ភ្នំពេញ ៖ បុរសម្នាក់មកពីរត់ម៉ូតូឌូបវិញអស់កម្លាំងខ្លាំងពេកបានហូបបាយរួចដេកលង់លក់ ដល់យប់រំលងអធ្រាត្រប្រពន្ធក៏បានភ្ញាក់ដឹងខ្លួនស្រាប់តែឃើញប្តីដកដង្ហើមធំៗមានសភាពមិនសូវស្រួលក៏ប្រញាប់ប្រញាល់ដឹកតាមម៉ូតូទៅកាន់គ្លីនិកឯកជនគ្រូពេទ្យបានប្រាប់ថាគាត់បានស្លាប់បាត់ទៅហើយ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ត្រង់ចំនុចតាមបណ្តោយផ្លូវវេងស្រេង ខាងមុខផ្សារត្រពាំងថ្លឹង ស្ថិត ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលបានស្លាប់នោះមានឈ្មោះគីម ផ្លោក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រៃញាតិ ឃុំកំពង់ប្រធាតុ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ មាន ប្រពន្ធឈ្មោះ សុខ ខេង ភេទស្រី អាយុ២០ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត នៅខេត្តកំពង់ចាមនាក់ទាំងពីរស្នាក់នៅផ្ទះក្នុងភូមិត្រពាំថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ នាក់ទាំងពីរបានរៀបមង្គលការអស់រយៈពេល៤ឆ្នាំមកហើយ តែមិនទាន់មានកូននោះនៅឡើយទេ។
បើតាមសម្តីស្រ្តីជាប្រពន្ធបានរៀបរាប់អោយដឹងថានៅមុនពេលកើតហេតុប្តីរបស់គាត់បានចេញទៅរត់ម៉ូតូឌុបជាធម្មតាដូចរាល់ថ្ងៃអញ្ចឹង។ លុះដល់ពេលល្ងាចប្តីបានត្រលប់មកផ្ទះជួលវិញក្នុងសភាពអស់កម្លាំង តែមិនបានចាប់ អារម្មណ៍អ្វីនោះទេ រួចក៏បាននាំគ្នាហូបបាយហើយក៏បាននាំគ្នាចូលសំរាក់ លុះដល់វេលា កើតហេតុគាត់បានភ្ញាក់ដឹងខ្លួនស្រាប់តែឃើញប្តីរបស់គាត់ដេកដកដង្ហើមធំៗក្នុងសភាពមិនសូវស្រួលក៏ប្រញាប់ប្រញាល់ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅគ្លីនិកឯកជន អង្គរ ខណះ ពេលដឹកទៅដល់ ពេទ្យបានត្រួតពិនិត្យហើយបាននាងប្រាប់បានស្លាប់បាត់ទៅហើយ ។ ដោយសារតែមិនហ៊ានដឹកទៅផ្ទះជួលវិញព្រោះខ្លាចគេមិនចូល ក៏ដឹកសពតាមម៉ូតូមកឈប់នៅមុខផ្សារព្រាំងខ្លឹង ដើម្បីទាក់ទង់ទៅកាន់រថយន្តដឹកសព។
ក្រោយពេលកើតហេតុសពបុរសខាងលើត្រូវបានសាច់ញាតិដឹកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តព្រៃវែងដែលជាស្រុកកំណើត៕ នូផាន់ណា