាប់កើតមានទំនាស់រឿងព្រំដី ជាយូរឆ្នាំណាស់ មកហើយ រហូតដល់មើលមុខគ្នាលែងត្រង់ទៀត ផង។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះ និងក្រុមជនដៃដល់ បានកើតមានជម្លោះរឿង ព្រំដីនឹងគ្នាសាជាថ្មីម្តងទៀត រហូតដល់ក្រុមជនដៃដល់ទាំង៣នាក់បងប្អូន ទប់កំហឹងមិនបាន ក៏នាំគ្នាទាញដំបង ញញួរ និងពូថៅ ហែករបង ចូលទៅក្នុងផ្ទះជនរងគ្រោះ និងបានព្រួតគ្នាកាប់ ប្រហារជនរងគ្រោះ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង ពិសេសរងរបួសធ្ងន់លើកញ្ចឹងក។
ក្រោយកើតហេតុ ក្រុមជនដៃដល់ជាឃាតករ ដៃឆៅបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ ដែលទទួលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីសង្គ្រោះបន្ទាន់ ផងដែរ តែអកុសល ដោយសារតែស្ថានភាព របួសរបស់ជនរងគ្រោះ មានសភាពធ្ងន់ពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសព រួច សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះ ត្រូវបានក្រុមឃាតករកាប់ប្រហារជាច្រើន កន្លែង ដោយក្នុងនោះមានស្លាកស្នាមរបួសមុត រយះយ៉ាងជ្រៅត្រង់កញ្ចឹងក ទ្រូងខាងឆ្វេង (ក្រោមដោះ) កំភួនជើង ព្រមទាំងដាច់ម្រាម ដៃខាងឆ្វេងទៀតផង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលនាំឱ្យកើតមានករណីឃាតកម្មយ៉ាង ឃោរឃៅនេះ គឺដោយសារភាគីទាំងសងខាង កើតមានជម្លោះរឿងព្រំដី ទើបក្រុមជនដៃដល់ ព្រួតគ្នាចូលកាប់ប្រហារជនរងគ្រោះដល់ក្នុងផ្ទះ រហូតដល់ស្លាប់។
ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថ– កិច្ចកំពុងធ្វើការស្រាវជ្រាវ តាមស្វែងរកចាប់ ខ្លួនក្រុមឃាតករទាំង៣នាក់បងប្អូន ដើម្បីនាំ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅ ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី៕