Sunday, September 8, 2024
Homeព័ត៌មានជាតិសព​លោក​បណ្ឌិត កែម ឡី ហែ​ទៅ​បញ្ចុះ ថ្ងៃទី​២៤ កក្កដា

សព​លោក​បណ្ឌិត កែម ឡី ហែ​ទៅ​បញ្ចុះ ថ្ងៃទី​២៤ កក្កដា

ភ្នំពេញ ៖ បន្ទាប់ពីបានផ្អាកគម្រោងហែ សពលោកបណ្ឌិតកែម ឡី ទៅបញ្ចុះនៅឯស្រុក កំណើតរបស់លោក កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នេះមក ក្រុមគ្រួសារសព រួមនិង គណៈកម្មការបុណ្យសពលោកកែម ឡី បានសម្រេច កំណត់កាលបរិច្ឆេទហែសពជាថ្មី ដោយយកថ្ងៃ អាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦ ជាថ្ងៃដង្ហែ សពលោកបណ្ឌិតកែម ឡី ចេញពីទីតម្កល់សព នៅវត្តពោធិយារាម ហៅវត្តចាស់ ឆ្ពោះទៅ ទឹកដីកំណើតរបស់សព ឯខេត្តតាកែវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការបុណ្យសពលោកបណ្ឌិតកែម ឡី ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ បានបញ្ជាក់ថា ពិធីដង្ហែសពលោក បណ្ឌិតកែម ឡី ទៅបញ្ចុះនៅឯស្រុកកំណើត របស់លោក ឯខេត្តតាកែវនោះ នឹងធ្វើឡើងនៅ វេលាម៉ោង៧ព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦។

Ley 001 (25)

សេចក្តីប្រកាសព័ត៌មានខាងលើ មាន ខ្លឹមសារទាំងស្រុងថា “សេចក្តីប្រកាសព័ត៌មាន ស្តីពីការដង្ហែសពលោកបណ្ឌិតកែម ឡី ទៅបញ្ចុះ នៅខេត្តតាកែវ។ ក្នុងនាមគណៈកម្មការរៀបចំ បុណ្យ និងក្រុមគ្រួសារសពលោកបណ្ឌិតកែម ឡី ខ្ញុំព្រះករុណាអាត្មាភាព យើងខ្ញុំមានកិត្តិយស សូមពិតប្រគេន និងជម្រាបជូនអ្នកសារព័ត៌មាន ឯកឧត្តម លោកជំទាវ អង្គទូត សាធារណជន អង្គការសង្គមស៊ីវិលជាតិអន្តរជាតិ ឱ្យបាន ជ្រាបថា គណៈកម្មការរៀបចំពិធីបុណ្យ និង គ្រួសារសព បានសម្រេចគ្នាធ្វើការដង្ហែសព លោកបណ្ឌិតកែម ឡី ដែលជាវីរជនក្នុងបេះដូង ខ្មែរ ទៅធ្វើការបញ្ចុះនៅគេហឋានរបស់លោកបណ្ឌិត ដែលស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាទីកន្លែងកំណើត របស់លោកបណ្ឌិត។

កម្មវិធីដង្ហែបុណ្យសព នឹងប្រព្រឹត្តទៅ ដូចខាងក្រោម ៖

កាលបរិច្ឆេទ ៖ ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦

ពេលវេលា ៖ ចាប់ផ្តើមម៉ោង៧ព្រឹក

ទីកន្លែង ៖ ចាប់ផ្តើមចេញពីវត្តពោធិយារាម ហៅវត្តចាស់ តាមបណ្តោយផ្លូវជាតិលេខ៣ ឆ្ពោះទៅខេត្តតាកែវ។

អាស្រ័យហេតុនេះ យើងខ្ញុំសូមជម្រាប ជូនព័ត៌មាន និងធ្វើការអញ្ជើញដល់បងប្អូនសាធារណជនជាតិអន្តរជាតិ មេត្តាចូលរួមក្នុង កម្មវិធីដង្ហែសពលោកបណ្ឌិតកែម ឡី ឱ្យបាន ច្រើនកុះករ ក្នុងការអមដំណើរសពលោកបណ្ឌិត ដែលបានលះបង់ជាច្រើនក្នុងការជួយដល់សង្គម ជាតិរបស់កម្ពុជា កន្លងមក”។

3

គួរបញ្ជាក់ថា កម្មវិធីបុណ្យសពលោកបណ្ឌិតកែម ឡី ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ ខណៈដែលដំបូងឡើយ មានព័ត៌មានថា សព លោកកែម ឡី នឹងសម្រេចបូជានៅវត្តពោធិយារាម ហៅវត្តចាស់ ដែលជាទីតាំងតម្កល់សព ធ្វើបុណ្យនោះ តែបន្ទាប់មក ក្រុមគ្រួសារបាន សម្រេចមូលមតិគ្នាជាឯកច្ឆន្ទធ្វើពិធីដង្ហែសព លោកបណ្ឌិតកែម ឡី ទៅបញ្ចុះនៅឯស្រុក កំណើតរបស់លោកវិញ ដោយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មការរៀបចំ បុណ្យសព និងក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី បានប្រកាសថា ពិធីដង្ហែសពលោក កែម ឡី ត្រូវធ្វើឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដោយត្រូវដង្ហែ ចេញពីទីតម្កល់សពនៅវត្តពោធិយារាម ហៅវត្ត ចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត របស់លោកបណ្ឌិតកែម ឡី ស្ថិតក្នុងភូមិអង្គ តាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៉ុន្តែគម្រោងដង្ហែសពលោកកែម ឡី នៅថ្ងៃទី ១៧ កក្កដា នោះ ត្រូវបានប្រកាសផ្អាកវិញ កាល ពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្រោម ហេតុផលចាំបាច់ ២យ៉ាង គឺទី១ ដោយសារតែ មានមហាជន ទាំងក្នុងនិងក្រៅប្រទេស បាន ស្នើសុំយ៉ាងទទូចឱ្យតម្កល់សពលោកកែម ឡី ក្នុងរយៈពេលយូរបន្តទៅទៀត និងទី២ ដោយ ផ្អែកលើស្ថានភាពសពមានសភាពល្អប្រសើរជាង មុន បន្ទាប់ពីមានការរំកិលដាក់តម្កល់នៅក្នុង មឈូសទឹកកក។

Ley 001 (10)

គួររំព្ញកថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករដៃឆៅម្នាក់បាញ់ប្រហារ២គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុក ឈាម កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច (ស្តុបបូកគោ) តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែលលោក កំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ ជនដៃដល់ជាខ្មាន់កាំភ្លើងឈ្មោះជួប សម្លាប់ ដែល បាញ់សម្លាប់លោកបណ្ឌិតកែម ឡី ចំនួន២គ្រាប់ ចំក្បាល១គ្រាប់ និងចំដើមដៃ ធ្លាយមកក្រោម ដោះខាងស្តាំ១គ្រាប់នោះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលកើតហេតុ រួចបានបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ “មនុស្សឃាតគិត ទុកជាមុន និងប្រើអាវុធដោយគ្មានការអនុញ្ញាត” រួចត្រូវបានសម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ យ៉ាងណា សមត្ថកិច្ចកំពុង បន្តស្រាវជ្រាវរកអ្នកនៅពីក្រោយអំពើឃាតកម្ម ដ៏សាហាវនេះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោស តាមច្បាប់៕

Ley 001 (8)

 

 

RELATED ARTICLES