នំពេញ ៖ បុរសម្នាក់ ទោះជាមានប្រពន្ធកូនធំក្រមុំកំលោះអស់ទៅហើយ ក្រោយពីបានគ្នាជាប្តីប្រពន្ធរយៈពេល១២ឆ្នាំ បែជាលួចពង្រត់នាំស្រី ជាមិត្តភ័ក្ររួមការងារជាមួយប្រពន្ធ គេចទៅបាត់ ទុកឲ្យនាងរស់នៅមួយថ្ងៃកាត់មួយថ្ងៃកោ ឯកកា ទីបំផុតនាងជាប្រពន្ធដើមទាមទារយកម៉ូតូវិញ ប្តីខឹងស្ទុះវឹងវ៉ៃមួយដៃខៀវជាំភ្នែកម្ខាង រត់ទៅប្តឹងប៉ូលីសកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ សេ០៤ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ភាគីខាងប្តីមាន លី ថន អាយុ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលខាងលើ តែមិនជាប់លាប់ មានស្រុកកំណើត ភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រពន្ធមានឈ្មោះ ឃុត បូនី អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិឃុំជាមួយគ្នា ។ រៀបការអស់រយៈពេល១២ឆ្នាំមកហើយ មានកូន៣នាក់ ប្រុស១ ស្រី២នាក់ រស់នៅឯស្រុកកំណើត ។ រីឯប្រពន្ធក្រោយរបស់ប្តី ត្រូវជាអតីតមិត្តរួមការងារជាមួយគ្នា ហើយស្រ្តីជាប្រពន្ធដើមអះអាងថា មានឈ្មោះ គឹមលី អាយុ២៨ឆ្នាំ មានស្រុកកំណើត ឃុំ វិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
តាមការរៀបរាប់ពីភាគីប្រពន្ធដើម បានឲ្យដឹងថា ក្រោយពីបានគ្នាជាប្តីប្រពន្ធអស់រយៈពេល១២ឆ្នាំ មានកូន៣នាក់ រួចមក រហូតមកដល់៣ឆ្នាំចុងក្រោយនេះ បែជាលោកប្តី លួចបង្កាត់ភ្លើងស្នេហ៍ជាមួយ ស្រ្តីម្នាក់ខាងលើជាមិត្តភ័ក្ររួមការងារជាមួយខ្លួន នាំពង្រត់គ្នា ចាកចេញដល់ស្រុកថៃ ម្តងជាពីរដង ហើយនាំគ្នាទៅជួលផ្ទះនៅកន្លែងផ្សេង ធ្វើការរោងចក្រផ្សេង លាក់កំបាំងពីភ្នែកប្រពន្ធ មិនអស់ចិត្តមកយកខ្សែដៃ ទៅទៀត ក៏មិនថាអ្វីដែរ បើទៅហើយសូមកុំវិលវិញ មិនតែប៉ុណ្ណោះ យកលួងលោមប្រពន្ធដើម លួចយកម៉ូតូចេញទៅជាថ្មីទៀត សង្ងំដេកសោយសុខនៅគេហដ្ឋានស្រីចុងបាត់ ថ្ងៃខែបុណកយចូលឆ្នាំខ្មែរ ប្តីប្រពន្ធអស់គេ ឌុបគ្នាទៅស្រុកទៅទេស ឯប្តីខ្លួនឌុបស្រី ទៅសោយសុខបាត់ទុកឲ្យប្រពន្ធ ឡើងតាក់សុីជិះទៅស្រុក សូម្បីតែកូនរកមុខឪមិនឃើញផង រហូតដល់រសៀលថ្ងៃទី២៣ ខែមេសានេះ លោកប្តីវោលចូលបន្ទប់ជួលវិញ ស្នើសុំដកម៉ូតូទុកហើយ ឈប់យកទៅឌុបស្រី ខំខ្ចីលុយគេមកទិញ ខ្លួនឯងមិនបានជិះផង បែជាយកទៅឲ្យ ស្រីចុងជិះឌុបគ្នា ដូចទ្រព្យសឭខ្លួនឯង ក៏កើតជាទំនាស់ ទាស់សម្តីគ្នា ប្តីវ៉ៃមួយដៃ ខៀវជាំភ្នែកឆ្វេង ហែកបោះ ខោអាវ ឯកសារ មួយចំនួនចោលរាយពេញបន្ទប់ ទ្រាំងលែងបាន ប្តឹងប៉ូលីសហៅទៅនិយាគ្នានៅប៉ុស្តិ៍ចោនចៅ ។
តាមសម្តីភាគីខាងប្តីវិញ បានឲ្យដឹងថា ខ្លួនពិតជា មានទំនាស់ក្នុងគ្រួសារពិតប្រកដមែន ហើយមិនទាន់នាំគ្នាទៅស្រុក និយាយគ្នារឿងលែងលះ មិនទាន់ដាច់ស្រេចផង នៅរសៀលថ្ងៃទី២៣ នេះស្រ្តីជាប្រពន្ធ ខឹងជេរស្តី ប្រដេញខ្លួនឲ្យចេញ មិនឲ្យម៉ូតូជិះក៏កើតប្រតាយប្រតប់គ្នាមួយប្រ៉ាវ ។
តាមជំហរភាគីខាងប្រពន្ធ បានឲ្យដឹងថា ឈប់យកធ្វើជាប្តីទៀតហើយ ប្រុសធន់នេះ ស៊ូរទុកខ្លួនជាស្រីម៉េម៉ាយប្រសើរជានឿយចិត្ត ត្បិតកូនធំៗអស់ហើយ ក្រោយពីបង្កហឹង្សាដាក់គ្នាមួយប្រ៉ាវ មកបកតឹងប៉ូលីសរក្សាទុក រួចនាំគ្នាទៅស្រុក ដើម្បីឲ្យចាស់ទុំដឹងឮ កិច្ចសន្យាលែងលះគ្នា ៕